គណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៣ ខែមករានេះ បានទៅផ្សព្វផ្សាយគោលនយោបាយទាំង៩ចំណុចរបស់ខ្លួនដល់ពលរដ្ឋនៅខេត្តកំពត។ ការផ្សព្វផ្សាយនេះធ្វើឡើងខណៈដែលការបោះឆ្នោតជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទៅសំណេះសំណាល ដើម្បីពន្យល់បន្ថែមនូវគោលនយោបាយទាំង៩ ដល់បងប្អូនអ្នកគាំទ្របក្ស នៅស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សយុវជនកម្ពុជា។

ប្រធានគណបក្សយុវជនកម្ពុជារូបនេះបានប្រាប់ Newsroom Cambodia ថាគោលនយោបាយឆ្នាំ២០២៣នេះមានភាពលំអិតដោយដាក់ឲ្យច្បាស់ៗអំពីបញ្ហាមួយចំនួនដែលមិនទាន់បានដោះស្រាយពេញលេញនៅឡើយ។

គោលនយោបាយទាំង ៩ របស់គណបក្សយុវជនកម្ពុជារួមមាន ការបន្ថយពន្ធលើមុខទំនិញកសិកម្ម ជួយទិញកសិផលនៅពេលតម្លៃធ្លាក់ចុះ លុបបំបាត់ការរើសអើងអ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យរដ្ឋ បញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹង និងលុបបំបាត់គ្រឿងញៀន។

ជាមួយគ្នានេះគណបក្សយុវជនកម្ពុជាក៏បានដាក់គោលនយោបាយលុបបំបាតអំពើពុករលួយ ការពង្រឹងច្បាប់អន្ដោប្រវេសន៍ បង្កើតមណ្ឌលថែទាំចាស់ជរានៅទូទាំងប្រទេស និងការផ្ដល់ជំនួយដល់អ្នកដែលបាត់បង់សមត្ថភាពការងារ ព្រមទាំងចាស់ជរាផងដែរ។

សូមរំលឹកថា គណបក្សយុវជនកម្ពុជា ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៥ ដោយមានលោក ពេជ្រ ស្រស់ ជាស្ថាបនិក។ គណបក្សនេះបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត១លើកនិងឃុំសង្កាត់ចំនួន២លើកផងដែរ៕