ពលរដ្ឋរស់នៅជាប់បឹងតាមោក ៧៩ខ្នងផ្ទះបាននាំគ្នាតវ៉ាសារជាថ្មីដើម្បីទាមទាឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង។
នៅព្រឹកថ្ងៃអាទិត្យទី២ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅជាបបឹងតាមោក ៧៩ខ្នងផ្ទះស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាំគ្នាធ្វើការតវ៉ាសាជាថ្មីទៀតដើម្បីទាមទាឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង។

អ្នកស្រីឈុំ អន រស់នៅសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅបានប្រាប់ Newsroom Cambodia ថាមូលហេតុដែលគាត់មិនចង់ទៅកន្លែងថ្មី គឺដោយសារនៅទីនោះមិនមានកន្លែងប្រកបមុខរបចិញ្ចឹមជីវិតបានដូចនៅកន្លែងរស់នៅសព្វថ្ងៃនេះ។ គាត់បានលើកឡើងថារាល់ថ្ងៃនៅក្នុងផ្ទះគាត់មានកូនចៅរស់នៅចំនួន ០៥គ្រូសារ។

អ្នកស្រីថាកន្លែងដែលអាជ្ញាធរដោះដូរឱ្យទៅនៅនោះគឺដីមានទំហំតូចជាងដីដែលគាត់ រស់នៅសព្វថ្ងៃហើយមិនអាចប្រកបមុខរបបានគឺបានត្រឹមតែរស់នៅហើយនៅទីនោះមានចំងាយឆ្ងាយពីសាលារៀន គាត់ប្រាប់ថារាល់ថ្ងៃគាត់ចិញ្ចឹមចៅកំព្រាចំនួន០៥នាក់ដែលនៅតូចៗ។

អ្នកស្រីបានលើកឡើងថា៖ « រស់នៅកន្លែងហ្នឹងគ្រាន់បានទៅរើសលៀសរើសខ្យងចៅៗចេញពីរៀនមករើសបាន១គីឡូ ២គីឡូ បេះត្រកួន បេះឈូក គ្រាន់[លក់] បានលុយទៅរៀនផង បើយើងទៅនៅអីណា អីណីនោះទៅរកស៊ីអីបាន ដូចខ្ញុំចាស់ចឹងទៅរកអីបាននៅនេះទៅជិតសាលាបានចៅៗទៅរៀនសព្វថ្ងៃនៅនុងសាលាឆ្ងាយយើងគ្មានម៉ូតូណាជិះបានទៅរៀនហ្នឹងគេ»។

ពលរដ្ឋនៅបឹងតាមោកកំពុងធ្វើកូដកម្មនៅបឹងតាមោក ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៣។រូបថត៖ សួន វុត្ថា

អ្នកស្រីប្រាប់ថាគាត់រស់នៅទីនេះតាំងតែពីឆ្នាំ១៩៩៣ក្រោយបោះឆ្នោះតរួចគាត់ថាពលរដ្ឋដែលរស់នៅសព្វថ្ងៃនេះនៅមានចំនួន៧៩ខ្នងផ្ទះមានទំហំដីជាង ៣ហិតា។ គាត់ថាដីដែលគាត់រស់នៅសព្វថ្ងៃមានទំហំទទឹង៥ម៉ែត បណ្ដោយ១០០ម៉ែត ហើយដីដែលអាជ្ញាធរដូរឱ្យមានទទឹង ៤ម៉ែតកន្លះ បណ្ដោយ ១៨ម៉ែតកន្លះ។

អ្នកស្រីបន្តថា៖ «ក្បាល៤ម៉ែតកន្លះ បណ្ដោយ១៨ម៉ែតកន្លះ តើគ្រួសារខ្ញុំរស់នៅបានដែរអីគ្រួសារខ្ញុំវាច្រើនសុំរស់នៅហ្នឹងកន្លែងហ្នឹងតែម្ដងសុំអត់ចេញទៅកន្លែងណាទេ។ពីមុនបានកូននេសាទត្រីបានឥឡូវពិបាកខ្លាំង រស់នៅទឹកដីកន្លែងហ្នឹងពិបាកមែនប៉ុន្តែស្រនុកយើងរកមុខរបប។ឱ្យយើងទៅនៅ អីនុងមិនដឹងផ្លូវណាលក់ដូនៅកន្លែងនុង មិនដឹងបឹងនៅណានៅកន្លងហ្នឹងគ្រាន់មានបឹងនៅតិចតួច»។

លោកប៉ន ពៅ អាយុ៣៧ឆ្នាំ បានប្រាប់Newsroom Cambodia ថាលោកចេញមកតវ៉ានៅថ្ងៃនេះគឺដើម្បីឱ្យអាជ្ញាធរជាពិសេសលោកអភិបាលខណ្ឌព្រែកព្នៅជួយចេញប្លង់កម្មសិទ្ធិដីធ្លី និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ លោកថារាល់ថ្ងៃនេះលោករស់នៅដូចជនអន្តោប្រវេសន៍ចឹង លោកប្រាប់ថាដីដែលលោករស់សព្វថ្ងៃទោះបីកាត់ចំណីផ្លូវហើយ ក៏លោកអាចថយទៅខាងក្រោយបានទៀត។

លោកថាការដូទៅកន្លែងថ្មីក៏លោកចង់ទៅដែរមិនមែនថាមិនចង់ដូនោះទេតែដោយសារដូទៅកន្លែងថ្មីមិនមានមុខរបបអ្វីសម្រាប់ចិញ្ចឹមជីវិតបានលោកថានៅកន្លែងដែលលោករស់នៅរាល់ថ្ងៃលោកអាចរករបបផ្សេងៗបានខ្លះតែទៅនៅកន្លែងថ្មីមិនអាចរកអ្វីបានទាំងអស់តែយ៉ាងណាលោកនៅតែលោកចង់បានការអភិវឌ្ឍនៅនឹងកន្លែង ជាជាងដូរទៅកន្លែងថ្មី។

លោកលើកឡើងថា៖ «មិនថាមិនចង់ដោះដូនោះទេ ប្អូនស្រលាញ់[ការដោះដូរ]ដែរដោយសារនៅនេះប្អូនរកមុខរបបនៅផ្ទះខ្លួនឯងបាន មិនមែនថាប្អូនមិនចង់ដោះដូទេដោះដូតែនៅនេះយើងរកបានខ្លះបើយើងទៅនោះវាដាច់មិនដឹងរកអ្វីបាន មួយទៀតចង់អភិវឌ្ឍនៅនឹងកន្លែងផ្ទះយើងនៅស្រាប់។ដីដែលអាជ្ញាធរដូឱ្យមានទំហំតូចជាងដីដែលខ្ញុំរស់នៅរាល់ថ្ងៃហើយមានតម្លៃថោកជាង»។

អ្នកស្រីប្រាក់ សុភាព តំណាងសហគមន៍សំរោង ភូមិសំរោងត្បូង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រាប់ Newsroom Cambodia ថា ពលរដ្ឋក្នុងសហគមន៍រស់នៅតាំងពីឆ្នាំ៩០ គឺមុនអនុក្រឹត្យដែលបានចេញ ពួកយើងសុំសិទ្ធិអភិវឌ្ឍន៍នៅនឹងកន្លែងឱ្យដូចអស់លោកមន្រ្តីដែលទទួលបានដីសម្បទានពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែរ។

អ្នកស្រីលើកឡើងថា៖ «បឹងបីពាន់ហិចតាជាងលោកអភិវឌ្ឍចុះ យើងអត់ហាមឃាត់ក្នុងការអភិវឌ្ឍទេ តែយើងសុំតែសិទ្ធិរស់នៅរបស់ពួកយើង ហើយដីពួកយើងនេះ គឺមិនប៉ះដីអនុក្រឹត្យផ្ទៃបឹងតាមោកទេ យើងរស់នៅតាំងពីឆ្នាំកៅ[១៩៩០] ៩០ យើងរស់នៅមុនអនុក្រឹត្យផ្ទៃបឹងចេញ២០១៦»។

អ្នកស្រីថាពលរដ្ឋក្នុងសហគមន៍មិនទទួលយកគោលនយោបាយដោះដូររបស់អាជ្ញាធរឱ្យយើងដោះដូរទៅនៅដីដែលអាជ្ញាធរថាល្អនឹងទេ ដីផ្ទះពួកយើងនេះជាដីអត់ល្អ ដូចនេះពួកយើងសូមនៅលើដីអត់ល្អរបស់ពួកយើងអត់ចង់ទៅនៅដីដែលល្អ ដែលអាជ្ញាធរជ្រើសរើសឱ្យពួកយើងទេ។

អ្នកស្រីបន្ថែមថា៖ « ដីដែលល្អអត់អាចប្រកបអាជីវកម្មរស់នៅបានទេ ហើយសំណង់មិនរឹងមាំទៀត។ បើសិនមិនឱ្យយើងរស់នៅសូមទិញយើងតាមតម្លៃទីផ្សារ សូមដោះស្រាយតម្លៃសមស្រប តម្លៃសមរម្យហ្នឹងពួកយើងទទួលយកគោលនយោបាយដោះដូរ»។

អ្នកស្រីថាដីរបស់ពលរដ្ឋសរុបប្រហែល៥ហិចតា ហើយពលរដ្ឋមានចំនួន២៥០គ្រួសារ ១០៨ខ្នងផ្ទះ ហើយឥឡូវនេះមានអ្នកខ្លះដោះដូរអ្នកខ្លះលក់អស់ចំនួន៣១ខ្នងផ្ទះ ឥឡូវនៅសល់៧៩ខ្នងផ្ទះហើយនៅក្នុងមួយផ្ទះមានបីគ្រួសារ ឬប្រាំគ្រួសារ ។

លោក វណ្ណ សូផាត មន្រ្ដីសម្របសម្រួលផ្នែកធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់Newsroom Cambodia ថាប្រជាពលរដ្ឋមានសិទ្ធិមួយរយភាគរយ មានសិទ្ធិពេញច្បាប់ក្នុងការ ទាមទារឱ្យមានដំណោះស្រាយ ហើយជាពិសេសគឺការទាមទារឱ្យមានការភិវឌ្ឍនៅនឹងកន្លែង។

លោកថាមូលហេតុដែលពលរដ្ឋមិនចង់ដូទៅកន្លែងថ្មីដោយសារដីដែលគាត់ត្រូវទទួលហ្នឹងបានមានទំហំតូចជាងហើយវាមានតម្លៃក៏ថោកជាងទីផ្សារ។

លោកលើកឡើងថា៖ « បើតាមខ្ញុំដឹងសំណង់ដែលធ្វើឱ្យពួកគាត់ហ្នឹងក៏អត់មានភាពរឹងមាំដែរ ជួនកាលទៅមានខ្យល់ឬមួយក៏មានបញ្ហាតិចតួចគឺថារលំវាអត់មានភាពរឹងមាំ គ្មានរចនាសម្ព័ន្ធគ្រប់គ្រាន់ទេទី១ ហើយទី២ទាក់ទងនឹងតម្លៃទីផ្សារ ឃើញថាបច្ចុប្បន្ននេះនៅម្តុំបឹងតាមោក ពិសេសនៅម្តុំដែលពួកគាត់រស់នៅគឺថាមានតម្លៃថ្លៃ»។

លោកមើលឃើញថាការសងសំណងឱ្យពលរដ្ឋមានតម្លៃថោកជាងតម្លៃដីដែលពលរដ្ឋកាន់កាប់ឆ្ងាយណាស់ចឹងពលរដ្ឋមិនអាចទទួលយកបានទេ លោកថាកន្លងមករដ្ឋាភិបាលគាត់ធ្លាប់បានដោះស្រាយឱ្យមានការអភិវឌ្ឍនៅនឹងកន្លែងដែរបើតាមច្បាប់។

លោកបន្តែមថា៖ «រដ្ឋធម្មនុញ ច្បាប់ភូមិបាល ច្បាប់អស្សាមិករណ៍ សុទ្ធតែបានចែងយ៉ាងច្បាស់ម្ចាស់អចលនទ្រព្យ ត្រូវទទួលបានសំណង សមរម្យដោយយុត្តិធម៌ តាមតម្លៃទីផ្សារ អាចទទួលយកបាន ចឹងការបណ្តេញពួកគាត់ចេញ ហើយបង្ខំពួកគាត់ឱ្យទទួលយក ទីតាំងដែលតូចជាងគាត់ ឬមិនសមរម្យ ហើយតម្លៃសំណង មិនសមទៅតាមទីផ្សារ ប្រជាពលរដ្ឋមានសិទ្ធ ទាមទារ ឱ្យមានដំណោះស្រាយទទួលយកបាននិងយុត្តិធម៌»។

តំបន់បឹងតាមោក ឬ បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩ហិកតា ជាអាងស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងមួយនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់យកបឹងធម្មជាតិមួយនេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុងខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោក សរុបជាង២ ០០០ហិកតាហើយត្រូវបានរដ្ឋាភិបាលកាត់ឬដោះដូរទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នកមានលុយមានអំណាច សម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ពន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម៕