អង្គការដើម្បីភាពញញឹមនៃកុមារ (ប៉េ អេស អឺ) បានបង្ហាញថា កុមារជាង ៦៥០០នាក់ត្រូវបានមើលថែរក្សាយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ឆ្នាំ ក្នុងនោះមានយុវជនចំនួន ៥៥០០នាក់ជាអតីតសិស្សដែលបច្ចុប្បន្នពួកគេ ទទួលបាននូវការងារ និងប្រាក់ចំណួលសមរម្យ និងកុមារចំនួន១២០០នាក់ត្រូវបានជួយសង្គ្រោះចេញពីទុក្ខវេទនា រួមជាមួយជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២០ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ អាហារ៦០០០ចានត្រូវបានផ្តល់ជូនដល់ពួកគេ និងការពិគ្រោះព្យាបាលជំងឺចំនួន ១៥០០នាក់ជារៀងរាល់សប្តាហ៍។
ប៉េ អេស អឺជាអង្គការមួយដែលមិនរកប្រាក់ចំនូល របស់ប្រទេសបារាំងនិងបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ក្នុងប្រទេសកម្ពុជា មានបុគ្គលិកបម្រើរការងារជាង៦០០នាក់ ដើម្បីចូលរួមបំពេញបេសកកម្មក្នុងការផ្តល់ជូនស្បៀងអាហារ ទីជម្រកសមរម្យ ការថែទាំវេជ្ជសស្ត្រ ការអប់រំចំណេះដឹងទូទៅពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ និងកម្មវិធីគាំទ្រគ្រួសារដល់កុមារក្រីក្រ ងាយរងគ្រោះពីការរំលោភបំពាន និងមិនបានសិក្សានៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងតាមបណ្តាលខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា ដោយចុះទៅដល់ទីតាំងផ្ទាល់។
ផេកផ្លូវការរបស់ លោក វ៉េង សិរីវុឌ្ឍ អតីតទេសរដ្ឋមន្រ្តីមួយរូប បានបង្ហោះបន្ថែមផងដែលថា៖ បញ្ចប់ទៅ… លោកឪពុកអ្នកម្តាយ សិស្សក្រីក្រ ត្រដួសខំ ឱ្យកូនរៀនសូត្រ បំណងបញ្ចប់ទៅ ភាពក្រីក្រតជំនាន់…។ អរព្រះគុណព្រះអង្គ បណ្ឌិត យ៉ន សេងយៀត ឯកឧត្តម គិន ឆេងលី អ្នកគ្រូប្អូន មែន មករា លោកគ្រូប្អូន សាន សាមេធ លោកប្អូន លី ចន្ទមុនី ដែលមានចិត្តសប្បុរសចែកចាយសៀវភៅដល់សិស្ស បានដឹកនាំ រៀបចំចែករំលែកជាប្រយោជន៍ ដល់លោកឪពុក អ្នកម្តាយសិស្សសាលា អង្គការដើម្បីស្នាមញញឹមនៃកុមារ លោកបានបន្ថែមទៀតថា គ្មាននរណាកើតមកក្រទេ!!!។
ទំព័រហ្វេសបុកដែលមានឈ្មោះថា Jane Makara បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបានចំពោះវត្តមានរបស់ ភិក្ខុ បណ្ឌិត យ៉ន សេងយៀត លោកវ៉េង សារីវុឌ្ឃ និង ជាពិសេស ចំពោះលោក គិន ឆេងលី ដែលជាទីប្រឹក្សាផ្ទាល់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញមកជាគណៈអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីជំនួបអាណាព្យាបាលសិស្សឆ្នាំសិក្សា ២០២៣ ដើម្បីផ្តល់នូវអនុសាសន៍ ការលើកទឹកចិត្ត និងគតិអប់រំល្អៗដល់លោកឪពុកអ្នកម្តាយនៃសិស្សានុសិស្សនៅអង្គការ (PSE)។
Newsroom Cambodia បានព្យាយាមទាក់ទង់ទៅ PSE ដើម្បីទទួលបាននូវព័ត៌មានបន្ថៃមនៃកិច្ចការជាប្រយោជន៍សម្រាប់ជីវិតកុមារ និងមនុស្សរាប់លាននាក់នេះ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ៕