សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសថានឹងដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជាចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ (Chingay Parade)ដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង F1 Pit Building, សាធារណរដ្ធសិង្ហបុរី។
យោងតាមសេចក្ដីជូនដំណឹងរបស់ស.ស.យ.ក ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថាក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសាធារណរដ្ធសិង្ហបុរីគណៈប្រតិភូសិល្បករសិល្បការិនីកម្ពុជារួមជាមួយលោកគ្រូ អ្នកគ្រូដែលជាសាស្រ្តចារ្យដឹកនាំការសម្ដែង និងក្រុមការងារប្រតិបត្តិសរុបចំនួន ៣៥នាក់ដឹកនាំដោយ លោកស្រីដាំ ដារិនី អនុប្រធានស.ស.យ.កនឹងអញ្ជើញទៅចូលរួម និងសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ ឆ្នាំ២០២៣»។
ដោយយោងតាមសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា៖ «ក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្ដែងដ៏ធំមួយនៅអាស៊ីដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយសមាគមប្រជាជននៃសាធារណរដ្ធសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមដោយអតីតនាយករដ្ធមន្រ្តី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ»។
[ស.ស.យ.ក] បានបន្តបញ្ជាក់ថា៖ «តបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណៈរដ្ធសិង្ហបុរី [ស.ស.យ.ក]បានសម្របសម្រួលដឹកនាំប្រតិភូកម្ពុជាចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេចំនួនពីរលើករួចមកហើយ ហើយសម្រាប់ព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ២០២៣ នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ «Embrace Tomorrow» ហើយប្រទេសកម្ពុជាបានត្រៀមនូវការសម្ដែងដ៏ពិសេសមួយក្រោមប្រធានបទ៖ «ក្ដីសង្ឃឹមរបស់យើង (Our Hopes)» ដែលមានរួមបញ្ចូលគ្នានូវរបាំបុរាណ របាំសហសម័យ ក្បាច់ផ្ការំដួល និងសៀក»។
តាមសេចក្ដីជូនដំណឹងបញ្ជាក់ទៀតថាការសម្ដែងទាំងមូលនឹងបង្ហាញក្ដីសង្ឃឹម និងភាពសុខដុមរមនារបស់ប្រជាជនខ្មែរក៏ដូចជាភាពស្រសើត្រកាលក្នុងការរស់នៅប្រទេសដែលមានសុខសន្តិភាព និងអភិវឌ្ឍប្រកបដោយចីរភាព៕