អង្គភាពប្រឆាំងអំពើពុករលួយ បានចេញប្រកាសទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ សរុបចំនួន ២២,១០៤ ច្បាប់គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើរពុករលួយថា ក្នុងថ្ងៃអង្គារ ទី២៤ ខែមករា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន២៣៤ច្បាប់ ហើយនាយកដ្ឋាននេះ ទទួលឯកសារប្រកាស ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។
សេចក្តីជូនដំណឹងបានបង្ហាញថា ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួនរួមមានក្រសួង-ស្ថាប័ន ចំនួន១២គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរសវនកម្មជាតិ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរ៉ែនិងថាមពល។
សេចក្តីជូនដំណឹងបានបន្ថែមថា រាជធានី-ខេត្ត ចំនួន១២គឺខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកែប ខេត្តក្រចេះ ខេត្តបន្ទាយមានជ័យ ខេត្តរតនគិរី ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពង់ធំ៕