មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងការបោះឆ្នោត បានលើកឡើងថា ដើម្បីបានអ្នកសង្កេតការណ៍គឺត្រូវមានធនធានមនុស្សនិងថវិកា។ ការលើកឡើងដូច្នេះធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្តី «ពីតួនាទីភ្នាក់ងារគណបក្សនយោបាយនិងអ្នកសង្កេតការណ៍» នៅថ្ងៃទី២៤ មករានេះ។

លោកកន សាវង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល បានយល់ឃើញថា អ្នកសង្កេតការនៅក្នុងការបោះឆ្នោត ត្រូវទទួលការបណ្ដុះបណ្ដាលពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីអាចធ្វើការអង្កេត។

លោកបានបន្ដថា ដើម្បីទទួលបានអ្នកសង្កេតការណ៍មួយគឺត្រូវមានផែនការបណ្តុះបណ្តាលក៏ដូចជាធនធានមនុស្សដែលសុទ្ធតែពឹងផ្អែកលើថវិកា។ នេះបើតាមលោក កន សាវាង្ស ក្រៅពីធនធានមនុស្សផ្នែកអង្កេតការបោះឆ្នោត និងថិវិកាបណ្ដុះបណ្ដាលពួកគេ បរិយាកាសនយោបាយមុនការបោះឆ្នោតក៏ជាកត្តាដែលកំណត់ចំនួនអ្នកអង្កេតការបោះឆ្នោតផងដែរ។

ជាមួយគ្នានេះ លោកកែ រឹទ្ធិ បានឱ្យដឹងថា នៅមុនពេលបោះឆ្នោត គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) តែងតែរៀបចំវគ្គបណ្ដុះបណ្ដាលអំពីបទបញ្ជា ពីនីតិវិធីសម្រាប់ការបោះឆ្នោតដល់តំណាងគណបក្សនយោបាយ តំណាងសមាគមន៍អង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការបោះឆ្នោត ក៏ដូចជាសម្រាប់អ្នកសង្កេតការណ៍។

បើតាមលោក កន សាវាង្ស ប្រសិនបើអ្នកសង្កេតការណ៍ប្រឈមនឹងការភ័យខ្លាចដោយប្រការណាមួយនៅមណ្ឌលបោះឆ្នោត នោះមានន័យថា មានភាពមិនប្រក្រតីកើតឡើង។

សូមបញ្ជាក់ថាអ្នកសង្កេតការណ៍មកពីសង្គមសុីវិលមានតួនាទីឃ្លាំមើលពីដំណើរការបែបបទនៃការបោះឆ្នោតដែលត្រូវអនុវត្តក្រោមច្បាប់ឬគោលការណ៍និតិវិធីមិនមែនដើម្បីដណ្តើមប្រយោជន៍ពីភាគីណាមួយឡើយ៕