បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននៃគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ាណែត បានលើកឡើងថា យោងទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការធ្វើសកម្មភាពនយោបាយរបស់លោកមិនមានអ្វីខុសនោះឡើយ។ លោកឆ្លើយតបទៅនឹងអ្នកវិភាគដែលថា សកម្មភាពនយោបាយរបស់លោក ខុសនឹងច្បាប់នៅក្នុងប្រទេសកម្ពុជា។

យោងតាមវីដេអូឃ្លីបបង្ហោះលើទំព័រហ្វេសប៊ុកFresh News នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ថា លោក ហ៊ុន ម៉ាណែតលើកឡើងថា អ្នកវិភាគចោទថាលោកខុសច្បាប់ដោយលោកជាមេទ័ពជើងគោក ហើយត្រូវបានប្រកាសជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយលើកមាត្រា១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ អនុម័តឆ្នាំ១៩៩៧ លោកថាច្បាប់នេះមានពិតមែន តែមិនគ្រប់គ្រាន់ទេ ត្រូវមើលច្បាប់អោយបានគ្រប់ជ្រុងជ្រោយ។

លោកបន្តថា ក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលដាក់ឱ្យប្រើប្រាស់ឆ្នាំ២០១៥ បានចែងថា៖ បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងការងារ ឬមិនស្ថិតនៅក្នុងម៉ោងបំពេញការងារ ក្នុងសមត្ថភាពផ្លូវការ មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋានយោធា និងមិនត្រូវមានអាវុធជាប់នឹងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឱ្យមានការគំរាម កំហែងឡើយ។

លោកថ្លែងថា៖ «សួរលោកប្អូនអ្នកវិភាគ តើខ្ញុំដែលពាក់ឯកសណ្ឋានយោធាហើយឃោសនាឱ្យគណបក្សប្រជាជនកម្ពុជាទេ? បើមានដាក់រូបថតនោះមក ខ្ញុំអត់ទេថ្ងៃនេះខ្ញុំពាក់ស៊ីវិល ក្រៅម៉ោងធ្វើការជាកងទ័ព ថ្ងៃសៅរ៍ ខ្ញុំអត់ខុសទេ ច្បាប់មានច្បាស់ប្អូនទៅមើលឡើងវិញ»។

លោក ហ៊ុន ម៉ាណែតបន្តថា ការឈរឈ្មោះជាតំណាងរាស្ត្រ ក្នុងមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលដាក់ឱ្យប្រើប្រាស់ឆ្នាំ២០១៥ បានចែងថា មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បុព្វជិតសាសនាដែលមានបំណងឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រ ត្រូវដាក់ច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាស លទ្ធផលបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃមុនបើកយុទ្ធនាការឃោសនាបោះឆ្នោត។

លោកបន្ថែមថា ក្នុងមាត្រាដដែលនេះចែងថា ប្រសិនបើសាមីខ្លួនជាប់ឆ្នោត សាមីខ្លួនត្រូវដាក់ពាក្យសុំតាមឋាននុក្រមទៅសាមីក្រសួង ឬសាមីអង្គភាព ទៅបម្រើការងារក្រៅក្របខណ្ឌដើម ក្នុងរយៈពេលអាណត្តិរបស់ខ្លួន។ ក្នុងរយៈពេលស្ថិតនៅក្រៅក្របខណ្ឌដើម សាមីខ្លួនត្រូវមានសិទ្ធិឡើង ឋានន្តរស័ក្តិ និងឡើងថ្នាក់ដោយស្វ័យប្រវត្តិ និងរក្សាអតីតភាពការងារ សម្រាប់ទទួលសោធននិវត្តន៍។

នៅពេលចប់អាណត្តិជាតំណាងរាស្ត្រ សាមីខ្លួនអាចសុំត្រឡប់មកបម្រើការងារនៅក្រសួង ឬអង្គភាពដើមវិញ ប៉ុន្តែមុខងារអាស្រ័យដោយសាមីក្រសួង ឬសាមីអង្គភាពជាអ្នកសម្រេច។

យោងតាមវីដេអូឃ្លីបផុសដោយគណនេយ្យហ្វេសប៊ុករបស់ លោក គឹម សុខ អ្នកវិភាគនយោបាយកម្ពុជាបានលើកឡើងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ថា មាត្រា១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ អនុញ្ញាតឱ្យកងយុទ្ធពលខេមរភូមិន្ទអាចចូលរួមគណបក្សនយោបាយណាមួយក៏បានមែន ក៏ប៉ុន្តែមិនឱ្យធ្វើសកម្មភាពនោះទេ ទោះបីជាទង្វើប្រឆាំងឬ គាំទ្រគណបក្សនយោបាយណាមួយក៏ដោយ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា តែងតាំងលោកហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនៅអនាគត ខណៈលោក ហ៊ុន ម៉ាណែត ស្ថិតក្នុងដំណែងជាមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ ជាមេបញ្ជាការជើងគោក និងកំពុងដឹកនាំចលនានយោបាយឃោសនាឱ្យគណបក្សប្រជាជនកម្ពុជាផង នោះគឺបំពានច្បាប់ធ្ងនធ្ងរណាស់។

លោកគឹម សុខ បន្ថែមថា៖ «គិតពីច្បាប់ និងអត្ថន័យនៃដំណើសាច់រឿងនេះ បើយើងប្រើត្រឹមពាក្យខុសច្បាប់ ឬបំពានច្បាប់ធម្មតាមិនទាន់ដល់កំរិតអត្ថន័យត្រឹមត្រូវទេ និយាយឱ្យត្រូវបំផុតគឺខុសច្បាប់ធ្ងន់ធ្ងរណាស់ ឬចំជាងនេះបំពានយ៉ាងកក្លើន ហើយចំជាងនេះទៅទៀតបំពានទាំងកំរោលតែម្តង»។

អ្នកវិភាគនយោបាយកម្ពុជាដដែលបន្តថា លោកហ៊ុន ម៉ាណែតធ្វើសកម្មភាពដឹកនាំ ចលនាឃោសនានយោបាយជាប្រចាំឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងច្បាប់សូម្បីតែធ្វើសកម្មភាពគាទ្រក៏ច្បាប់ហាមដែរ ប៉ុន្តែសកម្មភាពរបស់ ហ៊ុន ម៉ាណែត ពេលដែលខ្លួនស្ថិតនៅក្នុងតួនាទីជាន់ខ្ពស់នៃកងយុទ្ធពលខេមរភូមិន្ទទៅទៀត មិនមែនត្រឹមតែសម្តែងមតិ ធ្វើកាយវិកាធម្មតាក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជាទេ លោកហ៊ុន ម៉ាណែត រៀបចំទាំងផែនការ រៀបចំទាំងយុត្តិសាស្រ្ត ហើយដឹកនាំសកម្មភាពដោយផ្ទាល់។

លោកបញ្ជាក់ថា៖ «ដំណោះស្រាយដែលអាចទទួលយកបាន មានតែដកលោក ហ៊ុន ម៉ាណេតពីតំណែងណាមួយ ដកពីតួណាទីជាមេបញ្ជាការកំពូលរបស់កងទ័ព ឬដកចេញពីបេក្ខភាពជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា[…] មួយទៀតទាល់តែរំលាយគណបក្សប្រជាជនកម្ពុជាចោលតែម្តងទើប សមអត្ថន័យយុត្តិធម័តាមផ្លូវច្បាប់របស់ប្រទេសជាតិ»៕