ការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តសម្រាប់នីតិកាលទី៧ កាន់តែខិតជិតមកដល់ហើយ គណបក្សមួយចំនួនក៏បានត្រៀមខ្លួនដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់ឆ្នាំ២០២៣នេះ។
រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ប្រជាពលរដ្ឋ និងអ្នកតាមដានស្ថានភាពសង្គមនយោបាយមួយចំនួននៅតែសម្តែងការយល់ឃើញរបស់ពួកគាត់ថាតើដំណើរការណ៍នៃការបោះឆ្នោតនាពេលខាងមុខនេះនឹងប្រកបដោយសេរីនិងយុត្តិធម៌ដែរឬទេ? 
លោក វណ្ណ ប៊ុនណា សហស្ថាបនិកនៃ The Thinker Cambodia និងជាអតីតនិស្សិតបរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ អតីតនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយនៅប្រទេសឥណ្ឌា និងបច្ចុប្បន្នជាអ្នកសិក្សាស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព បានផ្តល់កិច្ចសម្ភាសន៍ឲ្យ Newsroom Cambodia ពីការយល់ឃើញរបស់លោកពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជាមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ និងថាតើកម្ពុជានឹងខាតបង់អ្វីខ្លះប្រសិនដំណើរការបោះឆ្នោតមិនប្រកបដោយ សេរី តម្លាភាព និងយុត្តិធម៌។
ដើម្បីជ្រាបកាន់តែច្បាស់ជួបជាមួលោក វណ្ណ ប៊ុណ្ណា ដូចតទៅ៖
Q: តើលោកយល់ឃើញបែបណាចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននេះមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧? 
A: បាទ! និយាយរួមបើតាមការវិវត្តន៍ថ្មីៗនេះ ទិដ្ឋភាពនយោបាយកម្ពុជាមុនពេលការបោះឆ្នោតគឺវាមិនមានភាពល្អប្រសើរទេ វានឹងមានការធ្វើទុក្ខបុកម្នេញ ឬរឹតត្បិតផ្នែកនយោបាយនៅតែបន្តទៀតផងដែរ។ ពិសេសមានការចោទប្រកាន់តាមប្រព័ន្ធតុលាការ អាចប្រើប្រាស់អំពើហិង្សានិងរឹតត្បិតចំពោះអ្នកចូលរួមក្នុងសកម្មភាពនយោបាយផងដែរ។ នេះវាគឺជាទិដ្ឋភាពនយោបាយមុនការបោះឆ្នោតនាពេលខាងមុខនេះ។
Q: តើលោកគិតថាការបោះឆ្នោតនឹងមានតម្លាភាពនិងយុត្តិធម៌សម្រាប់គណបក្សដែលចូលរួមដែរឬទេ? 
A: ទាក់ទងនឹងសំណួរទី២ យើងពិបាកទាយថា តើវាអាចមានការបោះឆ្នោតហ្នឹងដោយតម្លភាព និងយុត្តិធម៌សម្រាប់គណបក្សនយោបាយទាំងអស់ដែរអត់។ ដោយសារតែប្រសិនបើយើងគិតពីភាពតម្លាភាព និងយុត្តិធម៌ទាល់តែគណបក្សនយោបាយទាំងអស់ មានឱកាសក្នុងការចូលរួមក្នុងការឃោសនាបោះឆ្នោតធ្វើសកម្មភាពនយោបាយនិងបានស្មើៗគ្នា ដែលមានន័យថា គណបក្សកាន់អំណាចអាចឃោសនានៅកន្លែងណាបានគណបក្សប្រឆាំងអាចឃោសនានៅកន្លែងនោះបានដែរ។ 
ប៉ុន្តែសំខាន់ជារួម យើងមើលឃើញថាមកដល់ពេលនេះគណបក្សប្រឆាំងគឺគាត់បានពិបាកក្នុងការស្វែងរកទីតាំងជួលសម្រាប់ធ្វើសកម្មភាពនយោបាយរបស់គាត់ ជាពិសេសធ្វើកម្មវិធីនានាផងដែរ។ ហើយមួយវិញទៀត ពីភាពមានតម្លាភាពសម្រាប់គណបក្សទាំងនោះវាមានភាគរយតិចណាស់ដែលអាចកើតមាន។
Q: តើលោកយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់គណបក្សមួយដែលបានលើកឡើងថា បើបរិយាកាសបោះឆ្នោតនាពេលខាងមុខពោរពេញដោយភាពភ័យខ្លាចនោះកម្ពុជានឹងខាតប្រយោជន៍ច្រើន? 
A: ជាការពិតនៅពេលណាកម្ពុជាមានបរិយាកាសនៃការបោះឆ្នោតពោរពេញទៅដោយភាពខ្លាចចឹងវាធ្វើឲ្យប៉ះពាល់ដល់កម្ពុជា
ទី១៖ វាធ្វើឲ្យការបោះឆ្នោតមិនបង្ហាញអំពីការការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ច៊ឹងទេក្នុងនាមជាប្រជាពលរដ្ឋមិនបានបញ្ចេញសិទ្ធិរបស់ពួកគាត់ក្នុងការរើសអ្នកតំណាងទៅតាមអ្វីដែលជាឆន្ទៈរបស់ពួកគាត់។ ហើយវាធ្វើឱ្យគណបក្សក្រៅរដ្ឋាភិបាលពិបាកក្នុងការប្រកួតប្រជែងដូចជាការធ្វើសកម្មភាពដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជន។
ទី២៖ វាប៉ះពាល់ទៅដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញប៉ះពាល់ដល់របបគ្រប់គ្រងនយោបាយនៅកម្ពុជា ដោយសារលទ្ធិប្រជាធិបតេយ្យតម្រូវឲ្យមានការបោះឆ្នោតប្រកបដោយសេរីនិងយុត្តិធម៌កាលណាប្រសិនបើមានការបោះឆ្នោតមួយដែលពោរពេញទៅដោយបរិយាកាសភ័យខ្លាចវាធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការណ៍ប្រជាធិបតេយ្យនៅកម្ពុជា។
ទី៣៖ វាធ្វើឲ្យនយោបាយនៅកម្ពុជាប៉ះពាល់ខ្លាំងដែលជាហេតុធ្វើឱ្យបរទេសជាពិសេសសហភាពអឺរ៉ុប ដូចជាសហរដ្ឋអាមេរិក ពិចារណាដែរពីទណ្ឌកម្មក្នុងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនានា ក៏ដូចជាការដាក់ទណ្ឌកម្មទៅលើមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត។ ហើយចំណុចនេះវាធ្វើឲ្យខាតបង់ទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកនយោបាយ។ 
Q: តើលោកយល់ដូចម្តេចដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខប្រកបដោយសេរី តម្លាភាព និងយុត្តិធម៌? 
A: ខ្ញុំគិតថា ដើម្បីឱ្យមានការបោះឆ្នោតប្រកបដោយសេរីនិងយុត្តិធម៌វាកើតចេញចាប់តាំងពីពិនិត្យឡើងវិញនូវច្បាប់បោះឆ្នោត ហើយនឹងសមាសភាពទាក់ទងនិងគណៈកម្មាការរៀបចំការបោះឆ្នោត ដូចជានីតិវិធីក្នុងការបោះឆ្នោត។ ពិសេសដូចជាទិដ្ឋភាពទូទៅនៃនយោបាយកម្ពុជាហើយនិងមុនថ្ងៃបោះឆ្នោតអំពីការធានាឲ្យបាននូវភាពអាចចួលរួមបានពេញលេញពីគណបក្សនយោបាយក៏ដូចជាអ្នកនយោបាយគ្រប់រូបក្នុងដំណើរការណ៍បោះឆ្នោតហ្នឹង៕