សកម្មជនបរិស្ថានបានអះអាងថាព្រៃឈើនៅក្នុងប្រទេសកម្ពុជាបាត់បង់ជារាងរាល់ថ្ងៃ ការកាប់បំផ្លាញព្រៃឈើកើតមានឡើងដោយសារមន្រ្ដីពាក់ពន្ធ័ និងរដ្ឋាភិបាលខ្វះឆន្ទៈក្នុងការការពារព្រៃឈើ។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងលោកសួន វុត្ថា ពីខាង Newsroom Cambodia និងលោក សាន់ ម៉ាឡា ដែលជាសកម្មជនបរិស្ថាន។

Q៖ ជម្រាបសួរលោក ម៉ាឡា
A៖ បាទ ជម្រាបសួរ

Q៖ តើស្ថានភាពព្រៃឈើនៅកម្ពុជាវិវឌ្ឍន៍ដល់ណាហើយ?
A៖ អរគុណសំណួរ បច្ចុប្បន្ននេះយើងមើលឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងកំពុងតែរងនៅខាងបំផ្លិចបំផ្លាញស្ទើរតែជារាងរាល់ថ្ងៃទាំងនៅក្នុងដែនជម្រកសត្វព្រៃព្រះរការដែនជម្រកសត្វព្រៃ ព្រៃឡង់និងបណ្ដារដែលជម្រកសត្វព្រៃដទៃទៀតទន្ទឹម និងនោះប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលបានពីព្រៃឈើគាត់បាក់ទឹកចិត្ដ និងបោះបង់ងារជាអ្នកការពារបណ្ដើរៗដោយសារពួកគាត់មិនមានក្ដីសង្ឃឹមថាក្រសួងបរិស្ថានអាចការពារនៅប្រភពធនធានប្រកបដោយនិរន្ដរភាពរបស់ពួកគាត់បានដែរ។

Q៖ ហេតុអ្វីបានជានៅតែមានករណីកាប់បំផ្លាញជាបន្តបន្ទាប់?
A៖ បាទយើងឃើញកត្តាទីមួយការអនុវត្តច្បាប់ទាក់ទង់និងព្រៃឈើនៅប្រទេសកម្ពុជារបស់យើងនៅតែបន្តមានភាពធូររលុងជាពិសេសគឺការមិនបានចិត្ដទុកដាក់ក្នុងការធ្វើអធិការកិច្ច ឬក៏ស៊ើបអង្កេតតាំងពីថ្នាក់ជាតិ ឬថ្នាក់ក្រោមថាឃុបឃិតជាមួយឈ្មួញទុច្ចរិតដែរឬទេ រីឯកត្តាទីពីរ យើងឃើញមន្រ្ដីដែលជាអ្នកអនុវត្តច្បាប់គាត់មិនទាន់មានការប្រកាសទ្រព្យសម្បត្តិជាសាធារណៈមុនពេលដែលគាត់ចូលបម្រើការងារ និងក្រោយពេលគាត់បញ្ចប់ភារកិច្ច បើចឹងហើយធ្វើឱ្យមន្រ្ដីខ្លះគាត់ឆ្លៀតឱកាសអំឡុងពេលខ្លួនមានតួនាទីជាអ្នកថៃរក្សាអាចប្រព្រឹតអំពើពុករលួយឃុបឃិតជាមួយឈ្មួញខិលខូចជាដើមបាទ រីឯទីបី យើងឃើញរដ្ឋាភិបាលមិនសូវជាមានឆន្ទៈការលើកកំពស់ការចូលរួមរបស់អង្គការសង្គមស៊ីវិលសារធារណៈជន និងសហគមន៍មូលដ្ឋានក្នុងកិច្ចអភិរៈការពារព្រៃឈើទេ។ ខ្ញុំនិយាយបែបនេះដោយសារយើងឃើញមានភស្ដុតាងច្បាស់លាស់មួយតាមរយៈការបន្តការដាក់កំហិតទៅលើអ្នកការពារព្រៃឈើថាជាក្រុមបម្រើឱ្យរដ្ឋបរទេស ឬក៏មានបង្កប់របៀបវីរៈនយោបាយអញ្ចឹងជាដើម អញ្ចឹងហើយបានជាបទល្មើសព្រែឈើនៅតែបន្តកើតមានឡើងជារាង់រាល់ថ្ងៃទោះបីជាក្រុមសហគន៍អង្គការជាតិអន្ដរជាតិចេញរបាយការជាបន្តបន្ទាប់យ៉ាងណាក្ដីក៏រដ្ឋយើងមិនយកចិត្ដទុកដាក់។

Q៖ តើនៅពេលបាត់បង់ព្រៃឈើមានផលប៉ះពាល់អ្វីខ្លះដល់មនុស្ស និងសត្វ?
A៖ យើងឃើញផលប៉ះពាល់វាកើតមានឡើងបី ទីមួយមកលើប្រជាពលរដ្ឋមូលដ្ឋាន គាត់ភាគច្រើនជាជនជាតិដើមភាគតិច ប្រជាពលរដ្ឋគាត់មានវប្បធម៍ប្រពៃណីទម្លៀមទម្លាប់ផ្សារភ្ជាប់ទៅនឹងព្រៃឈើ ហើយជីវភាពរបស់ពួកគាតក៏អាស្រ័យទៅលើការដកហូតធនធានដែលនៅក្នុងព្រៃឈើសម្រាប់ការចញ្ចឹមជីវិតដូចជាការដងជ័រច្បោះការបោចវល្ល័ រកផ្សិត បេះគុយជាដើម ចឹងការណាបាត់បង់ព្រែឈើ គឺបាត់បង់មុខចំណូលដ៏សំខាន់។

រីឯទីពីរ គឺជាការប៉ះពាល់ដោយប្រយោលសម្រាប់ប្រជាជននៅទូទាំងប្រទេសកម្ពុជាយើងទាំងមូលតាមរយៈការប្រែប្រួលអាកាសធាតុ ដោយសារព្រែឈើវាដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតអុកស៊ីសែនហើយទាក់ទាញទឹកភ្លៀង ចឹងកាលណា យើងបាត់បង់ធនធានព្រៃឈើធ្វើឱ្យអាកាសធាតុមានការប្រែប្រួលមិនទាងទាត់ ហើយវានិងបង្កផលប៉ះពាល់ដល់ប្រជាកសិកររបស់យើង ហើយការបាត់បង់ព្រៃឈើនេះ ក៏រួមចំនែកដល់ការកើនឡើងនៅកំដៅរបស់ភពផែនដីផងដែរសម្រាប់មនុស្សជាតិនៅទូទាំងភពផែនដីរបស់យើង។

Q៖ តើរដ្ឋាភិបាលគួធ្វើបែបណាដើម្បីទប់ស្កាត់ការជួញដូរឈើ ឬបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ?
A៖ មួយគាត់ត្រូវតែពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជារបស់យើង ពីរ រដ្ឋាភិបាលត្រូវតែសហការជាមួយស្ថាប័នអន្ដរជាតិជាមួយអង្គការអន្ដរជាតិដែលគេធ្វើការពាក់ពន្ធ័ទៅនឹងការបង្ក្រាបបទល្មើសជួញដូរឈើឆ្លងប្រទេស ហើយជាពិសេសរដ្ឋាភិបាលមិនត្រូវមានចិត្ដចង្អៀតចង្អល់ចំពោះមហាជនអង្គការសង្គមស៊ីវិលនិងសគមន៍បន្ថែមទេ ត្រូវតែបើកទូលាយឱ្យយើងទាំងអស់គ្នាអាចចូលរួមក្នុងដំណើរការអភិរក្សនិងការការពារធនធានធម្មជាតិ វត្តមានក្នុងការចូលរួមរបស់សារធារណៈជន និងអង្គការសង្គមស៊ីវិលប្រជាជនមូលដ្ឋានក្នុងការទប់់ស្កាត់កុំឱ្យមានការប្រព្រឹត្តអំពើពុករលួយនៅក្នុងវិស័យធនធានធម្មជាតិរួមចំណែកកិច្ចការអភិរក្សណាមួយរបស់រដ្ឋាភិបាលធ្វើឡើងប្រកបដោយប្រសិទ្ធភាពនិងគុណភាពផងដែរ។

Q៖ តើរដ្ឋាភិបាលគួរកាត់បន្ថយការផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនដែរឬទេ?
A៖ ខ្ញុំឃើញចាប់តាំងពីអំឡុងឆ្នាំ២០១២ ការផ្ដល់ដីសម្បទាន់សេដ្ឋកិច្ចនិងត្រូវបានបិទ បានផ្អាក រដ្ឋាភិបាលមិនបានបន្តដីសម្បទានទៅឱ្យក្រុមហ៊ុនណាថ្មីនោះទេ ក៏ប៉ុន្តែនៅតែផ្ដល់សិទ្ធដល់ក្រុមហ៊ុនដែលទទួលបានដីមុនឆ្នាំ២០១២ ហើយខ្ញុំឃើញនៅតំបន់ព្រៃឡង ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច បន្ទាប់ពីប្រមូលឈើក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនប្រមូលឈើមានតំម្លៃអស់ ហើយខ្ញុំឃើញមានសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋថាក្រុមហ៊ុនទាំងអស់នោះតែងតែរំលោភចូលទៅប្រមូលឈើទៅទទួលទិញឈើពីតំបន់អភិរក្សតំបន់ការពារដែលជាកន្លែងមិនមែនរដ្ឋាភិបាលបានផ្ដលដីទៅឱ្យខ្លួនដែរ។

ក៏ប៉ុន្តែឆ្លៀតចូលទៅប្រមូលទៅមួយផ្នែកទៀតយើងឃើញថាអំឡុងមួយរយៈការមួយឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលផ្ដល់ដីសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេស តែរដ្ឋាភិបាលបែជាផ្ដល់ដីសាម្បទានទៅដល់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group)របស់អ្នកឧញ្ញ៉ា គិត ម៉េង ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងឧទ្យានជាតិបុទុមសាគរខេត្ដកោះកុង នេះរឿងមួយដែលគួរឱ្យសោកស្ដាយ នេះជាសកម្មភាពដែលធ្វើឡើងផ្ទុយពីការពីការប្រកាសរបស់រដ្ឋាភិបាល ហើយទើបថ្មីៗនេះនៅឆ្នាំ២០២២ រដ្ឋាភិបាលក៏ផ្ដល់ដីសម្បទានជាង ២០០ហិតានៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតដែលយើងហៅថាគីរីរម្យទៅឱ្យក្រុមហ៊ុន វ័ន ម៉រ (One More )អភិវឌ្ឍ ជាគម្រោងអចលនទ្រព្យផ្សេងៗ និងសុទ្ធតែសកម្មភាពដែលបង្កផលជះយ៉ាងអាក្រក់ដល់ព្រៃឈើ និងធនធានធម្មជាតិក្នុងប្រទេសកម្ពុជាយើង។

Q៖ តើប្រជាពលរដ្ឋគួរចូលរួមបែបណាដើម្បីថែរក្សារព្រៃឈើនៅកម្ពុជា?
A៖ អានេះវាជាទ្រព្យសម្បត្តិរួមរបស់ប្រទេសជាតិ ជាទ្រព្យរួមទាំងអស់គ្នា ការបោះបង់ព្រៃឈើក៏បង្កផលជះដ៏អាក្រក់ដល់ខ្មែរយើងទាំងអស់គ្នាដែរ ដូច្នេះប្រជាពលរដ្ឋយុវជនត្រូវតែចូលរួមឱ្យបានសកម្មចូលរួមចំណែកទាំងOnlineទាំង offline ធ្វើម៉េច ជុំរុញឱ្យរដ្ឋាភិបាលដើរលើផ្លូវត្រូវ ជុំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព កុំឱ្យមន្រ្ដីអាជ្ញាធរ និងធូរលុងនៅក្នុងការធ្វើឱ្យព្រៃឈើនៅក្នុងប្រទេសកម្ពុជារបស់យើងនៅបន្តបាត់បង់បែបនេះទេ។

Q៖ ប្រសិនបើព្រៃឈើនៅតែបន្តត្រូវបានកាប់បំផ្លាញតើអាចនឹងមានរឿងអ្វីកើតឡើងសម្រាប់អនាគតកម្ពុជា?
A៖ ខ្ញុំឃើញគោលនយោលបាយរបស់រដ្ឋាភិបាលបានកំណត់ថាកម្ពុជាយើងជាប្រទេសកសិកម្ម ចឹងប្រជាពលរដ្ឋភាគច្រើនជាកសិករ កាលណាបាត់បង់ធនធានព្រៃឈើវានឹងនាំឱ្យមានការប្រែប្រួលអាកាសធាតុភ្លៀងធ្លាក់មិនទៀងទាត់ហើយការបាត់បងព្រៃឈើនេះក៏អាចធ្វើឱ្យខ្វះប្រភពទឹកសម្រាប់ធ្វើកសិកម្មផងដែរ។

Q៖ ជាចុងក្រោយលោកមានអ្វីជាអនុសាសន៍ពាក់ពន្ធ័នឹងការការពារព្រៃឈើ?
A៖ ជាចុងក្រោយខ្ញុំមានអនុសាសន៍ទីមួយ រដ្ឋាភិបាលត្រូវតែបង្កើតយន្តការមួយនៅក្នុងការតាមដានការអនុវត្តច្បាប់របស់មន្រ្ដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីធនាថាពួកគាត់អនុវត្តការងារប្រកបដោយភាពស្អាតស្អំ ប្រសិទ្ធភាពនិងមិនមានការជាប់ពាក់ពន្ធ័ជាមួយនឹងឈ្មួញខិលខូច ទីពីរ រដ្ឋាភិបាលត្រូវតែអនុញ្ញាតឱ្យសហគមន៍មូលដ្ឋានដែលភាគច្រើនសុទ្ធសឹងតែជាជនជាតិដើមភាគតិច អាចត្រឡប់ទៅចូលព្រៃ អាចទៅការពារព្រៃឈើដែលជាទ្រព្យសម្បត្តិពីដូនតារបស់ពួកគាត់ ហើយទីបី រដ្ឋាភិបាលត្រូវតែបង្កលក្ខណៈ និងធានាឱ្យអង្គការសង្គមស៊ីវិលសកម្មជនអ្នកស្រលាញ់បរិស្ថានអាចចូលរួមនៅក្នុងកិច្ចអភិរក្សថែរក្សាព្រៃឈើ ដោយមិនមានការរិតត្បិត គំរាមកំហែង ឬក៏ការរាំងស្ទះណាមួយមកដល់ពួកយើង។

Q៖ បាទអរគុណច្រើនលោកម៉ាឡា។
A៖ បាទអរគុណ៕