កញ្ញា ពេជ្រ ចរណៃដែលត្រូវបានមហាជនស្គាល់ថា ជាវីរនារីល្បុកតោ បាននិយាយថាគាត់នៅមិនទាន់ច្បាស់លាស់ថាត្រូវបញ្ចូលកីឡាកររូបណាខ្លះពីខាងក្លឹបរបស់កញ្ញាផ្ទាល់ ដើម្បីចូលរួមប្រកួតស៊ីហ្គេមខាងមុខនោះទេ ដោយសារមិនទាន់មានភាពច្បាស់លាស់ទៅលើវិញ្ញាសារប្រកួត។​

តាមការសម្ភាសន៍ជាមួយNewsroom Cambodia កញ្ញាពេជ្រ ចរណៃបានប្រាប់ថា ចំពោះកម្មវិធីប្រកួតក្នុងស៊ីហ្គេមខាងមុខ កញ្ញា មិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នៅឡើយទេ ប៉ុន្តែកញ្ញាបន្ថែមថា ប្រហែលជាអាចបញ្ជូនកីឡាករចំនួន ២រូប ពីខាងក្លឹបរបស់កញ្ញាទៅ។

បើតាមដំណឹងក្នុងក្រុម កីឡាករពីររូបនោះមានដូចជាគ្រូបង្វឹកនៅម៉ាឡេស៊ីមួយ និងមួយរូបទៀត មិនទាន់ច្បាស់នៅឡើយ។

កញ្ញា ពេជ្រ ចរណៃបានបន្ថែមថា ការចុះឈ្មោះពីខាងសាលាគុនរបស់កញ្ញាក៏នៅមិនទាន់ដាក់ឈ្មោះកីឡាកររូបណាចូលរួមប្រកួតនៅឡើយ ហើយកញ្ញា ពេជ្រ ចរណៃ ត្រូវបានបណ្តាញសង្គមបានទទួលស្គាល់ថា ជាគ្រូបង្ហាត់ គុនល្បុកតោខ្មែរដោយចាប់ផ្តើមពីកុមារកំព្រាមក។

ឈ្មោះពិតរបស់កញ្ញា ពេជ្រ ចរណៃ គឺ អ៊ិត កន្និកា ហើយនាងធ្លាប់ជាក្មេងកំព្រា តារាសម្តែង និងវិវត្តន៍ខ្លួនក្លាយជា គ្រូបង្ហាត់ក្បាច់គុនល្បុកតោខ្មែរមួយរូបនៅកម្ពុជា តាំងពីអាយុ ៧ឆ្នាំមកនាងត្រូវបានបញ្ជូនមកមជ្ឈមណ្ឌលកុមារកំព្រាប្រចាំខេត្ត។

ទោះជាយ៉ាងនេះក្តី កញ្ញាវ័យ២៨ឆ្នាំរូបនេះបានលះបង់ប្រយោជន៍ខ្លួនឯងដើម្បីរក្សា អភិរក្សមរតកវប្បធម៌របស់ដូនតាខ្មែរយ៉ាងខ្លាំងក្លាផងដែរ៕