លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រសួងព័ត៌មាន បណ្តុះបណ្តាល អប់រំអ្នកសារព័ត៌មានអនឡាញទាំងអស់ឱ្យក្រមសីលធម៌វិជ្ជាជីវៈ ព្រោះថ្មីៗនេះមានជម្លោះពាក់ព័ន្ធរវាងអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍មួយលើស្ពានជ្រោយចង្វារ។

យោងតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ថា សំដីរបស់អ្នកសារព័ត៌មាន ទៅលើបុរសដែលជួយលើកម៉ូតូជនរងគ្រោះ មិនសមហេតុផល អ្វីដែលសំខាន់គឺត្រូវជួយសង្គ្រោះគ្នាសិន ស្ទះចរាចរណ៍នៅលើស្ពានមិនគួរមានជាដាច់ខាត។ ចំណែកការបញ្ជេញមតិអ្នកខ្លះថាគួរតែដកអាជ្ញាប័ណ្ណ អ្នកខ្លះថាឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ មតិបែបមិនត្រឹមត្រូវទេ គួរតែបញ្ចប់វាត្រឹមនេះទៅ ហើយចាត់ជាបទពិសោធន៍។

លោកនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖ «យើងទើបតែជួបគ្នាជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករាកន្លងមក តែបែរជាកើតរឿងបែបនេះ ឥឡូវឯកឧត្តម ខៀវ កាញារីទ្ធ ហៅអ្នកព័ត៌មានទៅធ្វើការអប់រំបណ្តុះបណ្តាល ព្រោះខុសម្នាក់ ឱ្យទៅទទួលបទពិសោធន៍ទាំងអស់គ្នា»។

លោកបន្តថា ៖ «រឿងនៅលើស្ពានជ្រោយចង្វារគួរបញ្ឈប់វាទៅ ប៉ុន្តែអ្វីដែលខ្ញុំមិនយល់នោះ ដោយមិនដឹងថាតើឯកឧត្តម ខៀវ កាញារីទ្ធ ដោះស្រាយយ៉ាងម៉េច ប្រហែលយើងបានឃើញតាមបណ្តាញសង្គម គឺមានអ្នកគ្រោះថ្នាក់ចរាចរណ៍ ជារឿងមួយ ហើយអ្នកមកជួយជារឿងមួយ តែរឿងកកស្ទះចរាចរណ៍មិនគួរឱ្យកើតមានទេ»។

លោកណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) ថាការបង្កើនចំណេះដឹង ការយល់ដឹង អំពីក្រមសីលធម៌លើអ្នកសារព័ត៌មានគឺជារឿងល្អ ប៉ុន្តែតែរបៀបនៃការណែនាំ គួរតែមានស្ថាប័នមួយដែលមានឯករាជ្យភាពពីអំណាចរបស់រដ្ឋាភិបាលដើម្បីជួយតាមដានឃ្លាំមើល និងពិនិត្យចំពោះការអនុវត្តចំពោះអ្នកសារព័ត៌មានទាំងអស់ រួមទាំងអ្នកសារព័ត៌មានអនឡាញផង។

លោក ណុប វី បន្តថា៖ «ពីព្រោះថាបើសិនជារដ្ឋាភិបាលគាត់នៅ តែអាចហៅអ្នកសារព័ត៌មានទៅណែនាំ ទៅធ្វើការចង្អុលបង្ហាញផ្សេងៗវាអាចនឹងធ្វើអោយមានរូបភាពមួយគឺ ជះឥទ្ធិពលទៅដល់សេរីភាព ទៅដល់កិច្ចការងាររបស់អ្នកសារព័ត៌មាន ដោយសារស្ថាប័នរដ្ឋាភិបាល ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចមានអំណាច អញ្ចឹងការហៅទៅណែនាំផ្សេងៗវាអាចធ្វើអោយពួកគាត់មានការព្រួយបារម្ភ មានការភ័យខ្លាច»។

លោកបញ្ជាក់ថា៖ «ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរឿងការបណ្តុះបណ្តាលគឺជារឿងមួយផ្សេង ការបណ្តុះបណ្តាលអប់រំនេះគឺថាវាចាំបាច់ឱ្យមានការចូលរួមពីភាគីទាំងអស់ ដើម្បីចូលរួមបណ្តុះបណ្តាលអប់រំទៅដល់អ្នកសារព័ត៌មាន»។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថាក្រសួងតែងតែអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់អោយអនុវត្តតួនាទីភារកិច្ច និង សិទ្ធិរបស់ខ្លួនដោយគោរពអោយបានត្រឹមត្រូវទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងប្រកាន់អោយបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីថែរក្សានូវគុណតម្លៃ និងសេចក្ដីថ្លៃថ្នូរវិជ្ជាជីវៈសារព័ត៌មានក៍ដូចជាវិស័យព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។

លោក មាស សុភ័ណ្ឌបន្តថា៖ «ក្រសួងនឹងគោរពអនុវត្តតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងនឹងរៀបចំនូវយន្តការមួយអោយច្បាស់លាស់ដើម្បីរៀបចំជាវគ្គបណ្ដុះបណ្ដាល ឬ វគ្គអប់រំខ្លីដល់អ្នកសារព័ត៌មានទាំងអស់តាមពេលវេលាសមស្របណាមួយក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់អ្នកសារព័ត៌មានអោយកាន់តែល្អប្រសើរឡើង»។

លោកអំពាវនាវនិងលើកទឹកចិត្តអ្នកសារព័ត៌មានទាំងអស់សូមអនុវត្តតួនាទីភារកិច្ចនិងសិទ្ធិរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងគោរពអោយម៉ឺងម៉ាត់ទៅតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិនានាព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជៀសវាងអោយនូវការប្រើតួនាទីភារកិច្ចនិងសិទ្ធិរបស់ខ្លួនហួសព្រំដែននៃច្បាប់និង ប្រាស់ ចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលនាំអោយមានការប្រឈរមុខនឹងផ្លូវច្បាប់ប៉ះពាល់ដល់សីលធម៌ សង្គម និងបាត់ទំនុកចិត្តពីប្រជាពលរដ្ឋជាអ្នកទទួលព័ត៌មាន៕