លោកប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បាននិយាយថាប្រជាធិបតេយ្យគឺជាប្រព័ន្ធ ឬក៏របបនយោបាយដែលផ្តល់សិទ្ធិអំណាចឱ្យប្រជាពលរដ្ឋជាធំមានអំណាចក្នុងដៃដើម្បីជ្រើសរើសតំណាងរបស់ខ្លួន ហើយលទ្ធិប្រជាធិបតេយ្យនេះក៏បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូររបបនយោបាយសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី បើកឱកាសឱ្យប្រទេសអាចរកស៊ីជួញដូរជាមួយប្រទេសផ្សេងៗផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាសំណួរ ចំលើយ (Q&A) ជាមួយលោកញឹក ឆន្នី សិក្ខាកាមនៃ Newsroom Cambodia លោកប៉ា ចាន់រឿនបានបន្តថាស្ថានភាពប្រជាធិបតេយ្យបាន «ដាំក្បាលធ្លាក់ចុះគួរឱ្យព្រួយបារម្ភ» ក្នុងមួយរយៈពេលចុងក្រោយនេះ ជាពិសេសមកលើវិស័យសារព័ត៍មាន។
លោកញឹក ឆន្នី៖ ជម្រាបសួរលោក ប៉ា ចាន់រឿន
លោកប៉ា ចាន់រឿន៖ បាទ ជម្រាបសួរ
លោកញឹក ឆន្នី៖ ជាដំបូងខ្ញុំសុំសួរលោកថា តើអ្វីទៅជាប្រជាធិបតេយ្យ?
ប៉ា ចាន់រឿន៖ ប្រជាធិបតេយ្យវាមាននិយមន័យច្រើនប៉ុន្តែបើយើងនិយាយជារួមថា ប្រជាធិបតេយ្យហ្នឹងគឺសំដៅទៅលើប្រព័ន្ធ ឬក៏របបនយោបាយដែលផ្តល់សិទ្ធិអំណាចឱ្យប្រជាពលរដ្ឋជាធំអំណាចស្ថិតនៅក្នុងដៃរបស់ប្រជាពលរដ្ឋៗរួមគ្នាជ្រើសរើសតំណាងរបស់ខ្លួនទាំងតំណាងរាស្ត្រ និងតំណាងអ្នកដឹកនាំកំពូលដើម្បីយកមកធ្វើកិច្ចការងារចំពោះពួកគាត់ទាំងនៅក្នុងការសម្រេចចិត្តទាំងការអនុវត្ត និងការងារដទៃនៅក្នុងសង្គម យើងអាចសង្ខេបជារួមមកប្រជាធិបតេយ្យគឺជាប្រព័ន្ធនយោបាយដែលធ្វើដើម្បីប្រជាពលរដ្ឋ និងជារបបនយោបាយដែលមានអ្នកដឹកនាំដែលជ្រើសតាងដោយប្រជាពលរដ្ឋផ្តល់តែម្តង ។
លោក ញឹក ឆន្នី៖ តើប្រជាធិបតេយ្យចូលមកនៅក្នុងប្រទេសកម្ពុជាយើងតាំងពីពេលណា និងដោយរបៀបណាដែរ?
លោក ប៉ា ចាន់រឿន៖ ប្រសិនបើយើងក្រឡេកមើលប្រវត្តិសាស្ត្រតែបន្តិច ប្រជាធិបតេយ្យបានកកើតនៅក្នុងប្រទេសកម្ពុជាយើងនៅក្នុងទសវត្សឆ្នាំ១៩៤០ ជាពិសេសគឺតាមបញ្ញវ័ន្តខ្មែរនៅក្នុងប្រទេសបារាំងនៅពេលនោះសាធារណជនទទួលស្គាល់តាមរយៈព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុទ្ធវង្ស ដែលលោកក៏បានបើកគណបក្សនៅក្នុងទសវត្ស ១៩៤០ គឺគណបក្សប្រជាធិបតេយ្យ ហើយក៏មានការរីកដុះដាល់ជាបន្តបន្ទាប់ជាហូហែរហូតដល់កម្ពុជាយើងទទួលបានឯករាជ្យពីប្រទេសបារាំង។
លទ្ធិប្រជាធិបតេយ្យក៏មានទម្រង់មានរូបភាពកាន់តែច្បាស់លាស់ និងមានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់មានការធ្វើរដ្ឋប្រហារកាលដែលប្រទេសធ្លាក់ចូលនៅក្នុងសង្គ្រាមវៀតណាម អាមេរិក បានទាញទម្លាក់ខ្មែរយើងឱ្យធ្លាក់ក្នុងការអន្តរាយរហូតដល់មានសង្ក្រាមស៊ីវិល គឺការកើតឡើងនៃរបបខ្មែរក្រហម ឬរបប ប៉ុល ពត។
ប្រជាធិបតេយ្យទី២ គឺតាមរយៈកិច្ចព្រមព្រៀងទីក្រុងបារីស២៣ តុលា ឆ្នាំ១៩៩១ ដែលបានបញ្ចប់សង្គ្រាមនៅកម្ពុជានៅតែមួយទេដែលជាសង្គ្រាមរវាងខ្មែរ និងខ្មែរជាសង្គ្រាមខ្ចីដៃ ឬក៏ជាសង្គ្រាមអាយ៉ង របបបរទេសនៅស្រុកខ្មែរយើង ជាពិសេសគឺរវាងចិន និងវៀតណាមសព្វថ្ងៃ ហើយតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការរៀបចំបោះឆ្នោតដោយសេរីទូទៅនៅឆ្នាំ ១៩៩៣ បានបង្កើតជារដ្ឋធម្មនុញ្ញ ៩៣ រដ្ឋាភិបាលបានបង្កើតឱ្យព្រះរាជាណាចក្រទីពីរ ហើយក៏មានការវិវត្តិរហូតមកដល់សព្វថ្ងៃនេះ ។
លោកញឹក ឆន្នី៖ តើប្រជាធិបតេយ្យបានរួមចំណែកនៅក្នុងវឌ្ឍនភាពរបស់សង្គមកម្ពុជាដោយរបៀបណា?
លោក ប៉ា ចាន់រឿន៖ ជាការពិតប្រវត្តិសាស្ត្របានបង្ហាញឱ្យយើងឃើញហើយថាប្រទេសកម្ពុជាយើងឆ្លងកាត់ក៏ដូចជាសាកល្បងនៅនយោបាយជាច្រើន ហើយអតីតកាលក៏បានបង្ហាញយើងដែរការឆ្លងកាត់របបនយោបាយខ្លះធ្វើឱ្យប្រទេសជាតិធ្លាក់នៅក្នុងសង្គ្រាមភាពវឹកវរ រហូតដល់មានការកាប់សម្លាប់ជនជាតិឯង រាប់លាននាក់ ទន្ទឹមគ្នានេះដែរ យើងឃើញថាមានតែរបបនយោបាយបែបប្រជាធិបតេយ្យទេ ដែលបានធ្វើឱ្យខ្មែរយើងមានភាពសុខដុមរម្យនាមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើន។
អ្នកនយោបាយខ្មែរ អាចរៀនរស់ជាមួយគ្នានិយាយគ្នាអាចធ្វើការជាមួយគ្នាប្រកបទៅដោយសុខដុមរម្យនាទោះបីជាប្រព័ន្ធនយោបាយវាមានចំណុចខ្វះខាតខ្លះ ហើយភាពអសកម្មមួយចំនួនមាននៅក្នុងប្រជាធិបតេយ្យប៉ុន្តែវាគឺជាប្រព័ន្ធមួយដែលរបបនយោបាយ ដែលមានបញ្ហាតិចជាងគេហើយក៏ជាប្រព័ន្ធនយោបាយដែលអាចជួយផ្សះផ្សាដំបៅនយោបាយអរិភាពរបស់ខ្មែរយើងរវាងអ្នកនយោបាយ និងអ្នកនយោបាយនិងគាំទ្រនយោបាយផ្សេងគ្នា។
លទ្ធិប្រជាធិបតេយ្យបានធ្វើឲ្យកម្ពុជាយើងផ្លាស់ប្តូររបបនយោបាយសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី ដែលបានបើកឱកាសឲ្យប្រទេសកម្ពុជាអាចរកស៊ីជួញដូរជាមួយប្រទេសជិតខាង។
ប្រទេសមួយចំនួនទៀតនៅក្នុងពិភពលោកជាពិសេសសហភាពអឺរ៉ុប សហរដ្ឋអាមេរិកដែលជាទីផ្សារធំៗនៅក្នុងពិភពលោកដែលធ្វើឱ្យប្រជាពលរដ្ឋយើងទទួលបានចំណូល និងអត្ថប្រយោជន៍ជាច្រើនពីការអនុវត្តសេដ្ឋកិច្ចទីផ្សារ ជាលទ្ធផលស្រុកទេសយើង ៣០ឆ្នាំក្រោមព្រមព្រៀងទីក្រុងបារីស មានការបោះឆ្នោតឆ្នាំ ៩៣ដែលនាំមកនៅលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លទ្ធិប្រជាធិបតេយ្យបានធ្វើឱ្យស្រុកយើងមានការរីកចម្រើនស្ទើរគ្រប់វិស័យទាំងរូបវន្ត និងទាំងស្មារតីនៅក្នុងសង្គមប្រជាជន យើងបានចាកផុតពីភាពក្រីក្រភាព សុខសន្តិភាព ចម្បាំងរាំងជលក៏កាត់បន្ថយទោះបីជាមានបញ្ហារង្គោះរង្គើរផ្នែកនយោបាយខ្លះក្តី ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពមួយខ្មែរនៅអាចនិយាយបាននៅមានឱកាសនិយាយគ្នាកើតអាចរូបរួមគ្នាជាកម្លាំងនៅក្នុងការកសាងជាតិទៅមុខទៀតបាន។
លោកញឹក ឆន្នី៖ តើប្រជាធិបតេយ្យអាចជួយប្រជាពលរដ្ឋបានកម្រិតណាដែរ?
លោកប៉ា ចាន់រឿន៖ បើយើងមើលអំពីប្រជាពលរដ្ឋយើងឃើញថាប្រជាពលរដ្ឋខ្មែរឱ្យតម្លៃហើយទទួលស្គាល់អំពីសារសំខាន់នៃលទ្ធិប្រជាធិបតេយ្យទាំងផ្តល់ឱកាសឱ្យពួកគាត់មានឱកាសចូលរួមនៅក្នុងកិច្ចការងារសង្គមគ្រប់វិស័យនាំមកនៅសុខសន្តិភាព ដូច្នេះយើងឃើញថាប្រជាពលរបស់យើងប៉ែតសិបភាគរយឡើងបានចូលរួមបោះឆ្នោតដើម្បីសម្តែងនៅឆន្ទៈរបស់ពួកគាត់នៅក្នុងការជ្រើសរើសមេដឹកនាំ។
ប៉ុន្តែផ្ទុយទៅវិញដំណើរការប្រជាធិបតេយ្យរបស់យើងនៅក្នុងចរន្តនយោបាយជាពិសេសនៅក្រោយការរំលាយគណបក្សសង្គ្រោះជាតិដែលមានទំទាស់ខ្លាំងជាងគេតាងពីឆ្នាំ ២០១៧មក ដំណើរប្រជាប្រជាធិបតេយ្យនៅស្រុកយើងមានការថយចុះដែលសហគមន៍អន្តរជាតិជាច្រើនបានសំដែងនៅការព្រួយបារម្ភ មានទាំងការចេញសេចក្តីថ្លែងការទាំងរបាយការណ៍ ថ្លែងសារផ្ទាល់នៅក្នុងពិធីជាច្រើន។
ដូចជាថ្មីៗនេះកម្មវិធីគម្រប់ខួបទី ៣០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលសហគមអន្តរជាតិគេឱ្យឈ្មោះថាថ្ងៃកំណើតនៃរបបប្រជាធិបតេយ្យកម្ពុជា ហើយសហគមអន្តរជាតិជាច្រើនបានសម្តែងនៅការបារម្ភអំពីការរំលោភបំពានសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃដំណើរប្រជាធិបតេយ្យនៅកម្ពុជាអាចប៉ះពាល់សុខសន្តិភាពនិងការវិវត្តិដែលកម្ពុជា និងភាគីដទៃទៀតដែលបានជួយប្រជាពលរដ្ឋខ្មែរយើងអភិវឌ្ឍស្រុកក្នុងរយៈពេលជាងម៉្ភៃឆ្នាំកន្លងមកនេះ។
លោកញឹម ឆន្នី៖ នៅប៉ុន្មានឆ្នាំខាងមុខទៀត តើប្រជាធិបតេយ្យនឹងមានការរីកចម្រើនហើយប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងនិយាយស្តីដែរ ឬទេ?
លោកប៉ា ចាន់រឿន៖ ស្ថានភាពប្រជាធិបតេយ្យនៅស្រុកយើង វាអាស្រ័យលើស្ថានភាពនយោបាយៗប្រេះឆាគ្នា ជំលោះគ្នាវាកាន់តែរីករាលដាលទៅដល់កម្រិតមួយកាន់តែធ្ងន់ធ្ងរ ស្ថានភាពប្រជាធិបតេយ្យយើងក៏ដាំក្បាលធ្លាក់ចុះគួរឱ្យព្រួយបារម្ភ នៅពេលដែលប្រជាធិបតេយ្យធ្លាក់ចុះ ការរឹតត្បិតផ្នែកសិទ្ធិសេរីភាព ជាពិសេសការសារព័ត៌មានក៏នឹងត្រូវរងសំពាធ ការគាបសង្កតទាំងអ្នកសារព័ត៌មាន ទាំងប្រជាពលរដ្ឋទូទៅនោះ ពិបាក ឬក៏អាចប្រឈមមុខការធ្វើទុកបុកម្នេញតាំងពីការសំឡុតគំរាម និងចាប់ដាក់គុក៕