អាជីវកផ្សារទួលសង្កែរបានប្រមូលផ្ដុំគ្នានៅមុខក្រសួងមហាផ្ទៃក្រោយពីក្រសួងបានកោះហៅតំណាងរបស់ខ្លួនបីនាក់ចូលឆ្លើយបំភ្លឺនៅទីនោះ។

នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ អាជីវកនៅផ្សារទទួលសង្កែ ហៅថាផ្សារសាមហាន បានប្រមូលផ្ដុំគ្នានៅមុខក្រសួងមហាផ្ទៃដើម្បីលើកទឹកចិត្ដតំណាងរបស់ខ្លួនបីនាក់ចូលទៅឆ្លើយបំភ្លឺនៅក្រសួង ពាក់ពន្ធ័នឹងបណ្ដឹងរបស់ម្ចាស់ផ្សារ។

អ្នកស្រី ផា សុភណ្ឌ័ អាយុ៣៥ឆ្នាំជាអាជីវកនៅផ្សារទួលសង្កែបានប្រាប់ Newsroom Cambodia ថាអ្នកស្រីមកនេះគឺដើម្បីលើកទឹកចិត្ដតំណាងរបស់ខ្លួនដែលត្រូវបានម្ចាស់ផ្សារប្ដឹង ពីបទញុះញង់ ប៉ុន្តែអ្នកស្រីថាការតវ៉ានោះគឺអាជីវករទាំងអស់ធ្វើឡើងដោយស្ម័គ្រចិត្ដទាំងអស់គ្នាដោយសារតែម្ចាស់ផ្សារតំរូវឱ្យអាជីវករទាំងអស់ត្រូវតែទៅទិញសិទ្ធិសារជាថ្មីដែលមានតម្លៃថ្លៃជាងមុន។

អាជីវកផ្សារទួលសង្កែរបានប្រមូលផ្ដុំគ្នានៅមុខក្រសួងមហាផ្ទៃ។ រូបភាព៖ សួន​ វុត្ថា

លោកស្រីលើកឡើងថា៖ «គេតំរូវឱ្យពួកខ្ញុំទៅទិញសិទ្ធិក្នុងតូបកែង(តម្លៃ)៣៥៧៨(ដុល្លា)តូបបន្ទាប់មកកែង ២៥៧៨(ដុល្លា) តូបបន្តបន្ទាប់ ១៥៧៨(ដុល្លា) ជាលុយដាច់(លុយគ្រប់ចំនួន) ពីឆ្នាំដាច់ (រយៈពេល) គេគិតពីគេចូលមកខែបីហ្នឹង[…] ចឹងពួកខ្ញុំអត់មានលទ្ធភាពចឹង ពួកខ្ញុំតវ៉ាដើម្បីកុំឱ្យគាត់ធ្វើចឹង ឱ្យគាត់ធ្វើដូចថៅកែចាស់»។

អ្នកស្រីថាការថៅកែចាស់នៅគ្រប់គ្រង់គឺអាជីវករបង់ប្រចាំខែធម្មតាហើយលុយប្រចាំឆ្នាំ គេយកតាមជួរ មួយជួរ រយៈពេលពីរឆ្នាំ តែ៥០០ដុល្លាទេ។

លោកស្រីបន្តថា៖ «គេតំរូវឱ្យយើងមួយតូបហ្នឺង តូបកែង ៣៥៧៨ដុល្លាគឺលុយដាច់ហើយឱ្យយើង(បង់) ប្រចាំខែ ២០០ដុល្លាអីទៀតតាមតូបទៀត[…] គេប្ដឹងអាជីវករថាបីនាក់តវ៉ាដោយស្ម័គ្រចិត្ដ អត់មានណាគេបង្ខំពួកខ្ញុំទេ»។

អាជីវករម្នាក់ទៀតគឺអ្នកស្រី ទី លាត់ អាយុ៤២ឆ្នាំបានប្រាប់ NewsroomCambodia ថាពួកគាត់មកនេះគឺដោយសារមានគេប្ដឹងអាជីវករថាដើរញុះញង់ឱ្យបះបោរ តែការពិតអាជីវករទាំងអស់ គឺធ្វើឡើងដោយស្ម័គ្រចិត្ដ អត់មានអ្នកណាញុះញង់ ឬបង្ខំអ្នកណាទេគឺខាងថៅកែផ្សាអាជីវករ។

អ្នកស្រីបានលើកឡើងថា៖ «ពួកខ្ញុំមកហ្នឹងគឺមកគាំទ្រតំណាងរបស់ខ្ញុំ លើកទឹកចិត្ដគាត់ព្រោះគាត់មកហ្នឹងមានខាងម្ចាស់ផ្សារគាត់ប្ដឹងថាគាត់ដើរញុះញង់អាជីវករដើម្បីឱ្យបះបោតែការពិតអត់មានទេកូន។ អត់មានទេពួកខ្ញុំមកនេះគឺដោយសុខចិត្ដ ហើយពួកខ្ញុំតវ៉ាហ្នឹងគឺដោយសុខចិត្ដអត់មានអ្នកណាបង្ខំអ្នកណាអត់មានអ្នកណាញុះញង់អ្នកណាទេ»។

តំណាងអាជីវករលោក ស៊្រុន ភី បានប្រាប់ NewsroomCambodia ថាការចោទមកលើលោកពីបទញុះញង់នេះគឺលោកច្រានចោលទាំងស្រុងការតវ៉ានេះគឺជាកំលាំងសាមគ្គីរួម លោកថាលោកមិនបានញុះញង់ ឬក៏ហៅឱ្យអាជីវករទាំងធ្វើសកម្មភាពផ្សេងៗនោះទេរាល់ការតវ៉ាគឺធ្វើឡើងដោយស្ម័គ្រចិត្ដពីអាជីវករគ្រប់គ្នា។

លោកលើកឡើងថាពាក់ពន្ធ័ហ្នឹងដំណោះស្រាយថ្ងៃហ្នឹង[…]គាត់គ្រាន់តែឱ្យយើងមកស្រាយបំភ្លឺទេទៅតាមពាក្យបណ្ដឹងរបស់តំណាងផ្សារ ចងគាត់ឱ្យយើងមកស្រាយបំភ្លឺទៅ។ ហើយយ៉ាងណាម៉ិញ មានការកោះហៅ ឬយ៉ាងម៉ិច ពួកគាត់នឹងចូលរួមបន្តទៀត។

នៅថ្ងៃចន្ទនេះ Newsroom C​​ambodia មិនអាចសុំការឆ្លើយបំភ្លឺពីតំណាងផ្សារទួលសង្កែ បានទេដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង៕