រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់ សុខុន បានដឹកនាំប្រតិភូកម្ពុជាទៅបំពេញទស្សនៈកិច្ចការងារផ្លូវការនៅប្រទេសជប៉ុនដើម្បីពង្រឹងទំនាក់ទំនងឲ្យបានកាន់តែស៊ីជម្រៅនៃការបង្កើតចំណងការទូតរវាងកម្ពុជា-ជប៉ុនរយៈពេល៧០ឆ្នាំ។

យោងតាមទំព័រហ្វេកប៊ុកផ្លូវការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្នុងទស្សនកិច្ចនេះ រដ្ឋមន្រ្តីទំាងពីរ លោកប្រាក់ សុខុន និង លោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា បានពិភាក្សាគ្នាឱ្យកាន់តែស៊ីជម្រៅនិងពង្រីកបន្ថែមនូវ លើវិស័យជាច្រើនរួមមាន នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន ផ្លាស់ប្តូររវាងប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

រដ្ឋមន្រ្តីការបរទេសកម្ពុជា-ជប៉ុន បានឯកភាពធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកំពុងរីកចម្រើន រួមទាំងជំរុញឱ្យមានការបើកជើងយន្តហោះដោយផ្ទាល់ឡើងវិញ រវាងកម្ពុជា-ជប៉ុន។

របាយការណ៍ដដែលបន្ថែមថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការបន្តគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តព្រះសីហនុ និងដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានមីននៅតឹ្រមឆ្នាំ២០២៥»។

រដ្ឋមន្រ្តីការបរទេសទំាងពីរក៏បានឯកភាពឲ្យមានការចាប់ផ្តើមឡើងវិញនូវកម្មវិធីអ្នកនយោបាយវ័យក្មេងកម្ពុជា ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅប្រទេសជប៉ុន និងសិទ្ធិមនុស្ស។ ក្រៅពីកិច្ចសហប្រតិបត្តិការទេ្វភាគី រដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ ស្តីពីការបណ្តុះបណ្តាលវិធីសាស្រ្តដោះមីនដល់មន្រ្តីអ៊ុយក្រែន។

ក្នុងរបាយការណ៍បានបន្តថា៖ «គណប្រតិភូ នឹងបន្តជួយជម្រុញឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត»៕