ប្រជាពលរដ្ឋមួយចំនួនបាននិយាយថាតម្លៃទំនិញនៅលើទីផ្សារពេលបច្ចុប្បន្ននេះមានការឡើងថ្លៃ ដែលនាំឱ្យពួកគាត់មានផលលំបាកជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែការចំណាយច្រើនជាងចំណូលជាប្រចាំថ្ងៃ។

សិក្ខាកាមរបស់ Newsroom Cambodia បានសម្ភាសន៍កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយ ប្រជាពលរដ្ឋមួយចំនួន ដោយពួកគាត់បានអះអាងថាមានផលប៉ះពាល់ ដូចជាគ្មានលុយអាចទិញបាន ភាគច្រើនសម្ភារៈ មានដូចជាសម្លៀកបំពាក់ជាដើម ដែលមានការឡើងថ្លៃ។

លោកនី សុវណ្ណារ៉ា ជាសិស្សទើបតែបញ្ចប់ថ្នាក់ទី១២ មកពីខេត្តពោធិ៍សាត់ បានលើកឡើងថា តម្លៃទំនិញក្នុងពេលបច្ចុប្បន្នភាគច្រើនមានការឡើងថ្លៃហើយចំណូលដែលប្រជាពលរដ្ឋរកបានមានចំនួនតិច ជាហេតុបង្កឱ្យមានអតិផរណាសម្រាប់មនុស្សគ្រប់រូប វាមានភាពខុសគ្នាខ្លាំងរវាងតម្លៃទំនិញនៅទីក្រុង និងនៅជនបទ ព្រោះភាគច្រើនទំនិញនៅទីក្រុងមានតម្លៃថ្លៃជាងជនបទ ស្ទើរតែគុណនឹងពីរទៅហើយ សូម្បីបន្លែត្រីសាច់គឺខុសគ្នា។

នី សុវណ្ណារ៉ា

ទំនិញដែលភាគច្រើនមានតម្លៃឡើងថ្លៃគឺម្ហូបអាហារ សម្លៀកបំពាក់ គ្រឿងទេសសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយជាដើម។
លោកបានបញ្ជាក់ថា ៖ «វាពិតជាមានការពិបាកក្នុងការរស់នៅដោយសារតែយើងរកចំណូលបានតិច ប៉ុន្តែត្រូវចំណាយច្រើនដើម្បីទិញទំនិញទាំងអស់នឹងយកមកប្រើប្រាស់ហើយសម្រាប់និស្សិតក្រីក្រមកពីតាមខេត្តគាត់ពិតជាមានការលំបាកក្នុងការរស់នៅណាស់ វាអាចបង្អាក់ការសិក្សា រៀនសូត្ររបស់ពួកគាត់ក្នុងសិក្សានៅទីក្រុងបានទៀតផង»

លោកបានសំណូមពរទៅកាន់រាជរដ្ឋាភិបាលឱ្យជួយគាំទ្រផលិតផលរបស់ប្រជាជនយើងបណ្ដុះបណ្ដាលទីផ្សារក្នុងស្រុកឱ្យមានការរីកចម្រើន និងដើរជាងមុនដើម្បីឱ្យតម្លៃទំនិញមានការចុះថោកជាងមុន។

អ្នកស្រីសាយ សុភា ជាមន្ត្រីរាជការនៅក្នុងស្ថាប័នមួយកន្លែងបានលើកឡើងថាតម្លៃទំនិញក្នុងពេលបច្ចុប្បន្នគឺមិនមានការថយចុះនោះទេអ្វីៗកាន់តែថ្លៃឡើងៗ បើបានឡើងហើយគឺមិនមានការចុះថ្លៃវិញនោះទេ ប៉ុន្តែសម្ភារៈ និងអាហារខ្លះក៏មានតម្លៃធូរថ្លៃផងដែរ អាស្រ័យលើសម្ភារៈដែលយើងត្រូវទិញតិច ឬច្រើនទៅតាមតម្រូវការពីមួយថ្ងៃ ទៅមួយថ្ងៃ។

អ្នកស្រីបានបញ្ជាក់ថា៖ «ការទិញដូរសម្ភារៈហូបចុកអីៗហ្នឹងមិនមែនមានតែនៅស្រុកខ្មែយើងទេ យើងអាចទិញពីប្រទេសផ្សេង ឬស្រុកក្រៅមកថ្លៃ ហើយគេលក់ក្នុងស្រុកយើងក៏ថ្លៃដែរ តែបើយើងអាចបង្កបង្កើនផលិតផលក្នុងស្រុកបាន អ្វីៗនឹងមានការថយចុះតម្លៃទីផ្សារបានដូចថាវាអត់សូវឡើងថ្លៃព្រោះយើងអត់សូវទិញពីស្រុកក្រៅមក ប៉ុន្តែខ្ញុំមើលឃើញក្នុងស្រុកទេសយើងមានការខ្វះខាតច្រើនសូម្បីសម្ភារៈ ជី បន្លែក៏ទិញមកពីគេថ្លៃ បើសិនជាយើងលក់ថោកអញ្ចឹងវាអត់ចំណេញទេ វាខាត បើកាលពីមុនការលក់ដូរអ្វីលុយថ្លៃរបស់ថោក តែមកឥឡូវ បែជាលុយថោក របស់ថ្លៃ»។

អ្នកស្រីបានបន្តថា ចំពោះតម្លៃទំនិញមានការឡើងថ្លៃវាមិនសូវជាមានផលប៉ះពាល់ខ្លាំងសម្រាប់អ្នកមានជីវភាពធូធារនោះទេ តែបើសម្រាប់អ្នកក្រីក្ររកព្រឹក ខ្វះល្ងាចវាមានផលប៉ះពាល់ច្រើនព្រោះយើងបានកម្រៃតិចហើយត្រូវចំណាយទៅវិញទ្វេដង វាជាផលលំបាកដល់អ្នករកស៊ីលក់ដូរបានតិចតួចអ្នកមានមុខរបរតូចទាប មិនអាចបម្រើតម្រូវការចាយវាយបានគ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ។

អ្នកស្រីក៏បានសំណូមពរឱ្យរាជរដ្ឋាភិបាលមានការទប់ស្កាត់កុំឱ្យទំនិញឡើងថ្លៃ និងឱ្យមានការថ្លឹងថ្លែងមើល ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

កញ្ញាផេង សៀវហុង ជាសិស្សទើបបញ្ចប់ថ្នាក់ទី១២ មកពីខេត្តកណ្ដាល បានលើកឡើងថាតម្លៃទំនិញវាចេះតែឡើងថ្លៃប៉ុន្តែតម្លៃលុយវិញវាចុះថោក ហើយវាមានផលលំបាកសម្រាប់អ្នកដែលគាត់មានជីវភាពខ្សត់ខ្សោយដែលមានចំណូលតិចតួចវាធ្វើឱ្យពួកគាត់ពុំមានថវិកាគ្រប់គ្រាន់សម្រាប់ការចំណាយទៅលើការបរិភោគ របស់ប្រើប្រាស់មួយចំនួនដើម្បីផ្គត់ផ្គង់សមាជិកក្នុងគ្រួសារវាអាចប្រឈមមុខនឹងការឈឺជាដើម។

ផេង សៀវហុង

កញ្ញាបានបញ្ជាក់ថា៖ «បើចង់ឱ្យអ្នកលក់ លក់ចុះថោកក៏យើងត្រូវគិតដែលថាអ្នកលក់គាត់លក់ចំណេញដែរអត់?ដោយសារតែទំនិញភាគច្រើនយើងនាំចូលពីស្រុកគេ ហើយវាថ្លៃដោយសារតែការតម្លើងពន្ធ តែក៏មានអ្នកលក់មួយចំនួនដែលពូកគាត់ចង់បានចំណេញហួសហេតុពេកដោយគាត់មិនបានយល់ពីផលប្រយោជន៍អ្នកដទៃពួកគាត់គិតតែពីខ្លួនឯង»។

កញ្ញាផេង សៀវហុងបានសំណូមពរទៅកាន់រាជរដ្ធាភិបាលជួយកាត់បន្ថយពន្ធដារក្នុងការដឹកជញ្ជូនផលិតផលផ្សេងៗចូលមកក្នុងប្រទេសយើងដើម្បីឱ្យអាជីវករយើងក្នុងស្រុកគាត់លក់តាមតម្លៃទីផ្សារដែលមាននោះផងដែរ។

កញ្ញាផាង ធីតា ជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផ្នែកព័ត៌មានវិទ្យា បានលើកឡើងថាតម្លៃទំនិញក្នុងពេលបច្ចប្បន្នគឺមានការឡើងថ្លៃដែលភាគច្រើនមានការឡើងថ្លៃចំពោះចំណីអាហារ សម្លៀកបំពាក់ គ្រឿងតុបតែងខ្លួនអីជាដើម វាបានប៉ះពាល់ពេលខ្លះយើងខ្វះលទ្ធភាពទិញលើមុខទំនិញទាំងនោះវាបង្ករផលលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ធដែលមានជីវភាពក្រីក្រ៕