យុវជនមួយក្រុមបាននាំគ្នាហែញ្ញាត្តិយកទៅដាក់នៅក្រសួងព័ត៌មានដើម្បីឱ្យក្រសួងពិចារណាឡើងវិញចំពោះការបិទសារព័ត៌មានឯករាជ្យកន្លងមកនៅកម្ពុជា។

នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ យុវជនចំនួន១០នាក់នាំគ្នាំហែញ្ញាត្តិចេញពីហាងការហ្វេមួយកន្លែងនៅខាងមុខមន្ទីពេទ្យកាល់ម៉ែតទៅក្រសួងព័ត៌មានដើម្បីឱ្យក្រសួងពិចារណាឡើងវិញចំពោះការបិទស្ថាប័នសារព័ត៌មានឯករាជ្យកន្លងមកនៅក្នុងប្រទេសកម្ពុជា។

លោកស្វាយ សំណាង ជាអតីតសមាជិកយុវជនខ្មែរថាវរៈបានប្រាប់Newsroom Cambodia ថាការដាក់ញ្ញាត្តិនេះគឺដើម្បីឱ្យក្រសួងព័ត៌មានពិនិត្យមើលឡើងវិញចំពោះក្រសួងបានលុបអាជ្ញាប័ណ្ណរបស់ VOD និងសារព័ត៌មានផ្សេងទៀតដែលរដ្ឋាភិបាលបានបិទកន្លងមក។

លោកថាសារព័ត៌មានឯករាជ្យមានវិជ្ជាជីវៈមានសារៈសំខាន់ណាស់នៅក្នុងប្រទេសកម្ពុជាហើយសារព័ត៌មានឯករាជ្យដើរតួយ៉ាងសំខាន់ដើម្បីផ្សព្វផ្សាយពីភាពអសកម្មរបស់មន្រ្ដី អាជ្ញាធរ ផ្សាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីនិងបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងសង្គមប្រជាធិបតេយ្យ។

យុវជនមួយក្រុមបាននាំគ្នាហែញ្ញាត្តិយកទៅដាក់នៅក្រសួងព័ត៌មាន

លោកលើកឡើងថា៖ « យើងមើលឃើញថាប្រទេសកម្ពុជារបស់យើងមានស្ថាប័នសារព័ត៌មានច្រើនណាស់[…]សារព័ត៌មានមួយចំនួននៅក្នុងប្រទេសមិនមានតម្លាភាព មិនមានឯករាជ្យ។ សារព័ត៌មានដែលរដ្ឋាភិបាលបានលុបអាជ្ញាប័ណ្ណកន្លងទៅសុទ្ធសឹងតែសារព័ត៌មានដែលបានផ្សព្វផ្សាយពីភាពអសកម្មរបស់មន្រ្ដីអាជ្ញាធរ រឿងអំពើពុករលួយ រឿងកេងប្រវ័ញ្ចន៍សារព័ត៌មានទាំងអស់នោះផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹង»។

លោកថានៅពេលដែលរដ្ឋាភិបាលបានបិទសារព័ត៌មានឯករាជ្យទាំងអស់នោះធ្វើឱ្យរដ្ឋាភិបាលខ្លូនឯងលែងបានដឹងព័ត៌មានពីភាពអសកម្មរបស់មន្រ្ដីអាជ្ញាធរ លោកថារដ្ឋាភិបាលបើចង់ដឹកនាំប្រទេសឱ្យមានប្រជាធិបតេយ្យមានការគោរពសិទ្ធិមនុស្សមាននិតិរដ្ឋត្រឹមត្រូវលុះត្រាតែមានសារព័ត៌មានឯករាជ្យធ្វើជាកញ្ចក់ឆ្លុះបង្ហាញពីភាពអសកម្មរបស់សង្គមដើម្បីឱ្យរដ្ឋាភិបាលបានដឹង។

លោកបន្ថែមថា៖ « ខ្ញុំយល់ឃើញថាការដាក់ញ្ញាត្តិនេះត្រឹមត្រូវការបិទសារព័ត៌មានឯករាជ្យខ្ញុំមិនសប្បាយចិត្ដទេ កន្លងទៅខ្ញុំចង់ដឹងអីផ្សេងៗគឺខ្ញុំតែងតែតាមដានសារព័ត៌មានទាំងអស់ហ្នឹង រដ្ឋាភិបាលបានបិទស្ថាប័នទាំងអស់ហ្នឹងគឺហាក់បីដូចជាខ្ញុំរស់នៅក្នុងសង្គមមួយគឺអត់បានយល់ដឹងពីស្ថានសង្គមហ្នឹង»។

លោក កែ ចំរើន ជាប្រធានក្លឹបយុវជនបៃតងបានប្រាប់Newsroom Cambodia ថាមូលហេតុដែលលោកចង់ឱ្យក្រសួងព័ត៌មានបើកដំណើរកាឡើងវិញចំពោះស្ថាប័នសារព័ត៌មានឯករាជ្យដោយសារឆ្នាំនេះនៅក្នុងប្រទេសកម្ពុជាមានព្រឹត្តិការណ៍បោះឆ្នោត។

លោកលើកឡើងថា៖ «នៅក្នុងឆ្នាំនេះយើងមានព្រឹត្តិការណ៍បោះឆ្នោតចឹងយើងចង់ឱ្យមានវត្តមានសារព័ត៌មានឯករាជ្យឬក៏មានVODហ្នឹងដើម្បីឱ្យគាត់ផ្សព្វផ្សាយព័ត៌មានពីការបោះឆ្នោតទៅដល់ប្រជាពលរដ្ឋមូលដ្ឋាន»។
លោកថាសារព័ត៌មានឯករាជ្យមានសារៈសំខាន់ដោយសារប្រទេសកម្ពុជាកាន់លិទ្ធិប្រជាធិបតេយ្យលោកថាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំជ្រើសរើសដំណាងរាស្រ្ដប្រជាពលរដ្ឋគាត់ត្រូវមានព័ត៌មានពេញលេញដើម្បីគាត់ទៅបោះឆ្នោតជ្រើសរើសបានមេដឹកនាំត្រឹមត្រូវ។

លោកប្រាប់ថារាល់ថ្ងៃនេះពលរដ្ឋដែលរស់នៅភ្នំពេញងាយស្រួលរកព័ត៌មានជាងអ្នកដែលរស់តាមទីជាន់បទជាពិសេសព័ត៌មានឯករាជ្យគ្រប់ជ្រុងជ្រោយលោកថាភាគច្រើនដែលពលរដ្ឋតាមដាននោះគឺគាត់ទទួលបានតាមរយៈហ្វេសប៊ុកដែលជាព័ត៌មានមិនជាផ្លូវការ។

លោកបន្តថា៖ « ចឹងបើសិនមានស្ថាប័នសារព័ត៌មាន[ឯករាជ្យ ]គឺគាត់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយព្រោះដោយសា សារព័ត៌មានឯករាជ្យសរសេរអ្វីដែលជាការពិត»។

កញ្ញា អាន ស្រីអូន ជានិស្សិតរៀននៅRUPPឆ្នាំទី៣ បានប្រាប់Newsroom Cambodia ថាការដែលកញ្ញាមកចូលរួមដាក់ញ្ញាត្តិនៅថ្ងៃនេះចង់ឱ្យក្រសួងពិចារណាឡើងវិញទាក់ទង់នឹងការបិទសារព័ត៌មានឯករាជ្យ។កញ្ញាមើលឃើញថាសារព័ត៌មានមួយចំនួនដែលនៅតែបន្តបើករាល់ថ្ងៃនេះគឺមិនសូវហានផ្សព្វផ្សាយពីបញ្ហា នយោបាយ ការកាប់បំផ្លាញព្រៃឈើបញ្ហាពលរដ្ឋរងគ្រោះដីធ្លីទេ កញ្ញាថាសារព័ត៌មានឯករាជ្យមានសារៈសំខាន់ណាស់នៅពេលដែលមានសារព័ត៌មានឯករាជ្យកញ្ញាទទួលបានព័ត៌មានដែលពិតប្រាកដអត់លំអៀង។

កញ្ញាលើកឡើងថា៖ « ចឹងហើយបានចង់ឱ្យមានសារព័ត៌មានឯករាជ្យដើម្បីឱ្យយើងទទួលបានព័ត៌មានមួយដែលវាគ្រប់ជ្រុងជ្រោយទាំងអស់វាមិនមែនផ្សព្វផ្សាយតែម៉ាដុំៗ»។

លោក វ៉ែន រតនា អនុប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងព័ត៌មានចេញមកទទួលញ្ញាត្តិបានប្រាប់Newsroom Cambodia ថាក្រោយពីរលោកទទួលយកញ្ញាត្តិនេះហើយលោកនឹងឆ្លងទៅរដ្ឋមន្រ្ដីក្រសួងព័ត៌មាន។
លោកលើកឡើងថា៖ «ខ្ញុំឆ្លងទៅឯកឧត្ដមរដ្ឋមន្រ្ដីបើឯកឧត្ដមគាត់មានប្រសាសន៍យ៉ាងម៉ិចអីយ៉ាងម៉ិចខ្ញុំផ្ដល់ឱ្យខាងស្នើសុំវិញ»៕