ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកញ្ចប់ថវិកាចំនួន៦២,៩លានដុល្លារ ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផល បសុសត្វ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថាគម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ (GMS) នឹងផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់យ៉ាងហោចណាស់ ៤០.០០០គ្រួសារ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្ដរមានជ័យ ព្រៃវែង សៀមរាមនិងតាកែវ តាមរយ:ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាព បច្ចេកទេស និងគោលនយោបាយសំខាន់ៗ។គម្រោងនេះនឹងលើកកម្ពស់ផលិតភាពនិងភាពធន់នៃអនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពស៊ាំនឹងថ្នាំសំលាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្ដល់សេវា ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញសហប្រតិបត្ដិការអនុតំបន់មេគង្គ។
ADB បានបញ្ជាក់ជំនួយនេះនឹងលើកកម្ពស់ផលិតកម្មបសុសត្វបត់បែនតាមអាកាសធាតុ និងតម្រង់ទិសប្រព័ន្ធបសុសត្វឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ព្រមទាំងកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនក្នុងមួយតោននៃសាច់ដែលផលិត ធ្វើអោយប្រសើរឡើងនូវនិរន្តរភាពតាមខ្សែសង្វាក់តម្លៃបសុសត្វ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តាឡើងវិញពីកូវីដ១៩។
អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha ដោយនិយាយថា អនុវិស័យបសុសត្វមានសារ:សំខាន់ណាស់ចំពោះជីវភាពរស់នៅតាមតំបន់ជនបទ ប្រកបដោយនិរន្ដរភាព និងសន្ដិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ហើយវាផ្ដល់ឱកាសជាច្រើនសម្រាប់កសិករលក្ខណ:គ្រួសារ រួមទាំងស្រ្ដី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។
លោកបន្តថា៖ «សត្វពាហន:និងក្របី ស្ទើរតែទាំងអស់គឺជាកម្មសិទ្ធិរបស់លសិករលក្ខណ:គ្រួសារ ទោះជាផលិតកម្មជ្រូក និងបសុបក្សីកំពុងមានលក្ខណ:ពាណិជ្ជកម្មកាន់តែខ្លាំងឡើងក៏ដោយ។ជំនួយរបស់ ADBនឹងអនុញ្ញាតឱ្យអនុវិស័យនេះអាចទាញយកសក្ដានុពលនៃកំណើនខ្ពស់ នាំមកដោយការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុកដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ»។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ADBនេះ គឺធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងផ្តល់ប្រាក់កម្ចីចំនួន ៤៣ លានដុល្លារដល់គម្រោងនេះ គឺស្របតាមផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រភាពជាដៃគូរ ប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣៕