ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ សៀវលីន បានបង្ហាញការពេញចិត្តចំពោះការស្តារឡើងវិញនូវព្រលានយន្តហោះខេត្តបាត់ដំបងក្រោយអភិបាលខេត្តនេះបានលើកឡើងក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

យោងតាមការផ្តល់កិច្ចសម្ភាសន៍តាមរយៈប្រព័ន្ធតេឡេក្រាម ប្រធានសមាគមទេសចរណ៍កម្ពុជាលោកស្រី ឆាយ សៀវលីន បានបង្ហាញការពេញចិត្តជុំវិញការកែលម្អព្រលានយន្តហោះខេត្តបាត់ដំបងថានេះជាការល្អ ហើយក៏ដល់ពេលដែលកម្ពុជាចាប់ផ្តើមជួសជួល និងកែលម្អព្រលានយន្តហោះឡើងវិញដើម្បីបម្រើដល់ភ្ញៀងទេសចរណ៍ជាតិ និងអន្តរជាតិជាពិសេសការដឹកជញ្ជូនឲ្យបានគ្រប់វិស័យ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសផងដែរ។

លោកស្រីបានបន្ថែមថា អ្វីៗបានត្រឡប់មករកភាពប្រសើរឡើងវិញក្រោយសង្រ្គាមស៊ីវិល និងក្រោយរងគ្រោះដោយវិបត្តិកូវីដ-១៩ ដូច្នេះហើយត្រូវស្តារ និងអភិវឌ្ឍឡើងវិញឲ្យបានគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនត្រូវឲ្យមានភាពសម្បូរបែប។ ព្រោះវានឹងជួយជំរុញវិស័យដឹកជញ្ជូនភ្ញៀងទេសចរណ៍ជាតិ និងអន្តរជាតិមកកាន់ខេត្តនេះកាន់តែច្រើនហើយខេត្តបាត់ដំបងជាខេត្តដែលមានសក្តានុពលសម្បូរទៅដោយវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិ តំបន់អេកូទេសចរណ៍កែច្នៃផងដែរ។

ពិសេសនឹងមានការវិនិយោគមកកាន់ខេត្តនេះកាន់តែច្រើននិងជួយបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋ។

លោកស្រីបានបញ្ជាក់ថា៖ «យើងគួរតែមានការកែលម្អ ហើយយើងមានព្រលាននេះរួចទៅហើយមិនមែនធ្វើថ្មីទេ យើងគ្រាន់តែកែលម្អឲ្យប្រើប្រាស់បាន ច៊ឹងគួរតែធ្វើ យើងមិនបានទៅធ្វើកន្លែងថ្មីឯណា»។

ម្យ៉ាងវិញទៀតអ្នកស្រីក៏បានបន្ថែមថា ការកែលម្អព្រលានយន្តហោះខេត្តបាត់ដំបងនេះមិនមានផលប៉ះពាល់អ្វីទេ ព្រោះវាជាព្រលានយន្តហោះដែលមានស្រាប់ ហើយផ្ទុយទៅវិញ មានតែការសាទរពីប្រជាពលរដ្ឋក្នុងខេត្តនេះព្រមទាំងប្រែមុខមាត់ថ្មី។

លោកស្រីបន្តថា ប្រសិនបើយើងកែលម្អព្រលានយន្តហោះនេះហើយ គឺវាអាចបម្រើវិស័យទេសចរណ៍នៅខេត្តបាត់ដំបងបានកាន់តែច្រើនពិសេសភ្ញៀងទេសចរណ៍នឹងមានភាពងាយស្រួលធ្វើដំណើរមកកាន់ខេត្តមួយនេះ។

ដោយឡែក ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ ក៏បានលើកឡើងស្រដៀងគ្នានឹងប្រធានសមាគមទេសចរណ៍កម្ពុជាដែរ ថាការកែលម្អប្រលានយន្តហោះខេត្តបាត់ដំបងនេះជារឿងដ៏ល្អដើម្បីបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសពិសេសការធ្វើដំណើររបស់ភ្ញៀវទេសចរដែលចង់មកខេត្តនេះចំណេញពេលវេលាក្នុងការធ្វើដំណើរ។

លោកបន្តថា ការរៀបចំជួសជួលព្រលានយន្តហោះនេះវាមិនមានផលប៉ះពាល់អ្វីខ្លាំងឡើយ ហើយក៏ជាការចំាចាច់ក្នុងការកែលម្អព្រលាននេះឡើងវិញសម្រាប់ខេត្តដែលមានសក្តានុពលខ្លាំង។

លោកបញ្ជាក់ថា៖ «ខេត្តបាត់ដំបងជាគោលដៅទេសចរណ៍ប្រកបដោយសក្តានុពល មានទាំងធនធានធម្មជាតិ វប្បធម៌ តំបន់ប្រវត្តិសាស្រ្ត អេកូទេសចរណ៍ ក៏ដូចជាមានលក្ខណៈពិសេសជាច្រើនទៀតដែលជាចំណុចលេចធ្លោរសម្រាប់ប្រទេសកម្ពុជា ហើយបច្ចុប្បន្នខេត្តនេះកំពុងមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តក្រោយវិបត្តិកូវីដ-១៩ បានធូរស្រាល»។

ដូច្នេះហើយការកែលម្អព្រលានយន្តនេះពិសេសជាមានសារៈសំខាន់ក្នុងការជួយលើកស្ទួយឲ្យវិស័យទេសចរណ៍នឹងជួយជំរុញសេដ្ឋកិច្ចខេត្តឲ្យមានការរីកចម្រើន។

សូមជម្រាបផងដែរថា បើតាមការបញ្ជក់ពី លោក សុខ លូ អភិបាលខេត្តបាត់ដំបងថា៖ «នៅមិនទាន់កំណត់ពេលវេលាជាក់លាក់នឹងបើកការដ្ឋាននៅពេលណាទេ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានឯកភាពឱ្យមានការសិក្សាប្រែក្លាយព្រលានយន្តហោះខេត្តបាត់ដំបងជាព្រលានយន្តហោះថ្នាក់ ៤C ប្រហាក់ប្រហែលនឹងព្រលានយន្តហោះខេត្តសៀមរាបបច្ចុប្បន្ន»៕