ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ខេត្តព្រះវិហារ បានរកឃើញបទល្មើសកាប់ឈើប្រណីតៗ ជិត២០០ករណីបន្ថែមទៀត ក្នុងតំបន់ព្រៃព្រះរកា ខណៈ មន្រ្តីសង្គមស៊ីវិលអស់ជំនឿលើអាជ្ញាធរក្នុងការទប់ស្តាត់ការកាប់ឈើក្នុងព្រៃអភិរក្សមួយនេះ។

សេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយចេញផ្យាយថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បទល្មើសកាប់ឈើថ្មីចំនួន ១៩៨ករណី រួមមានប្រភេទដើមឈើប្រណីតៗដូចជា ផ្តៀក ស្ទៀង កកោះ តត្រាវ និងឈើទាល បានរងការកាប់បំផ្លាញជាហូរហែ ក្រោយពេលពួកគេចុះល្បាតត្រឹមរយៈពេល ៣ថ្ងៃ។

តំណាងសហគមន៍ជនជាតិដើមភាគតិចកួយលោក ខាក់ ភារិទ្ធម៉ាស៊ី វ័យ២៣ឆ្នាំ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ដល់២៥ ខែមីនា ឆ្នាំ២០២៣ ប្រជាសហគមន៍ក្នុងភូមិប្រមេរ បានចុះឃ្លាំមើលស្ថានភាពព្រៃឈើក្នុងព្រៃព្រះរកា ក៏ប្រទះឃើញករណីអារឈើប្រណីតៗ ដោយមិនមានការហាមឃាត់ពីអាជ្ញាធរនោះទេ។ លោកបង្ហាញការសោកស្តាយចំពោះធនធានធម្មជាតិដែលនៅតែបន្តរងការវិនាសនៅតំបន់ព្រៃព្រះរកា ដោយថា អាជ្ញាធរបានបើកដៃឱ្យមានការកាប់បំផ្លាញឈើជាបន្តបន្ទាប់ ជាថ្នូរទទួលការសូកប៉ាន់ពីសំណាក់ជនល្មើសទាំងនោះ។

បើតាមលោក ខាក់ ភារិទ្ធម៉ាស៊ី រូបភាពបំផ្លាញព្រៃឈើនៅក្នុងព្រៃព្រះរកា គឺជនល្មើសបានប្រើប្រាស់ប្រជាពលរដ្ឋឱ្យស៊ីឈ្នួលចូលក្នុងព្រៃកាប់ឈើ​ ដោយឈើទំហំ១ម៉ែត្រគូប ពលរដ្ឋអាចទទួលបានថវិកាចំនួន ១៥ម៉ឺនរៀល។ លោកថា ក្នុងមួយថ្ងៃៗ ពលរដ្ឋដែលរកស៊ីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃព្រះរកា អាចរកចំណូលបានពី ១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល  ដោយមានថៅកែជាអ្នកមានអំណាចកាងនៅពីក្រោយខ្នង ​និងចាំបង់លុយឱ្យអាជ្ញាធរ។

លោកថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដោយសារតែព្រៃឈើ ជាប្រភពប្រាក់ចំណូលរបស់សហគមន៍ អាស្រ័យផល [ចៀរជ័រ] ទៅលើព្រៃឈើ បើព្រៃឈើអស់ ពួកខ្ញុំមិនដឹងជាពឹងអីទៀត។ មួយទៀតអាចទាក់ទាញទឺកភ្លៀង ហើយណាមួយទៀតអាចកាត់គ្រោះរាំងស្ងួត បើអស់ព្រៃឈើ ពួកខ្ញុំសោកស្តាយយ៉ាងខ្លាំង»។

ព្រៃព្រះរកា មានទំហំ ៩៦ ០០០ហិកតា ស្ថិតនៅភូមិសាស្ត្រក្នុងស្រុកចំនួន៣ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។ ព្រៃអភិរក្សមួយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃដែលត្រូវបានការពារកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ​អូត ឡាទីន ថ្លែងថា រដ្ឋាភិបាលកម្ពុជាបានតាក់តែងច្បាប់ និងគោលនយោបាយជាច្រើនដើម្បីការពារព្រៃឈើមិនឱ្យបាត់បង់ ប៉ុន្តែលោកថា មានតែលើក្រដាសប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរមិនបានអនុវត្តទៅតាមច្បាប់ដែលដាក់ចេញ ដើម្បីការពារព្រៃឈើនោះទេ ដែលជាហេតុមួយធ្វើឱ្យលោកអស់ការទុកចិត្តលើសកម្មភាពទប់ស្តាប់មហន្តរាយព្រៃឈើនៅកម្ពុជា។

លោកថា៖ «ខ្ញុំអត់មានជំនឿទៅលើមន្រ្តីបរិស្ថាន ដែលគាត់ធ្វើកិច្ចការងារការពារព្រៃឈើក្នុងតំបន់ព្រៃព្រះរកាហ្នឹងទេ! ហើយផ្ទុយទៅវិញភាពអសកម្មរបស់ពួកគាត់នេះ វាកាន់តែធ្វើឱ្យព្រៃឈើនៅក្នុងប្រទេសកម្ពុជារបស់យើងកាន់តែវិនាសសាបសូន្យទៅ បន្តិចម្តងៗ វាអាចឈានទៅវិនាសទាំងស្រុងតែម្តងនៅថ្ងៃណាមួយ បើសិនជានៅតែបណ្តែតបណ្តោយរបៀបនេះ»

បន្ថែមលើនេះ លោកបានជំរុញឱ្យមន្រ្តីពាក់ព័ន្ធបើកសិទ្ធិឱ្យទូលាយ ដល់ប្រជាសហគមន៍នៅមូលដ្ឋាន ដើម្បីសហការជាមួយអាជ្ញាធរក្នុងការថែរក្សាព្រៃឈើ ជៀសវាងការចោទប្រកាន់ប្រជាសហគមន៍ថាជាក្រុមប្រឆាំងរដ្ឋាភិបាល ដើម្បីជាយន្តការមួយអាចជួយការពារព្រៃព្រះរកាឱ្យបានគង់វង្ស។

លោកបន្ថែមថា៖ «ចំនុចមួយទៀតមន្រ្តីបរិស្ថានជាមួយនឹងប្រជាពលរដ្ឋ ត្រូវធ្វើការងាររួមគ្នា ដើម្បីផលប្រយោជន៍រួម ដើម្បីគោលដៅរួម ជៀសវាងការចោទប្រកាន់ ជៀសវាងការលាបពណ៌ ជៀសវាងការគំរាមគំហែង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការ ការពារធនធានធម្មជាតិនៅតំបន់ព្រៃព្រះរកា»

Newsroom Cambodia មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថានបានទេ នៅថ្ងៃទី ៣ ខែមេសា ដោយទូរសព្ទចូលជាច្រើនដងប៉ុន្តែមិនមានអ្នកទទួល។

ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ និយាយថា អាជ្ញាធរតែងតែរងចាំសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដែលមានបំណងធ្វើសកម្មភាពការពារព្រៃក្នុងតំបន់ដែលលោកគ្រប់គ្រង។ យ៉ាងណាលោកថាសហគមន៍ជនជាតិដើមភាគតិចកួយមិនបានសហការជាមួយមន្រ្តីបរិស្ថានដើម្បីរួមគ្នា ទប់ស្តាប់បទល្មើសកាប់ឈើនោះទេ ហើយលោកក៏មិនទទួលស្គាល់របាយការណ៍រកឃើញបទល្មើសកាប់ឈើនេះដែរ ដោយថា គ្មានមូលដ្ឋានច្បាស់លាស់។

លោកថា៖ «ប្រសិនរបាយការណ៍តែពីម្ខាង អាហ្នឹង យើងអត់ចាប់អារម្មណ៍ទេ! សំខាន់ពេលគាត់ចុះទៅធ្វើការហ្នឹង! ឱ្យគាត់បន្តកិច្ចសហការជាមួយយើងទៅ មន្រ្តីយើងចុះទៅជាមួយគាត់ទៅ គឺរបាយការណ៍ដាក់មក គាត់ទទួលយកបាន យើងទទួលយកបានទាំងអស់គ្នា»។

លោកថា ដើម្បីការពារព្រៃឈើក្នុងតំបន់ព្រៃព្រះរកា គឺមន្រ្តីជំនាញបរិស្ថានចំនួន ១២នាក់ បានធ្វើសកម្មភាពចុះល្បាតជាប្រចាំ ក្នុងមួយខែៗយ៉ាងហោចណាស់ ចំនួន ១៣០ដង។ លោកថា ក្នុងមូយខែៗ អាជ្ញាធរក៏ដកហូតបាន រណាយន្ត យ៉ាងតិចបានចំនួន ៤៥គ្រឿងផងដែរ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បង្ហាញថា ព្រៃឈើ​ចំនួន៦ ២៧១​ហិកតា ​ត្រូវ​​បាន​​កាប់​បំផ្លាញ​​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរកា ដោយ​ការ​កាប់​ឈើ​​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

លើសពីនេះ អង្គការដដែល បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕