អភិបាលរងក្រុងភ្នំពេញ លោក ឃ្លាំង ហួត កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអំពាវនាវដល់ម្ចាស់សំណង់ និងម្ចាស់សំណង់បូរីទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ជាពិសេសលើគុណភាពសំណង់។

នៅក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម Facebook លោកបាននិយាយពីយុវវ័យដែលមកទីក្រុងដើម្បីធ្វើការហើយមានលទ្ធភាពអាចបង់រំលោះ ឬទិញផ្ទះបាន តែគុណភាពសំណង់មិនល្អ ហើយធ្វើឱ្យពួកគេខាត់បង់ប្រាក់បន្ថែមដើម្បីជួសជុលទៅលើកន្លែងដែលមានបញ្ហាទាំងនោះ។

លោកបន្ថែមថា អ្នកដែលចំណេញគឺជាថៅកែសំណង់ឯទុក្ខលំបាក គឺបងប្អូនដែលបានទិញ ឬបង់រំលោះផ្ទះនោះ។

ដោយមើលឃើញពីបញ្ហាទាំងអស់នេះលោកបានប្រកាសរឹតបន្តឹងទៅលើគុណភាពសំណង់ទូទាំងរាជធានីភ្នំពេញ ជាពិសេសត្រូវឱ្យមានការ ត្រួតពិនិត្យរាល់លក្ខណៈទាំងអស់។

លោកបានបញ្ជាក់ថាម្ចាស់សំណង់ និងម្ចាស់សំណង់បូរីត្រូវអនុវត្តដូចជា ត្រូវមានលិខិតអនុញ្ញាតសាងសង់ឱ្យបានត្រឹមត្រូវ និងមិនត្រូវសាងសង់ខុសលិខិតអនុញ្ញាត។ លោកបន្តថាម្ចាស់សំណង់ត្រូវសហការជាមួយក្រុមហ៊ុនសាងសង់ដែលមានអាជ្ញាប័ណ្ណ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវអនុវត្តតាមគោលការ សុវត្តិភាព។ លោកបានបន្តថា ត្រូវយកចិត្តទុកដាក់ចំពោះ គុណភាពសំណង់ របស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកសឹង សែនករុណា អ្នកនាំពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាននិយាយថារឿងនេះមិនមានអ្វីថ្មីទេ ព្រោះវាជាកិច្ចការរបស់សមត្ថកិច្ចក្នុងការត្រួតពិនិត្យ។ លោកបានលើកឡើងថា វាមិនត្រូវតែជាការអំពាវនាវប៉ុណ្ណោះទេ គឺត្រូវមានការចុះត្រួតពិនិត្យ និងត្រូវមានវិធានការ បើសិនជារកឃើញថាសំណង់ទាំងនោះមិនបានសាងសង់ឱ្យបានត្រឹមត្រូវ។

លោកបន្តថា៖ «ខ្ញុំគិតថាគ្មានអីដែលវាជារឿងមួយប្លែកទេ វាជាកាតព្វកិច្ចរបស់ខាងអាជ្ញាធរដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រប់រដ្ឋបាលមូលដ្ឋានរបស់ខ្លួនហ្នឹងណាស់បាទ»។

ចំពោះការផ្សព្វផ្សាយពីការរឹតបន្តឹងនេះមានការគាំទ្រជាច្រើនពីសំណាក់មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហើយមានអ្នកខ្លះបានថ្លែងអំណរគុណចំពោះលោកដែលបានខ្វល់ខ្វាយពីបញ្ហានេះ៕