នាយករដ្ឋមន្រ្តី​ លោកហ៊ុន សែនបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៦មករា នេះ នៅសល់តែ៩៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

យោងតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោកហ៊ុន សែនក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នារាប់ថយក្រោយ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ឲ្យក្លាយទៅជាចលនាជាតិ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផងដែរថាកំហុសផ្នែកនយោបាយ និងសង្គ្រាម ជាហេតុនាំឱ្យកម្ពុជាក្រ ធ្វើឱ្យយើងខ្វះខាតនៅធនធានមនុស្ស និងបានបន្តថា ការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានបំផ្លាញកម្ពុជាដល់ឫស្សគល់ យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយកើតមានទៀតនោះទេ។

លោកបន្ថែមថា កម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុននៅមានកម្រិតនៅឡើយធនធានមនុស្សនៅកម្ពុជា បរិមាណមានហើយតែគុណភាពនៅមានកម្រិត។

«សូមគ្រឹះស្ថានអប់រំទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពបណ្តុះបណ្តាលជាបន្តទៀត ការបណ្តុះបណ្តាលមិនមែនដើម្បីយកសញ្ញាបត្រនោះទេ គឺត្រូវធ្វើឱ្យមានចំណេះដឹងពិតប្រាកដ»៕