ពលរដ្ឋមកពីខេត្ដចំនួន ០៤ដែលមានជម្លោះដីធ្លី បានឡើងមកភ្នំពេញដើម្បីដាក់ញត្តិនិងតាមដានញត្តិនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្ដី និងក្រសួងពាក់ព័ន្ធនានាដើម្បីជំរុញឱ្យមានការដោះស្រាយជូនពលរដ្ឋ។

ពលរដ្ឋជាង ១០០០នាក់តំណាងឱ្យពលរដ្ឋរងគ្រោះដីធ្លីចំនួន ៤២០៦គ្រួសារមកពីខេត្ដចំនួន ០៤បាននាំគ្នាឡើងមកភ្នំពេញដើម្បីដាក់ញត្តិ និងតាមដានញត្តិដែលបានដាក់ពីមុននៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង និងសហភាពអឺរ៉ុប(EU) ដើម្បីជំរុញឱ្យមានដំណោះស្រាយជូនពលរដ្ឋរងគ្រោះដីធ្លី។

ពលរដ្ឋដែលឡើងមកនោះរួមមានខេត្ដកោះកុង កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ នៅក្នុងនោះមានសហគមន៍ចំនួន ០៧រួមមាន សហគមន៍អង្គធំ សហគមន៍ភ្នំក្រោម សហគមន៍ឃ្លាំងទឹក៧៨ សហគមន៍តាពេន សហគមន៍ស្គន សហគមន៍ស្នាសង្គ្រាម និងសហគមន៍ត្រពាំងសេះ ដែលមានជម្លោះដីធ្លីជាមួយអ្នកមានអំណាចមានលុយ។

អ្នកស្រីឥន ផល អាយុ៦៣ឆ្នាំរស់នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប បានប្រាប់Newsroom Cambodia ថាអាជ្ញាធរ ភូមិរហូតដល់អាជ្ញាធរថ្នាក់ខេត្ដ បានដកយកដីរបស់គាត់ យកទៅដាក់បញ្ចូលជាដីរបស់សហគមន៍។ គាត់ថាដីរបស់គាត់មានឯកសារ សលាកបត្រព័ត៌មានចាប់តាំងតែពីឆ្នាំ២០០២។

ពលរដ្ឋរងគ្រោះដីធ្លីមកជួបជុំគ្នានៅសួនមុខវត្តបុទុមវត្តីដើម្បីដាក់ញ្ញាត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ រូបថត៖ សួន វុត្ថា

អ្នកស្រីបានប្រាប់ថាដីរបស់គាត់មានដាំដំណាំដូចជាដំឡូង ស្វាយ និងរស់នៅកាន់កាប់ ហើយគាត់ថាអាជ្ញាធរមានមេភូមិ មេឃុំ ស្រុក ខេត្ដ បានចុះមកដកដីគាត់ និងពលរដ្ឋដ៏ទៃទៀតចំនួន ១២គ្រួសារយកទៅដាក់ជាដីសហគមន៍នៅឆ្នាំ២០២១នេះទេ។

អ្នកស្រីបានលើកឡើងថា៖ «ផលលំបាកពីរឿងធ្វើស្រែ ធ្វើចំការពេលអ៊ំភ្ជួរទៅ ទាល់តែអ៊ំបង់លុយទៅឱ្យលោកសហគមន៍ហ្នឹង លោកទាហានទាល់តែខ្ញុំឱ្យលុយទៅគេបានគេឱ្យខ្ញុំភ្ជួរ»។

អ្នកស្រីមុំ សុភី អាយុ៤៤ឆ្នាំរស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ជាតំណាងឱ្យពលរដ្ឋសហគមន៍រស្មីសាមគ្គី បានប្រាប់ Newsroom Cambodia ថាអ្នកស្រីឡើងមកនេះគឺដោយសារបាត់បង់ដីធ្លីដោយសារតែក្រុមហ៊ុនរបស់លោកឧកញ៉ាម្នាក់ដែល បានរំលោភយកតាំងតែពីឆ្នាំ២០១១មករហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានដំណោះស្រាយនោះទេ។

អ្នកស្រីថាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននៅក្នុងខេត្ដកំពង់ស្ពឺមានចំនួន ១១៩៧គ្រួសារដែលមានឈ្មោះប្តឹងឡើងមកក្រសួង។

អ្នកស្រីបានលើកឡើងថា៖ «ថ្ងៃហ្នឹងខ្ញុំដាក់[ញត្តិ]បីស្ថាប័នទីមួយខ្ញុំដាក់ទៅក្រសួងមហាផ្ទៃ ទីពីខ្ញុំដាក់ទៅ EU (សហភាពអឺរ៉ុប) ទីបីខ្ញុំដាក់ទៅក្រសួងដែនដី»។

តែយ៉ាងណាអ្នកស្រីនៅតែមានសង្ឃឹមថានៅមុនការបោះឆ្នោតខាងមុខនេះ អាជ្ញាធរនឹងស្តារមុខមាត់កិត្តិយសគាត់ឡើងវិញតាមរយៈរកដំណោះស្រាយជូនពលរដ្ឋ អ្នកស្រីថាបើសិនជាមិនមានដំណោះស្រាយជូនពលរដ្ឋទេ ពលរដ្ឋនៅតែបន្ត តវ៉ានៅតាមក្រសួងពាក់ពន្ធ័ដដែល។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំនឹងតស៊ូមតិបន្តទៀត ដេកត្រាំត្រើយនៅមុខក្រសួងដើម្បីឱ្យក្រសួងដោះស្រាយជូន ពលរដ្ឋវិញដើម្បីស្តារ ជីវភាព។ ជួបផលលំបាកយ៉ាងខ្លាំង ទីមួយគ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានដីសម្រាប់បង្កបង្កើនផល ទីពីរចំណាកស្រុក ទីបីដែលខ្លាំងបំផុត ទំនាស់ជាមួយអាជ្ញាធរនៅមូលដ្ឋានដូចសត្រូវផ្តាច់ពូជ មិនមែនជាខ្មែរចឹង ថ្ងៃហ្នឹងខ្ញុំមកក្រសួងដែនដី ពួកគាត់ [អាជ្ញាធរ ] ស្ទាក់ខ្ញុំឡើងបីកន្លែង ស្ទាក់ហើយពួកខ្ញុំដើរប្រហែលជាង១០គីឡូ[ម៉ែត ] បានខ្ញុំមានឡានជិះខ្ញុំដើរកាត់ព្រៃដើម្បីវាងពួកគាត់ព្រោះមិនចង់មានទំនាស់»។

អ្នកស្រីខ្មៅ វ៉ែន អាយុ៣៧ រស់នៅភូមិប្រលាន ឃុំកណ្ដោល ស្រុកបុទុមសាគរ ខេត្ដកោះកុង ជាតំណាងសហគមមន៍ភូមិប្រលានបានប្រាប់Newsroom Cambodia ថាអ្នកស្រីឡើងមកភ្នំពេញនៅថ្ងៃនេះគឺដើម្បីមកដាក់ញត្តិតាមដានញត្តិ និងជំរុញឱ្យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជួយរកដំណោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋនៅសហគមន៍របស់អ្នកស្រីដែលបានបាត់បង់ដីជាច្រើនឆ្នាំមកហើយ។

អ្នកស្រីលើកឡើងថា៖ «ពួកខ្ញុំបាត់បង់[ដី]ជាយូរឆ្នាំមកហើយតវ៉ាយូរឆ្នាំដែរតវ៉ាតាំងពីឆ្នាំ២០១៦មកម្លេះ តែអត់មានដំណោះស្រាយឱ្យពួកខ្ញុំសោះឥឡូវដើរចុះដើរឡើងអត់មានលុយមានកាក់ទេ»។

អ្នកស្រីប្រាប់ថានៅថ្ងៃដែលពលរដ្ឋឡើងមកដាក់ញត្តិត្រូវបានអាជ្ញាធរឃាត់ឡានមិនឱ្យឡានដឹកពលរដ្ឋឡើងមកដាក់ញត្តិ ពលរដ្ឋនាំគ្នាចុះពីលើឡាននាំគ្នាដើរមកដល់ពេជ្រនិលទើបបានឡានជិះវិញ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំនៅបន្តតវ៉ាដីធ្លីរហូតខ្ញុំអត់ចុះចាញ់ទេព្រោះពួកខ្ញុំបាត់បង់ពិតប្រាកដ»។

មន្រ្ដីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន លោកគង់ ចំរើន បានប្រាប់Newsroom Cambodia នៅកន្លែងទទួលញត្តិថាលោកមិនអាចឆ្លើយតបបានទេដោយសាតែការទទួលយកញត្តិនេះនៅមិនទាន់អស់ទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័គ បានប្រាប់Newsroom Cambodia ថាលោកនៅមិនទាន់បានឃើញញត្តិនោះទេ។

លោកលើកឡើងថា៖ «ខ្ញុំអត់ទាន់ឃើញញត្តិផង»។

បុរសម្នាក់ដែលបានចេញពីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ មកទទួលយកញត្តិពីតំណាងប្រជាពលរដ្ឋទាំងអស់នៅខាងមុខក្រសួង ហើយបាននិយាយប្រាប់ឱ្យពលរដ្ឋត្រឡប់ទៅផ្ទះវិញ ហើយនៅថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣ ឱ្យតំណាងពលរដ្ឋឡើងមកទទួលលទ្ធផលការឆ្លើយតបពីខាងក្រសួងវិញ។

លោកលើកឡើងថា៖ «សូមបងប្អូនត្រឡប់ទៅផ្ទះវិញហើយនៅថ្ងៃទី៧ ឱ្យតំណាងរបស់បងប្អូនពី ឬបីនាក់ឡើងមកយកលទ្ធផលពីខាងក្រសួង»។

Newsroom Cambodia មិនអាចសុំការឆ្លើយតបពីស្ថានទូតសហភាពអឺរ៉ុប (EU)បានទេនៅថ្ងែព្រហស្បតិ៍នេះបានទេដោយផ្ញើសំណួរតាមអ៊ីម៉ែលមិនមានការឆ្លើយតប។

លោកញ៉ិល ភាព មន្រ្ដីជាន់ខ្ពស់ផ្នែកសម្របសម្រួល សហគមន៍ នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់Newsroom Cambodiaថាចំពោះបញ្ហាពលរដ្ឋដែលឡើងមកតវ៉ាថ្នាក់ជាតិក្នុងថ្ងៃនេះដែលមានវិវាទជាមួយលោកឧកញ៉ា ដែលជាបុគ្គលអ្នកមានអំណាចនៅជួររាជរដ្ឋាភិបាល ហើយគាត់ជាសមាជិកព្រឹទ្ធសភាមួយរូប។

លោកលើកឡើងថា៖ «នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុងមានករណីមួយចំនួនត្រូវបានដោះស្រាយរួចហើយ ប៉ុន្តែប្រជាពលរដ្ឋដែលមកទីនេះនៅពុំទាន់មានដំណោះស្រាយទេ មួយទៀត ក៏មានសហគមន៍មួយចំនួនទៀតមកនេះគឺស្វែងរកកិច្ចអន្តរាគមន៍ដោះស្រាយវិវាទជាមួយនឹងក្រុមទាហានដែលរំលោភយកដីអភិរក្សរបស់សហគមន៍ និងមានឧកញ៉ា ផ្កាយពីរ…រំលោភយកដីរបស់ពួកគាត់តាំងពីឆ្នាំ២០០៦-២០០៧»។

លោកមើលឃើញថាការទទួលញត្តិឬចាត់ឱ្យមន្ត្រីទទួលញត្តិមើលទៅដូចលេងបាយឡុក បាយឡ មើលទៅអត់ល្អមើលទេ ប៉ុន្តែអ្វីដែលពលរដ្ឋមកនេះគឺចង់ដាក់ញត្តិ ហើយបើគេទទួលញត្តិរបស់ពលរដ្ឋហើយត្រូវតែដោះស្រាយជូនពលរដ្ឋ តែយ៉ាងណាលោកសង្ឃឹមថាខាងរដ្ឋាភិបាលក៏ដូចជាមន្រ្តីស្ថាប័នពាក់ព័ន្ធ នឹងមានវិធានការណាមួយនៅក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ។

លោកថាបើសិនមិនមានដំណោះស្រាយសមរម្យទេ ចរន្តនៃការតស៊ូមតិគឺមិនអាចបញ្ចប់បានទេនៅតែបន្តរហូត ប្រជាពលរដ្ឋដែលនៅទីនេះ គឺគាត់មិនចង់មកទេទីក្រុងភ្នំពេញ ពួកគាត់មានកូនតូច មានមនុស្សចាស់ជរា ហើយឡើងមកតាំងពីយប់ មូលហេតុដែលពួកគាត់មកគឺពួកគាត់ជាជនរងគ្រោះពិតប្រាកដ បើមិនមែនជាជនរងគ្រោះពិតប្រាកដទេពួកគាត់មិនមកទេ។

លោកថាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីមូលដ្ឋានដល់ថ្នាក់ជាតិគួរឈប់ចោទប្រកាន់ពលរដ្ឋខ្លួនឯងថាជាក្រុមបក្សប្រឆាំង បដិវត្តន៍ពណ៌ ជាក្រុមជ្រុលនិយម ឬក៏ឈ្លើងសង្គមធ្វើឱ្យខូចខាតសន្តិសុខសណ្តាប់ធ្នាប់សារធារណៈ ញុះញង់បង្កឱ្យមានភាពវឹកវរ គឺជាបទចោទយ៉ាងធ្ងន់ធ្ងរណាស់មកលើប្រជាពលរដ្ឋខ្លួនឯង ហើយក្នុងនាមយើងជាអាជ្ញាធរជាម៉ែជាឪ។

លោកថានៅពេលដែលអាជ្ញាធរឃើញសកម្មភាពពលរដ្ឋមកដាក់ញត្តិ ត្រូវតែរួសរាន់ទៅទទួលយកញត្តិហើយត្រូវធ្វើកិច្ចអន្តរាគមន៍យ៉ាងណាក្នុងការដោះស្រាយបញ្ហាជម្លោះរបស់ពួកគាត់ឱ្យបានឆាប់ចប់ ហើយបើទទួលយកទៅហើយអត់បានដោះស្រាយក៏គ្មានប្រយោជន៍អ្វីដែរ។

លោកបន្ថែមថា៖ «កុំគិតថាការទទួលញត្តិហើយរួចខ្លួនមិនដោះស្រាយក៏បានឱ្យតែបានទទួលញត្តិគឺពួកគាត់ត្រឡប់ទៅផ្ទះវិញហើយ បើទទួលញត្តិហើយមិនបានអន្តរាគមន៍ដោះស្រាយទេ ចរន្តតស៊ូមតិនៅតែបន្តមានទោះបីរបត់នយោបាយថ្ងៃខាងមុខមានការបោះឆ្នោត២០២៣ ខែ៧ ហ្នឹងប្តូរនាយករដ្ឋមន្រ្តី ឬក៏គណបក្សណាជាប់ឆ្នោតក៏ដោយគឺការតស៊ូរបស់គាត់គឺបន្តចឹង ដ៏រាបណាកអត់មានដំណោះស្រាយដីធ្លី»៕