អ្នកស្រលាញ់ភេទដូចគ្នាមួយចំនួននៅកម្ពុជាបានអះអាងថា ពួកគេបានចាប់ផ្តើមទទួលបានពន្លឺកាន់តែមុតមាំបន្ទាប់ពីអង្គការសហប្រជាជាតិស្នើរឲ្យកម្ពុជាចុះក្របខណ្ឌអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២០ ខែមករា។ ការស្នើនេះបានធ្វើឲ្យគ្រួសារអ្នកស្រលាញ់ភេទដូចគ្នាទាំងអស់ចាប់ផ្តើមមានភាពក្លាហានក្នុងការបង្ហាញពីអ្វីដែលជាខ្លួនរបស់ពួកគេ។
«កម្ពុជាមិនទាន់មានច្បាប់ដាក់ទោសលើនិន្នាការផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រនោះទេ ព្រោះមិនថាប្រជាជនខ្មែរទាំងអស់ក៏ដូចជាសមាជិកនៃសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា គឺជាសមាជិកដ៏មានតម្លៃក្នុងសង្គម និងមានសិទ្ធិរស់នៅប្រកបដោយសេរីភាពនិងសមភាព» នេះយោងតាមប្រសាសន៍របស់លោកម៉ាឌ្រីហ្គាល់ បូឡូ អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើដំណើរទស្សនកិច្ចរយៈពេលជាង១០ថ្ងៃមកនេះ។
នៅថ្ងៃទី២៧ ខែមករានេះ លោក គុយ ធីតា ជាស្ថាបនិកនៃ Love diversity បានប្រាប់ Newsroom Cambodia ថានេះជារឿងល្អបើសិនកម្ពុជាមានក្របខណ្ឌអាពាហ៍ពិពាហ៍ចំពោះអ្នកស្រលាញ់ភេទដូចគ្នានេះ និងដល់ពេលហើយដែលកម្ពុជាគួរទទួលបានក្របខណ្ឌនេះ។
លោកបានបន្តថា៖ «បច្ចុប្បន្ននៅកម្ពុជាមិនទាន់ទទួលបានពេញលេញនូវក្របខណ្ឌអាពាហ៍ពិពាហ៍ ឬសំបុត្រអាពាហ៍ពិពាហ៍ ដូចនេះយើងក៏គ្មានសិទ្ធិទទួលបាននូវសៀវភៅគ្រួសារដែលនឹងផ្តល់អត្ថប្រយោជន៍មួយចំនួនដូចជាការយកកូនចញ្ចឹមគឺគ្មានសិទ្ធិពេញលេញទៅលើកូនឡើយ ហើយពេលខ្លះឪពុកម្តាយបង្កើតរបស់គេទៀមទាយកកូនទៅវិញក៏មាន ដែលករណីបែបនេះគឺមិនទាន់មានផ្លូវច្បាប់ណាមួយដែលអាចការពារបានទេ»។
បច្ចុប្បន្នក្រុមការងាររបស់លោកក៏កំពុងធ្វើការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ក៏ដូចជាលើកកម្ពស់ចំណេះដឹងពីអ្នកស្រលាញ់ភេទដូចគ្នានេះផងដែរ។ អ្វីដែលលោកនិងក្រុមការងារបានធ្វើគឺស្ថិតនៅគោលដៅតែមួយគឺជំរុញសិទ្ធិមនុស្ស ព្រោះមនុស្សទាំងអស់សមនឹងទទួលបានសិទ្ធិរបស់ពួកគេ ទោះពួកគេមានរូបរាងពណ៌សម្បុរ ឬចំណង់ចំណូលចិត្តបែបណាក៏ដោយ។ នេះបើលោក គុយ ធីតា។
លោកហ៊ុន សុភារ៉ា ជាអ្នកស្រលាញ់ភេទដូចគ្នា ក៏ដូចជាម្ចាស់គម្រោងអេខ្លួន( Eh Kloun ) បានលើកឡើងថា ការដែលអង្គការសហប្រជាជាតិជម្រុញឱ្យកម្ពុជាអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការស្របច្បាប់នោះជារឿងល្អ ដោយសារធម្មតាមនុស្សទាំងអស់គ្នា គឺសុទ្ធតែចង់មានសិទ្ធិរៀងៗខ្លួន ហេតុនេះអ្នកស្រឡាញ់ភេទដូចគ្នាក៏គាត់ចង់មានសិទ្ធិរៀបការស្របច្បាប់ មានសំបុត្រអាពាហ៍ពិពាហ៍ដូចនឹងអ្នកស្រឡាញ់ភេទផ្ទុយគ្នាដែរ។
លោកបានបន្ដថា កម្ពុជានឹងអាចលុបបំបាត់ការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ដោយងាកមកគាំទ្រពួកគេបន្ថែមវិញ ខណៈដែលមានគម្រោងជាច្រើនកំពុងលើកកម្ពស់អ្នកស្រឡាញ់ភេទដូចគ្នា។
ម្ចាស់គម្រោងអេខ្លួនរូបនេះបានឲ្យដឹងថា៖ «ប្រសិនជាកម្ពុជាយើងអាចមានច្បាប់ហ្នឹងកើតឡើងមក គឺវារឿងល្អមួយដែលធ្វើឱ្យកម្ពុជាយើងលុបបំបាត់ការរើសអើង ក៏ដូចជាគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាជាងមុន ឱ្យកម្ពុជាយើងមានចម្រុះច្រើនជាងមុន និងទូលំទូលាយជាងមុន។ ដោយសារតែឥឡូវនេះ គឺយើងមានគម្រោងជាច្រើនមែនទែនដែលធ្វើការទៅលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ហើយសង្ឃឹមថា Project (គម្រោង) ដែលយើងមានទាំងប៉ុន្មាននេះគឺជួយឱ្យខាងស្ថាប័នរដ្ឋក៏ដូចជារាជរដ្ឋាភិបាលគាត់នឹងឃើញនូវសក្ដានុពលរបស់ពួកយើង។»
លោកសុភារ៉ា រំពឹងថាទៅថ្ងៃមុខ កម្ពុជាអាចនឹងច្បាប់មួយនេះ គ្រាន់តែថាវាអាចនឹងយូរ ឬក៏ឆាប់ពីព្រោះថា ការតាក់តែងច្បាប់មួយៗ វាត្រូវការចំណាយពេលយូរដើម្បីអនុម័ត។ លោកសង្ឃឹមថា យើងនឹងអាចទទួលបានដំណឹងល្អ ហើយក៏ដូចជា កម្ពុជាយើងនឹងមានភាពប្រសើរឡើងខ្លាំងជាងមុនទៀត នៅពេលដែលយើងមានច្បាប់ហ្នឹង ពីព្រោះថាយើងផ្ដោតទាំងអស់គ្នា មិនថាអ្នកស្រឡាញ់ភេទផ្ទុយគ្នា ឬក៏អ្នកស្រឡាញ់ភេទដូចគ្នាទេ គឺយើងមានសិទ្ធិក្នុងការរៀបអាពាហ៍ពិពាហ៍ដូចគ្នា។
កញ្ញាសាម សាវតី្ត ជានិស្សិតនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានលើកឡើងថា៖ «ខ្ញុំបានឃើញប្រទេសជិតខាងមិនថាច្បាប់របស់ប្រទេស និងប្រជាជនរបស់ពួកគេទេគឺបានបើកចិត្តទូលាយដើម្បីទទួលយកក្របខណ្ឌអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាដោយគ្មានការរើសអើងឡើយ ដែលធ្វើឲ្យគ្រួសារអ្នកស្រលាញ់ភេទដូចគ្នាមានអារម្មណ៍កក់ក្តៅនិងហ៊ានបង្ហាញអ្វីដែលជាខ្លួនឯង។»
សូមរំលឹកថា កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២៣កន្លងទៅនេះ លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ (Victor Madrigal-Borloz) អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការពារប្រឆាំងអំពើហិង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ បាន ជំរុញឱ្យកម្ពុជាទទួលស្គាល់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាស្របច្បាប់។ នៅក្នុងតំបន់អាស៊ាន ប្រទេសថៃជាប្រទេសដំបូងគេ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា៕