រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានសម្រេចដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់អាជីវកម្មនិងធុរកិច្ចឲ្យស្តាឡើងវិញ។ ការសម្រេចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយវិស័យឯកជននិង ក្រសួងស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ថែមចំនួន ៣ សម្រាប់គ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាដោយបានលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែតម្លៃសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ចីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាបសម្រាប់រយៈពេល ៣ ខែ(មករាដល់មីនា)ឆ្នាំ២០២៣ និងបានសម្រេចបន្តផ្តល់ការសម្របសម្រួលតាមរយៈការបញ្ឈប់តួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងចំពោះវិស័យទេសចរណ៍ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២៣ នេះ។
ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានសម្រេចជួយជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើរសុំប្រាក់កម្ចីពីសំណាក់គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ផងដែរ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា តាមការសង្កេតរបស់រាជរដ្ឋាភិបាល បានមើលឃើញពីស្ថានភាពសង្គមសេដ្ឋកិច្ចពាណិជ្ជកម្ម, តំបន់និងប្រទេស ទើបរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមនេះ ដើម្បីគ្រប់គ្រងនិងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដែលគ្មានភាពច្បាស់លាស់នេះ។
លោកស្រី ឆាយ សុីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជាយល់ឃើញថា៖ «វិធានការដែលរាជរដ្ឋាភិបាលបានបន្ថែមនេះ គឺជារឿងមួយដែលជួយកាត់បន្ថយការចំណាយរបស់អាជីវករទេសចរណ៍ បើទោះបីកម្ពុជាបានបើកទ្វាទេសចរណ៍ជាច្រើនខែមកហើយក៏ពិតមែនប៉ុន្តែ ចំនួនភ្ញៀវដែលមកទស្សនាកម្ពុជានៅមានកម្រិតនៅឡើយដោយចំនួនភ្ញៀវទេសចរបច្ចុប្បន្នមិនទទួលបានពាក់កណ្តាលនៃឆ្នាំ២០១៩នៅឡើយ»។
លោកស្រីបន្តថា វិធានការនេះជាការលើកទឹកចិត្តដល់សេវាករគ្រប់ទីតាំងទេសចរណ៍ដែលបានប្រឹងប្រែងកន្លងមក ហើយនៅថ្ងៃខាងមុខ លោកស្រីរំពឹងថា នឹងទទួលបានភ្ញៀវត្រឡប់មកវិញប្រមាណ ៤លាននាក់ព្រោះ ព្រឹត្តិការណ៍សុីហ្គេម និងការប្រកាសហ្សឺរ៉ូកូវីដ(កូវីដសុន្យ)របស់ប្រទេសចិនដែលជាកត្តាជំរុញដល់កម្ពុជាក្នុងការទទួលបានភ្ញៀវត្រឡប់មកវិញ។
លោកស្រីក៏បានសំណូមពរឲ្យរាជរដ្ឋាភិបាលជួយជំរុញការលក់ផលិតផលក្នុងស្រុកផងដែរ ដូចជាចំណីអាហារ និងវត្ថុអនុស្សវរីយ៍ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ដល់ភ្ញៀវទេសចរទាំងនោះ។
សូមរំលឹកថា សកម្មភាពអាជីវកម្មក្នុង គោលដៅទេសចរណ៍ជាច្រើនរួមទាំងរាជធានីភ្នំពេញ, ខេត្តក្នុងតំបន់ឆ្នេរនិងខេត្តមួយចំនួនទៀតគឺមានកំណើនគួរឱ្យកត់សម្គាល់ដោយសារការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរជាតិក៏ដូចជាធុរជននិងវិនិយោគិន។ក្នុងឆ្នាំ២០២១ដល់២០២៣រាជរដ្ឋាភិបាលនឹងបន្តតាមដានយ៉ាងខ្ជាប់ខ្ជួននូវស្ថានភាពនៃវិបត្តិនៃជំងឺកូវី-១៩និងត្រៀមដាក់ចេញនូវវិធានការបន្ថែមទៀតទៅលើការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញប្រកបដោយគុណភាព៕