នាពេលរដូវប្រាំងបានរសាត់បាត់ទៅ រដូវភ្លៀងធ្លាក់ក៏ចូលមកដល់ ហើយមនុស្ស ម្នាជាច្រើនដែលរស់នៅកណ្ដាលរាជធានីភ្នំពេញបានកំពុងសម្រាន្តលក់លង់ក្នុងដំណេកយ៉ាងសុខស្រួលអមជាមួយនឹងសូរសម្លេងយ៉ាងពិរោះរណ្ដំនៃតំណក់ទឹកភ្លៀង។
ប៉ុន្តែសម្រាប់គ្រួសារអ្នកស្រីឈួន ពៅ ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង មានផ្ទះកម្ពស់ ២ម៉ែត្រពីដី ជាមួយនឹងដំបូល និងជញ្ជាំងប្រក់ពីស័ង្កសី ដែលពោរពេញទៅ ដោយច្រែះ និងមានបន្ទប់ក្រោមដី បែរជាមានភាពសោកសង្រេងរកនឹកអ្វីមិនចេញ ក្រៅពីបន់ស្រន់ឱ្យរដូវមួយនេះរលត់ទៅវិញឆាប់ៗ។
អ្នកស្រីឈួន ពៅ បាននិយាយទាំងអួលដើមកថា៖ «ពេលភ្លៀងឮសំឡេងខ្លាំងភ័យចង់ងាប់ហើយ។លិចក្រោមផ្ទះលិចពេលភ្លៀងម្ដងៗ ជូតឱ្យស្ងួតទៅនាំគ្នាគេង ធ្វើមិចយើងនៅហ្នឹងហើយ»។
ធ្វើដំណើរចេញពីរង្វង់មូលវត្តភ្នំ ប្រមាណជាង ២គីឡូម៉ែត្រតាមបណ្ដោយផ្លូវរថភ្លើង ឆ្ពោះទៅកាន់ទិសបស្ចិមអគារពាណិជ្ជកម្មខ្ពស់ៗបាននឹងកំពុងរីកលូតលាស់ឡើងនៅតាមដងវិថី ក្រោមគម្រោងអភិវឌ្ឍតំបន់បឹងកក់ ប៉ុន្តែក្រឡែកភ្នែកមើលទៅកាន់ជុំវិញនោះ យើងនឹងឃើញសំណង់ផ្ទះប្រជាពលរដ្ឋមានកម្ពស់ជាមធ្យម ២ម៉ែត្រពីដី ភាគច្រើនដំបូលប្រក់ដោយស័ង្កសីចាស់ៗ និងច្រែះកាន់ ហើយពលរដ្ឋរស់នៅទីនោះភាគច្រើន ជាអ្នកប្រកបរបររើសអេតចាយ រត់ម៉ូតូឌុប និងលក់ដូរជាដើម។
អ្នកស្រីឈួន ពៅ ជាអ្នកលក់ឥវ៉ាន់ចាប់ហួយតាមបណ្ដោយផ្លូវរថភ្លើងក្នុងភូមិ ១៧ សង្កាត់បឹងកក់២ និងមានកូនស្រីចំនួន ពីរនាក់កំពុងសិក្សានៅសកលវិទ្យាល័យ បានមាន ប្រសាសន៍ថា អ្នកស្រីមិនចង់ចាកចេញទៅរស់នៅក្រៅរាជធានីភ្នំពេញ ដែលឆ្ងាយពី សាលាកូនស្រីកំពុងរៀនឡើយ។
ស្វាមីជាអ្នករត់ម៉ូតូឌុប និងមានផ្ទះទទឹង ៤ម៉ែត្រកន្លះ បណ្ដោយ៥ម៉ែត្រ រស់នៅតាម បណ្ដោយផ្លូវរថភ្លើងតាំងពីដើមឆ្នាំ១៩៨០មក អ្នកស្រីពៅ និយាយថា ដោយសម្លឹងឃើញ ផ្ទះកំពុងរស់នៅ តាមជើងសសរមានកណ្ដៀរកកេរឡើងសុស និងដំបូល រួមទាំងជញ្ជាំង ប្រក់ស័ង្កសីដែលពោរពេញទៅដោយច្រែះ ហើយតែងប៉ើងចេញអំឡុងពេលមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់ម្ដងៗ ជុំរុញឱ្យអ្នកស្រី មានបំណងក្នុងការខ្ចីប្រាក់ពីធនាគារដើម្បី ជួសជុលផ្ទះឱ្យមាំទាំជាងនេះ ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតឡើយ។
អ្នកស្រីនិយាយថា៖ «ព្រោះអីយើង១២ម៉ែត្រ[ក្នុងគម្រោងអភិវឌ្ឍ]ប្លង់ក៏គេអត់ធ្វើឱ្យ លុយធនាគារក៏គេអត់ឱ្យយកដែរ ធនាគារគេអត់ហ៊ានអោយទេ»។
ដោយរកប្រាក់កម្រៃបានត្រឹមចន្លោះពី៧ ទៅ៨ពាន់រៀលក្នុងមួយថ្ងៃ ស្រ្តីវ័យ ៥៤ឆ្នាំរូបនេះ បានទទូចស្នើសុំឱ្យមានសំណងសមរម្យណាមួយដែលអាចទទួលយក ដោយក្ដីសង្ឃឹមថានឹងមានជីវភាពប្រសើរជាងនេះនាពេលចាកចេញទៅរស់នៅកន្លែងថ្មី។
អ្នកស្រី និយាយថា៖ «ស្នើសុំដីនៅវត្តទួលអស់លោក ឬដីក្នុងខណ្ឌទួលគោក។ អត់បានដីសូមសំណងតាមទីផ្សារ»។
បើតាមប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថានៅ ចុងឆ្នាំ២០១៨ អាជ្ញាធរបានជូនដំណឹងទៅកាន់ពួកគេឱ្យត្រៀមខ្លួនកាត់ចិត្តក្នុងការចាកចេញពីទីលំនៅបច្ចុប្បន្ន ក្នុងរយៈពេលត្រឹម ១ខែខាងមុខ និងពុំមានការផ្ដល់សំណងណាមួយឡើយ ដោយលើកឡើងថា ដីនេះជាដីសាធារណៈរបស់រដ្ឋ ហើយសាលាក្រុងមានគម្រោង ពង្រីកផ្លូវបេតុងចំនួន ១២ម៉ែត្រកន្លះអមតាមបណ្ដោយផ្លូវរថភ្លើង និងអាងស្តុកទឹកខណ្ឌទួលគោក។
លោកកូវ សារ៉ុន ដែលជាតំណាងពលរដ្ឋក្នុងភូមិ១៧ បានមានប្រសាសន៍ថា ពលរដ្ឋរស់នៅក្នុងភូមិនេះចំនួន ២៥គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍ បានស្នើសុំអាជ្ញាធរដោះដូរដីនៅក្រោយវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ឬដីក្នុងខណ្ឌទួលគោក ខណៈអាជ្ញាធរបានផ្ដល់ដីនៅតំបន់ 7NG នាខេត្តកណ្ដាល។
លោក សារ៉ុន បាននិយាយថា៖ «យើងអត់អាចនៅដល់ដី 7NG ៣០គីឡូពីភ្នំពេញ យើងអត់អាចឱ្យកូនមានលទ្ធភាពរៀននៅភ្នំពេញទេ»។
បើតាមលោកសារ៉ុន ប្រជាពលរដ្ឋបានដាក់ញតិ្តទៅសាលាក្រុងចំនួន ៧លើករួចមកហើយ ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយណាមួយនៅឡើយ។
លោកបាននិយាយថា៖ «យើងមិនអាចមានលទ្ធភាពឱ្យកូនរៀនទេបើយើងនៅនោះ[តំបន់7NG]យើងមកជួលផ្ទះនៅភ្នំពេញដដែល ចឹងវាធ្វើឱ្យជីវភាពលំបាកដដែលទេ។ យើងមិន អាចចាកចេញពីទីក្រុងបានទេដោយសារតែកូនៗ ត្រូវការសិក្សា»។
បុរសរត់ម៉ូតូឌុបវ័យ ៤២ឆ្នាំ និងមានកូន៥នាក់ក្នុងបន្ទុករូបនេះ ផ្ទះជាប់ផ្លូវរថភ្លើង មានទទឹង៣ម៉ែត្រ និងបណ្ដោយ ៨ម៉ែត្រ លោកសារ៉ុន បាននិយាយថា ផ្ទះលោកនឹងត្រូវក្លាយជាចំណីផ្លូវតែម្ដងក្រោយការអភិវឌ្ឍ។
លោក បាននិយាយថា៖ «ផ្ទះខ្លះ៣ម៉ែត្រ ៤ម៉ែត្រ តូចធំ អត់ដូចគ្នាទេ សម្រាប់បងប្អូន មានផ្ទះវែងគេកាត់ហើយ ទទួលបានប្លង់។ តែសម្រាប់បងប្អូនមានផ្ទះខ្លីគេកាត់មិចកើត រង្វង់១២ម៉ែត្រកន្លះវាត្រូវអស់ហើយ កាត់អស់អត់ទទួលបានសំណងយើង កាត់ទទេៗ មិចកើត»។
លោកម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបដិសេដសំណួរ ទាក់ទិនទៅនឹង ថាតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលរងផល ប៉ះពាល់ពីគម្រោង អភិវឌ្ឍបេតុងជាង១២ម៉ែត្រ និងអាងស្តុកទឹកខណ្ឌទួលគោកនេះ ហើយគម្រោងនេះនឹង ត្រូវចាប់ផ្ដើមអភិវឌ្ឍនៅពេលណា?
លោក មាសភក្ដី បាននិយាយថា៖ «ខ្ញុំអត់ទាន់ជូនដំណឹងបានទេ ខ្ញុំអត់ដឹងដែរ»។
ទោះជាយ៉ាងណា គម្រោងអភិវឌ្ឍពង្រីកផ្លូវបេតុងនិងអាងស្តុកទុកទឹក ត្រូវបានគេដឹងថា មានសហគមន៍ចំនួន៤ដែលរងផលប៉ះពាល់រួមមាន សហគមន៍អភិវឌ្ឍន៍ថ្មី សហគមន៍ភូមិ១៧ សហគមន៍ភូមិ២៣ ស្ថិតក្នុងខណ្ឌទួលគោក និងសហគមន៍ភូមិ២ ក្នុងខណ្ឌដូនពេញ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា អាជ្ញាធរពុំមានលទ្ធភាពក្នុងការ ផ្ដល់សំណងលើសពីអ្វីដែលបានជំរាបជូនឡើយ ហើយនេះក៏ដោយសារតែប្រជាពលរដ្ឋ ទាំងនោះរស់នៅលើដីសាធារណរបស់រដ្ឋផងដែរ។
លោកមាស ភក្ដី បាននិយាយថា៖ «កាលដែលយើងមានគោលនយោបាយជូនគាត់ គឺដោយសារយើងចង់ឱ្យគាត់មានកម្មសិទ្ធិខ្លួនឯងស្របច្បាប់។ កម្មសិទ្ធិដែលជាទីតាំង ដីយើង[7NG]ដោះស្រាយជូនគាត់។ មានជាដីស្របច្បាប់គាត់អាចមានសិទ្ធិសាងសង់ សំណង់ស្របច្បាប់ ធ្វើអីៗស្របតាមបទដ្ឋានផ្សេងៗដែលគាត់ចង់ធ្វើ»។
ក្នុងឱកាស «ទិវាសិទ្ធិលំនៅឋានពិភពលោកឆ្នាំ២០២១» ក្រុមសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ ដូចជា បណ្ដាញផ្លូវរថភ្លើង បណ្ដាញប្រឡាយ បណ្ដាញបឹង និងបណ្ដាញផ្សេងទៀត កាលពីថ្ងៃទី៣ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើដល់រដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពន្លឿនការអភិវឌ្ឍនិងផ្តល់ដំណោះស្រាយជូនពួកគេឱ្យបានឆាប់ ខណៈពួកគេរកអន្តរាគមន៍ឱ្យដោះស្រាយជាច្រើនឆ្នាំ ប៉ុន្តែមិនមានលទ្ធផល។
លោកអំ សំអាត នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថាអាជ្ញាធរគួររកទីតាំងដីដែលដោះដូរនៅជិតជាងតំបន់7NG ក្នុងខេត្តកណ្ដាល ដើម្បីឱ្យ ប្រជាពលរដ្ឋអាចទទួលបាន។ លោកមានក្ដីបារម្ភថា ប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយផ្លូវរថភ្លើងគ្មានប្លង់កម្មសិទ្ធិនេះ អាចនឹងរងនូវការបណ្ដេញចេញដោយបង្ខំ ប្រសិនបើនៅតែពុំអាចស្វែងរកដំណោះស្រាយបាន មុនពេលគម្រោងចាប់ផ្ដើមអភិវឌ្ឍ។
លោកអំ សំអាត៖ «ចុងបញ្ចប់គឺការបណ្ដេញចេញ ទីតាំងផ្សេងដែលរងផលប៉ះពាល់ ពីការអភិវឌ្ឍគឺរងការបណ្ដេញចេញចឹង អ្នកដែលអត់មានបណ្ណកម្មសិទ្ធិ។ វាបង្ហាញពី សកម្មមួយដែលបង្ហាញពីការរំលោភបំពានសិទ្ធិមនុស្សទៀត»។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ អង្គការលីកាដូ បានចេញផ្សាយ របាយការណ៍មួយថា រយៈពេលពីរឆ្នាំចុងក្រោយ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការសិទ្ធិមនុស្សមួយនេះ បានរកឃើញ ប្រជាពលរដ្ឋជាង៥០០០ គ្រួសារ រងនូវការរំលោភបំពានដីធ្លី និងលំនៅដ្ឋាន។
របាយការណ៍ដដែលបន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លី ចំនួន ២១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមាន ១០នាក់កំពុងជាប់ពន្ធនាគារផងដែរ។
សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍ មានក្ដីកង្វល់ថា ការផ្លាស់ប្ដូរទី លំនៅដែលឆ្ងាយពីរាជធានីភ្នំពេញ ជាកត្តាប្រឈមមួយក្នុងការប្រកបរបរ ចិញ្ចឹមជីវិត របស់ពួកគេ។
អ្នកស្រីឈួន ពៅ ៖ «ពួកខ្ញុំសំណូមពរថាអត់ទៅនុងទេបើយើងទៅឱ្យបានជីវភាពធូរធា។ មិនធូរធាវាទៅជាយ៉ាប់យ៉ឺនវិញឱ្យទៅនៅយ៉ាងមិចដោះដូរគ្នាពីយ៉ាប់ទៅធូរធាតិច មិនធូរធាទៅជាយ៉ាប់លើសដើម»៕