ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសថាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍មួយចំនួនបានស្នើសុំលោកស ខេង ឧបនាយករដ្ធមន្រ្តី រដ្ធមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យជួយអន្តរាគមន៍ក្រុមហ៊ុនផ្ដល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្ដីពីការងារ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា នាពេលកន្លងមក មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុនហើយពិនិត្យឃើញថាការទូទាត់ចំនួន ៤ចំណុចគឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ធានគតិយុត្តិពាក់ព័ន្ធ និងការបញ្ឈប់ពីការងាររួម។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះមានអតីតបុគ្គលិកចំនួន ៤រូប បន្ថែមទៀតក្នុងចំណោមអតីតបុគ្គលិកដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាបានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ»។

គួរបញ្ជាក់ដែលថា គិតមកដល់ថ្ងៃនេះមានអតីតបុគ្គលិកសរុបចំនួន ២៦២រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១១១រួប។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តបញ្ជាក់ថានឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ៕