យុវតីមួយចំនួនថាស្រ្ដីចូលរួមក្នុងជីវភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យហាក់នៅមានសំឡេងតិចតួចជាងបុរស ខណៈអ្នកជំនាញថាដោយសារតែការគំរាមកំហែង ធ្វើទុក្ខបុកទោម្នេញ និងការរឹតត្បិតខ្លាំង ទើបស្រ្តីមិនសូវជាមានច្រើនក្នុងឆាកនយោបាយកម្ពុជា។
យុវតី នៅ ស្រីនិច្ច ជានិស្សិតនៃសកលវិទ្យាល័យមួយក្នុងខេត្ដបាត់ដំបង បានលើកឡើងថា បញ្ហានយោបាយវាជារឿងស៊ីជម្រៅ និងមានអ្វីៗជាច្រើនដែលយុវជនត្រូវការរៀនសូត្រ។ ការចូលរួមកិច្ចការនយោបាយនេះ គឺជាកាតព្វកិច្ចរបស់យុវជន និងពលរដ្ឋដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ កញ្ញាថា កាលណាយុវជន និងពលរដ្ឋមិនបានចូលរួមឱ្យបានយល់ស៊ីជម្រៅលើនយោបាយគឺងាយនឹងរងគ្រោះណាស់។ ស្ថិតក្នុងវ័យ២១ឆ្នាំកញ្ញាស្រីនិច្ចបានមើលឃើញថា ក្នុងជីវភាពនយោបាយក្នុងប្រទេសកម្ពុជាហាក់មានស្រ្ដីតិចតួចបំផុតបើគិតជាភាគរយ។ កញ្ញាថា ក្នុងនាមជាយុវតីម្នាក់កញ្ញាចង់រៀនសូត្រឱ្យបានច្រើនពីនយោបាយ ជាពិសេសខ្លួនចង់លុបបំបាត់ពាក្យថាស្រ្ដីពុំមានសិទ្ធិស្មើបុរសក្នុងឆាកនយោបាយ និងចង់ឱ្យមានសំឡេងស្រ្ដីឱ្យបានច្រើនដូចបុរសដែរ។
កញ្ញាថា៖«ខ្ញុំយល់ថាយុវតីមានសិទ្ធិក្នុងការជ្រើសរើសអីមួយដែលខ្លួនចង់ធ្វើទាក់ទងនឹងឆាកនយោបាយ។ស្រ្ដីមានក្នុងការឈរឈ្មោះឬក៏បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដឬក៏តាំងខ្លួនសម្រាប់ឱ្យគេជ្រើសរើសដើម្បីក្លាយខ្លួនជាអ្នកដឹកនាំស្មើនឹងបុរសដែរ។នយោបាយគឺវាចាំបាច់ខ្លាំងបំផុត ដើម្បីអភិវឌ្ឍសង្គមជាតិទៅមុខទៀត»។
កញ្ញាបានជម្រុញដល់យុវជន និងពលរដ្ឋបន្ថែមថា យុវជន និងពលរដ្ឋមិនគួរមានការខ្លាចញញើតនឹងឆាកនយោបាយនោះទេ ព្រោះក្នុងសង្គមប្រជាធិបតេយ្យគឺត្រូវការពលរដ្ឋជាម្ចាស់នៃជោគវាសនាប្រទេសជាតិ។ កញ្ញាថា យុវជន និងពលរដ្ឋត្រូវមានភាពក្លាហានក្នុងការចូលរួមតាមដាន និងឃ្លាំមើលពីស្ថានភាពប្រទេសជាតិរបស់ខ្លួនជាចាំបាច់។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។
ស្រដៀងគ្នានេះ យុវតី ប្រេន សំបូរ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ម្នាក់ផ្នែករដ្ឋបាលអប់រំ យល់ឃើញថា បញ្ហានយោបាយ ស្រ្ដីមានសិទ្ធិគ្រប់គ្រាន់ក្នុងការតាមដាន និងឈ្វេងយល់ឱ្យបានស៊ីជម្រៅស្មើនឹងបុរសដែរ ជាពិសេសស្រ្ដីក៏អាចក្លាយជាថ្នាក់ដឹកនាំផ្នែកនយោបាយមួយដែលមិនអាចខ្វះបាន។ និស្សិតវ័យក្មេងរូបនេះបន្ដថា ក្នុងពេលបច្ចុប្បន្ននេះបញ្ហានយោបាយជារឿងក្ដៅ និងមិនសូវមានយុវជនចូលរួមតាមដានពិតមែន ប៉ុន្ដែខ្លួននៅតែចង់ឈ្វេងយល់ និងប្រឡូក ព្រោះចង់រៀនសូត្រឱ្យបានច្រើនក្នុងនាមជាយុវតីម្នាក់។ កញ្ញាថា កិច្ចការនយោបាយមិនមែនសំដៅលើរឿងបក្សទេ គឺគ្រប់សកម្មភាពទាំងអស់ទាំងក្នុងជីវភាពប្រចាំថ្ងៃក៏អាចចាត់ទុកថាជានយោបាយ ហើយនិយមន័យនយោបាយវាមានន័យទូលំទូលាយ ដូច្នេះគ្មានអ្វីដែលយុវជនខ្លាចរអារនោះទេ។
កញ្ញាថា៖«មិនថាតែនយោបាយទេ សឹងតែគ្រប់កិច្ចការទាំងអស់គឺបុរសឈានមុខស្រ្ដីដាច់។ខ្ញុំសំណូមពរថាទោះបីកិច្ចការងារអីក៏ដោយ ក៏សុំឱ្យស្រ្ដីចូលរួមនឹងផ្ដល់ឱ្យស្រ្ដីហ្នឹងបានធ្វើការហ្នឹងដែរ»។
ចំណែកឯអ្នកស្រាវជ្រាវផ្នែកភូមិសាស្ដ្រនយោបាយ និងជាអ្នកវិភាគនយោបាយវ័យក្មេង លោក វណ្ណ ប៊ុនណា មើលឃើញថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ននេះគឺមានការធ្លាក់ចុះខ្លាំងគិតចាប់តាំងពីឆ្នាំ២០១៣មក។ លោកថា យោងតាមការស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជាលើយុវជនចំនួន១ ៦០០នាក់ទូទាំងប្រទេស គឺមានយុវជនតែជាង១០%ប៉ុណ្ណោះមានការចាប់អារម្មណ៍ពីបញ្ហានយោបាយដោយសារតែកង្វះចំណេះដឹងពីកិច្ចការងារហ្នឹង។ លោកបានឱ្យដឹងទៀតថា កង្វះការចូលរួមរបស់យុវជនហ្នឹងហើយដែលវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យលូតលាស់ល្អ ព្រោះខ្វះការចូលរួមរបស់យុវជន។
ប្រភពដដែលបន្ថែមថា៖«ពួកគាត់ខ្វះចំណេះដឹងពីនយោបាយ និងបរិយាកាសនយោបាយនៅកម្ពុជាយើងមានការរឹតត្បិតខ្លាំង ជាពិសេសមានការគំរាមកំហែង ធ្វើទុក្ខបុកម្នេញដល់សកម្មជនដែលពួកគាត់សកម្មក្នុងរឿងនយោបាយជាហេតុពួកគាត់ភ័យខ្លាច និងមិនសូវជាចង់ចូលរួមទេ»។
អង្គការតម្លាភាពកម្ពុជា (TI) បានចេញផ្សាយរបាយការណ៍ស្ទង់មតិមួយស្ដីពី «ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ» កាលពីខែវិច្ឆិកាឆ្នាំ២០២២ ដោយបានរកឃើញថា យុវជនកម្ពុជាភាគច្រើនមិនសូវចាប់អារម្មណ៍រឿងនយោបាយដោយសារតែពួកគេព្រួយបារម្ភពីសុវត្ថិភាព និងយល់ថានយោបាយ គឺជារឿងគ្រោះថ្នាក់។ បញ្ហានេះធ្វើឡើងក្រោយពីអង្គការតម្លាភាពកម្ពុជាស្ទង់មតិដោយផ្ទាល់ជាមួយយុវជនកម្ពុជាចំនួន ១ ៦០០នាក់ ដែលមានអាយុចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ នៅភូមិចំនួន២០០ នៅទូទាំងប្រទេស ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២១។
របាយការណ៍ស្ទង់មតិដដែលបានរកឃើញថា ក្នុងចំណោមយុវជន១ ៦០០នាក់ គឺមាន១៧ភាគរយបាននិយាយថា ពួកគេចាប់អារម្មណ៍ ឬចាប់អារម្មណ៍យ៉ាងខ្លាំងលើកិច្ចការនយោបាយ ខណៈ៨២ភាគរយនិយាយថា ពួកគេមិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍បន្តិចបន្តួចលើកិច្ចការនយោបាយ។ តាមការវិភាគបង្ហាញបន្ថែមថា យុវជនដែលចាប់អារម្មណ៍លើនយោបាយច្រើនជាបុរសមានការអប់រំខ្ពស់ រស់នៅទីប្រជុំជន និងមានចំណូលក្នុងគ្រួសារខ្ពស់។
ការស្ទង់មតិដដែលបន្តថា នៅពេលសួរពីមូលហេតុចម្បងដែលយុវជនមិនចាប់អារម្មណ៍លើនយោបាយនោះ យុវជនពីរភាគបី (៦៦ភាគរយ) បានលើកឡើងថា ដោយសារតែពួកគេមានកង្វះខាតចំណេះដឹងអំពីនយោបាយ ខណៈពួកគេនៅក្មេងពេក និងខ្លះទៀតយល់ថា នយោបាយ ជារឿងគ្រោះថ្នាក់។
ស្រដៀងគ្នានេះដែរ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា សម្រាប់កម្ពុជាគឺសំបូរស្រ្ដីច្រើនជាងបុរស ប៉ុន្ដែស្រ្ដីក្នុងកិច្ចការសង្គម នយោបាយ និងស្ថាប័នរដ្ឋហាក់នៅតែមានកម្រិតតិចតួច។ លោកថា កម្សោយរបស់ស្រ្ដីក្នុងឆាកនយោបាយដោយសារមានកត្ដាជាច្រើនរារាំងស្រ្ដីរាប់ចាប់តាំងពីបញ្ហាផ្ទាល់ខ្លួន និងមិនចាប់អារម្មណ៍ក្នុងឆាកនយោបាយដោយពួកគាត់គិតថានយោបាយគឺជាកន្លែងគ្រោះថ្នាក់ជាដើម។ លោកថាក្នុងច្បាប់ក៏មិនមានការលើកទឹកចិត្ដឱ្យមានសមភាពយេនឌ័រក្នុងនយោបាយបានពេញលេញដែរ។ លោកបន្ដថា មិនថាតែក្នុងឆាកនយោបាយទេដែលត្រូវការចូលរួមពីយុវជន និងយុវតី គឺគ្រប់កិច្ចការសង្គមទាំងអស់គឺត្រូវការពួកគាត់ជាចាំបាច់ ណាមួយយុវជនក៏មានចំនួនច្រើនក្នុងចំណោមពលរដ្ឋក្នុងប្រទេស។
លោកថា៖«ដើម្បីឱ្យយុវតីក្នុងឆាកនយោបាយទាល់តែបណ្ដុះនឹងបើកឱកាសឱ្យពួកគាត់បានរៀនសូត្រ ចូលរួម ដើម្បីឱ្យពួកគាត់ត្រៀមខ្លួនទៅប្រឡូកក្នុងឆាកនយោបាយ។ យើងឱ្យពួកគាត់នាំគ្នាជជែកពីកិច្ចការនយោបាយរបស់ជាតិ។ គ្រប់គណបក្សនយោបាយក៏គួរតែឱ្យយុវជនឈរឈ្មោះឱ្យបានច្រើន ទើបពួកគាត់អាចយល់ដឹងពីបញ្ហាទាំងអស់ហ្នឹងបាន»។
មាត្រា៣៤នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យ គេបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត៕