សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(PTUWKC)បានធ្វើការអំពាវនាវនិងសំណូមពរយ៉ាងទទូចសូមឲសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាស្វែងរកមុខឃាតករពិតប្រាកដ និង អ្នកបញ្ជាពីក្រោយខ្នងដែលបានសម្លាប់លោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីផ្ដល់ពន្លឺយុត្តិធម៌ដល់ក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ និង ឈានទៅលុបបំបាត់វប្បធម៌និទណ្ឌភាព និងពង្រឹងយុត្តិធម៌សង្គមនៅកម្ពុជា។
សហជីពសេរីកម្មករបានធ្វើការអំពាវនាវនេះតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនក្នុងពិធីជួបជុំដាក់កម្រងផ្ការំលឹកខួប១៩ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ កាលពីថ្ងៃទី២២ ខែមករាឆ្នាំ២០២៣ នៅឯទីតាំងតំកល់រូបសំណាកលោក ជា វិជ្ជា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ Newsroom Cambodia នៅថ្ងៃអង្គារ៍នេះថាសំណុំរឿងនៅពេលដែលរកមិនទាន់ឃើញក្រសួងក៏នៅចំហរនៅឡើយទេ មិនបិទសំណុំរឿងនោះចោលទេ គ្រាន់តែសំណុំរឿងហ្នឹង វាស្មុគស្មាញ វាជំពាក់វាក់វិនច្រើន ហើយវាពិបាករកព្រោះរកទៅវាដាច់។
«ឧទាហរណ៍:អ្នកដឹងរឿងគាត់រត់ចោលស្រុក ដល់ចឹងសមត្ថកិច្ចបាត់ភស្តុតាង បាត់សាក្សីអីចឹងទៅ វាដាច់ដោយដុំយើងមិនអាចស្រាវជ្រាវដល់ទីចុងបំផុតបានចឹង យើងត្រូវប្រើពេលវេលាយូរ ប៉ុន្តែយើងមិនទាន់បានបិទសំណុំរឿងនៅឡើយទេបាទ។»
លោកបានបន្តថា «ចំពោះសេចក្តីថ្លែងការណ៍វាដដែលជារៀងរាល់ឆ្នាំវាមានហើយ វាអត់មានអីថ្មីទេ បើគេមិនចេញសេចក្តីថ្លែងការណ៍ ទើបវាចម្លែក។ ខាងអាជ្ញាធរក៏គាត់ធ្វើដែរ បុិនរកវាមិនទាន់ឃើញ។ យើងមិនព្រងើយកន្តើយទេ ហើយយើងអំពាវនាវទៀតអ្នកទាំងឡាយណាដែលមានព័ត៌មានពាក់ព័ន្ធសូមឲផ្តល់មកសមត្ថកិច្ចថែមទៀតទោះបីអ្នកណាក៏ដោយ ឱ្យតែមានព័ត៌មានហ្នឹង យើងជួយគ្នា ជួយផ្តល់ពត៌មានសហការគ្នាហើយសហការគ្នា នាដោយស្មារតីស្មោះត្រង់ មិនមែនសហការចាប់ដៃជាន់ជើងទេ៕»