នៅក្នុងបទសម្ភាសន៍ជាសំណួរ ចម្លើយ (Q&A) ជាមួយ Newsroom Cambodia កាលពីពេលថ្ងៃៗនេះ លោកស៊ឹង សែនករុណា មន្ដ្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យសមាគមអាដហុក បាននិយាយអំពីការគំរាមកំហែង ការបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋ និងការចាប់សកម្មជនការពារបរិស្ថានក្នុងឆ្នាំ ២០២១។ លោកស៊ឹង សែនករុណាបានលើកឡើងចំណុចសំខាន់ៗមួយចំនួនដើម្បីធ្វើឲ្យការអនុវត្ដសិទ្ធិមនុស្សមានលក្ខណៈល្អប្រសើរផងដែរនៅកម្ពុជា។

Q: តើលោកករុណា មើលឃើញថាកម្ពុជាអនុវត្តសិទ្ធិមនុស្សបានកម្រិតណាហើយ?

A: និយាយទៅ ខ្ញុំយល់ថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទាក់ទងនឹង សិទ្ធិពលរដ្ឋ និងនយោបាយ សិទ្ធិដីធ្លី និងបញ្ហាបរិស្ថានគឺជាបញ្ហាប្រឈម។ ជាក់ស្ដែង យើងមើលឃើញថា ប្រជាពលរដ្ឋបានទទួលរងនូវការគំរាមកំហែងដីធ្លី ការបាត់បង់ដីធ្លី ការចាប់សកម្មជនការពារបរិស្ថានជាដើមកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញបានចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងកុមារ និងមាត្រា៣៥ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។

ប៉ុន្ដែការរំលោភសិទ្ធិពលរដ្ឋ និងនយោបាយនៅតែកើតមានឡើងដដែល ចំណែកសិទ្ធិសិល្បៈវិញ ដូចជាមិនមានការរឹត្បិតអ្វីនោះទេ។

Q: តើក្នុងបរិបទការរីករាតត្បាតនៃជំងឺកូវីដ-១៩ ប្រទេសកម្ពុជាមានការគៀបសង្កត់សិទ្ធិមនុស្សដែរ ឬទេ?

A: ពិតប្រាកដណាស់ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជាពិតជាមានការគៀបសង្កត់សិទ្ធិមនុស្ស ដូចជា សិទ្ធិក្នុងការជួបជុំ ការប្រមូលផ្ដុំ ការបង្កើតសមាគម គឺត្រូវបានយកច្បាប់មកអនុវត្ដក្នុងបរិការណ៍នេះ ដែលប្រជាពលរដ្ឋត្រូវនៅដាច់ដោយឡែកពីគ្នា ដែលជាលេសមួយក្នុងការ គៀបសង្កត់ ឬរារាំងប្រជាពលរដ្ឋកុំឲ្យមានការជួបជុំ ជជែកពិភាក្សាគ្នាបានងាយស្រួល។

Q: តើកម្ពុជាគួរមានវិធានការបែបណា ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការអនុវត្តសិទ្ធិមនុស្សឲ្យមានលក្ខណៈល្អប្រសើរ?

A: ខ្ញុំយល់ឃើញថា មានបីចំណុចសំខាន់ៗ ដើម្បីធ្វើឲ្យការអនុវត្ដសិទ្ធិមនុស្សមានលក្ខណៈល្អប្រសើរគឺ ទីមួយ ការបង្កើតច្បាប់ ត្រូវតែការការពារនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាចាំបាច់។ ទីពីរ ការពនិត្យច្បាប់ ត្រូវមានការពិនិត្យនូវខ្លឹមសារច្បាប់ ការកែប្រែ និងវិសោធនកម្មមាត្រាណាដែលរារាំង ឬគំរាមកំហែងដល់ការអនុវត្តសិទ្ធិមនុស្ស និងទីបី ការអនុវត្តច្បាប់ ដាច់ខាតនៅពេលបង្កើតច្បាប់មកហើយ ត្រូវពិនិត្យឲ្យបានល្អិតល្អន់ និងចុងក្រោយគឺ តាមដាន ឃ្លាំមើលការអនុវត្ដច្បាប់ទៅលើមន្ដ្រីមានសមត្ថកិច្ច។