លោកថេង សាវឿនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានយល់ឃើញថាគោលនយោបាយគណបក្សប្រជាជនចំពោះកសិកម្មគ្រាន់តែជាយុទ្ធសាស្រ្តថ្មីដើម្បីស្វែងរកសន្លឹកឆ្នោតពីម្ចាស់ឆ្នោតជាពិសេសប្រជាកសិករតែប៉ុណ្ណោះ។
លោកបានប្រាប់ Newsroom Cambodia កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធតេឡេក្រាមថា សម្រាប់ខ្ញុំ មើលឃើញថាវាជាយុទ្ធសាស្រ្តថ្មីដែលគណបក្សប្រជាជនកម្ពុជាប្រើប្រាស់វិធាននៃការដាក់អាទិភាពគោលនយោបាយកសិកម្មដើម្បីទាក់ទាញរកសំឡេងឆ្នោតពីម្ចាស់ឆ្នោត ពិសេសកសិករហើយដោយសារតែប្រាំមួយអាណត្តិកន្លងមកហើយបញ្ហានៃការដោះស្រាយវិស័យកសិកម្មដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយដែលជាអ្នកគ្របគ្រងថវិកា និងធនធានអីផងនោះមិនបានការឆ្លើយតប និងដោះស្រាយបញ្ហាទេ។
យោងតាមគណបក្សប្រជាជនកម្ពុជា គណបក្សនឹងដាក់ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធ្វើការជាមួយប្រជាកសិករ បើសិនជាឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។ គោលនយោបាយនេះ ត្រូវបានដាក់ចេញក្នុងមហាសន្និបាតវិសាមញ្ញរបស់បក្សកន្លងទៅ។
គណបក្សប្រជាជនកម្ពុជាបានអះអាងថានេះគឺជាគោលនយោបាយដ៏ថ្មីសន្លាងមួយរបស់ខ្លួនហើយគោលនយោបាយនេះធ្វើឡើង ដើម្បីលើកកម្ពស់វិស័យកសិកម្ម។
បើតាមសួស យ៉ារ៉ា អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងមហាសន្និបាត គណបក្សក៏បានជជែក និងពិភាក្សាផ្តោតជាសំខាន់ទៅលើវិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលមួយនៅកម្ពុជា។
លោកសួស យ៉ារ៉ា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានកំណត់ប្រែក្លាយវិស័យកសិកម្ម ពីការធ្វើដើម្បីបំពេញការហូបចុករបស់ ប្រជាពលរដ្ឋ ទៅជាការធ្វើកសិកម្ម ដើម្បីពាណិជ្ជកម្ម។
តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាល នឹងប្រើប្រាស់ធនធានមនុស្សដែលជាអ្នកមានចំណេះជំនាញផ្នែកកសិកម្ម ហើយលោកខៀវ កាញារីទ្ធ សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា បានគូសរំលេចថា ក្នុងអាណត្តិទី៧ អ្នករៀនជំនាញកសិកម្មនឹងមានទីផ្សារការងារខ្ពស់។
សម្រាប់លោកថេង សាវឿន លោកបានអះអាងថា «អីចឹងអ្វីដែលអាចដោះបាននោះគឺមិនចាំបាច់ដល់អាណ្ណត្តិក្រោយទេ គឺអាណ្ណត្តិពេលបច្ចុប្បន្នក៏អាចដោះស្រាយបានពីព្រោះថាពេលបបច្ចុប្បន្ននេះគណបក្សប្រជាជនកម្ពុជាកំពុងតែដឹកនារដ្ឋាភិបាលស្រាប់»។
លោកបានបន្ថែមថា៖ «សម្រាប់ខ្ញុំការកែប្រែពីលក្ខណៈគ្រួសារទៅដល់ក្លាយជាអ្នកនាំចេញកម្រិតពាណិជ្ជកម្មនៅមិនអាចទាន់ទៅរួច មិនអាចទាន់ទៅរួចខ្ញុំគិតថាពេលបច្ចុប្បន្ននេះវាត្រូវការកសាងធនធានមនុស្សកសាងពីផែនការគោលគាំទ្រទៅលើទុនទៅលើមុខរបរទៅលើជំនាញវិជ្ជាជីវៈ វាត្រូវការពេលវេលាច្រើន អីចឹងវាអាចទៅរួចនៅកម្រិតអ្នកដែលអាចមានលទ្ធភាពមានការយល់ដឹង ក៏ប៉ុន្តែវានឹងមិនអាចទៅរួចសម្រាប់កសិករក្រីក្រពិសេសប្រភពអ្នកដែលមិនមានដីធ្លី ឬក៏មិនមានដីសោះរស់នៅហ្នឹងគឺវេទនាណាស់ គឺអាចសម្រាប់តែអ្នកមានអាចទៅរួច»៕