ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ថាតំបន់ខ្ពង់រាប និងភាគពាយ័ព្យនឹងមានស្ថានភាពចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៩ ដល់៣០ មករា ឆ្នាំ២០២៣។

ក្នុងសេចក្ដីជូនដំណឹង បានឱ្យដឹងពីការវិវត្តស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ មករា ឆ្នាំ២០២៣ ដោយទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា។

ក្រសួងបានបញ្ជាក់ ពីអាកាសធាតុចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី២៩-៣០ មករា តាមបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយ័ព្យដោយសីតុណ្ហភាពអប្បបរមានៅ បណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះត្រជាក់ខ្លាំង រហូតដល់ ១៤-១៦អង្សាសេ។

ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧-២១អង្សាសេ។ ក្នុងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០អង្សាសេ ហើយបន្ទាប់ពីនោះរហូតដល់ថ្ងៃទី០៥ កុម្ភៈ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។

ក្រសួងក៏បានអំពាវនាវផងដែរថា៖ «សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបន្តបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់»៕