យុវតីមួយចំនួនថាស្រ្ដីចូលរួមក្នុងជីវភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យហាក់នៅមានសំឡេងតិចតួចជាងបុរស ខណៈអ្នកជំនាញថាដោយសារតែការគំរាមកំហែង ធ្វើទុក្ខបុកទោម្នេញ និងការរឹតត្បិតខ្លាំង ទើបស្រ្តីមិនសូវជាមានច្រើនក្នុងឆាកនយោបាយកម្ពុជា។

​យុវតី នៅ ស្រីនិច្ច ជានិស្សិតនៃសកលវិទ្យាល័យមួយក្នុងខេត្ដបាត់ដំបង បានលើកឡើងថា បញ្ហានយោបាយវាជារឿងស៊ីជម្រៅ និងមានអ្វីៗជាច្រើនដែលយុវជនត្រូវការរៀនសូត្រ។ ការចូលរួមកិច្ចការនយោបាយនេះ គឺជាកាតព្វកិច្ចរបស់យុវជ​ន និងពលរដ្ឋដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ កញ្ញាថា កាលណាយុវជន និងពលរដ្ឋមិនបានចូលរួមឱ្យបានយល់ស៊ីជម្រៅលើនយោបាយគឺងាយនឹងរងគ្រោះណាស់​។ ស្ថិតក្នុងវ័យ២១ឆ្នាំកញ្ញាស្រីនិច្ចបានមើលឃើញថា ក្នុងជីវភាពនយោបាយក្នុងប្រទេសកម្ពុជាហាក់មានស្រ្ដីតិចតួចបំផុតបើគិតជាភាគរយ។ កញ្ញាថា ក្នុងនាមជាយុវតីម្នាក់កញ្ញាចង់រៀនសូត្រឱ្យបានច្រើនពីនយោបាយ ជាពិសេសខ្លួនចង់លុបបំបាត់ពាក្យថាស្រ្ដីពុំមានសិទ្ធិស្មើបុរសក្នុងឆាកនយោបាយ និងចង់ឱ្យមានសំឡេងស្រ្ដីឱ្យបានច្រើនដូចបុរសដែរ។​

កញ្ញាថា៖«ខ្ញុំយល់ថាយុវតីមានសិទ្ធិក្នុងការជ្រើសរើសអីមួយដែលខ្លួនចង់ធ្វើទាក់ទងនឹងឆាកនយោបាយ។ស្រ្ដីមានក្នុងការឈរឈ្មោះឬក៏បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដឬក៏តាំងខ្លួនសម្រាប់ឱ្យគេជ្រើសរើសដើម្បីក្លាយខ្លួនជាអ្នកដឹកនាំស្មើនឹងបុរសដែរ។នយោបាយគឺវាចាំបាច់ខ្លាំងបំផុត ដើម្បីអភិវឌ្ឍសង្គមជាតិទៅមុខទៀត»

កញ្ញាបានជម្រុញដល់យុវជន និងពលរដ្ឋបន្ថែមថា យុវជន និងពលរដ្ឋមិនគួរមានការខ្លាចញញើតនឹងឆាកនយោបាយនោះទេ ព្រោះក្នុងសង្គមប្រជាធិបតេយ្យគឺត្រូវការពលរដ្ឋជាម្ចាស់នៃជោគវាសនាប្រទេសជាតិ។ កញ្ញាថា យុវជន និងពលរដ្ឋត្រូវមានភាពក្លាហានក្នុងការចូលរួមតាមដាន និងឃ្លាំមើលពីស្ថានភាពប្រទេសជាតិរបស់ខ្លួនជាចាំបាច់។​

មាត្រា​៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ​​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។

ស្រដៀងគ្នានេះ យុវតី ប្រេន សំបូរ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ម្នាក់ផ្នែករដ្ឋបាលអប់រំ យល់ឃើញថា បញ្ហានយោបាយ ស្រ្ដីមានសិទ្ធិគ្រប់គ្រាន់ក្នុងការតាមដាន និងឈ្វេងយល់ឱ្យបានស៊ីជម្រៅស្មើនឹងបុរសដែរ ជាពិសេសស្រ្ដីក៏អាចក្លាយជាថ្នាក់ដឹកនាំផ្នែកនយោបាយមួយដែលមិនអាចខ្វះបាន។ និស្សិតវ័យក្មេងរូបនេះបន្ដថា ក្នុងពេលបច្ចុប្បន្ននេះបញ្ហានយោបាយជារឿងក្ដៅ និងមិនសូវមានយុវជនចូលរួមតាមដានពិតមែន​ ប៉ុន្ដែខ្លួននៅតែចង់ឈ្វេងយល់ និងប្រឡូក ព្រោះចង់រៀនសូត្រឱ្យបានច្រើនក្នុងនាមជាយុវតីម្នាក់។ កញ្ញាថា កិច្ចការនយោបាយមិនមែនសំដៅលើរឿងបក្សទេ គឺគ្រប់សកម្មភាពទាំងអស់ទាំងក្នុងជីវភាពប្រចាំថ្ងៃក៏អាចចាត់ទុកថាជានយោបាយ ហើយនិយមន័យនយោបាយវាមានន័យទូលំទូលាយ ដូច្នេះគ្មានអ្វីដែលយុវជនខ្លាចរអារនោះទេ។

កញ្ញាថា៖«មិនថាតែនយោបាយទេ សឹងតែគ្រប់កិច្ចការទាំងអស់គឺបុរសឈានមុខស្រ្ដីដាច់។ខ្ញុំសំណូមពរថាទោះបីកិច្ចការងារអីក៏ដោយ ក៏សុំឱ្យស្រ្ដីចូលរួមនឹងផ្ដល់ឱ្យស្រ្ដីហ្នឹងបានធ្វើការហ្នឹងដែរ»

ចំណែកឯអ្នកស្រាវជ្រាវផ្នែកភូមិសាស្ដ្រនយោបាយ  និងជាអ្នកវិភាគនយោបាយវ័យក្មេង លោក វណ្ណ ប៊ុនណា មើលឃើញថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ននេះគឺមានការធ្លាក់ចុះខ្លាំងគិតចាប់តាំងពីឆ្នាំ២០១៣មក។​ លោកថា យោងតាមការស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជាលើយុវជនចំនួន១ ៦០០នាក់ទូទាំងប្រទេស គឺមានយុវជនតែជាង១០%ប៉ុណ្ណោះមានការចាប់អារម្មណ៍ពីបញ្ហានយោបាយដោយសារតែកង្វះចំណេះដឹងពីកិច្ចការងារហ្នឹង។ លោកបានឱ្យដឹងទៀតថា កង្វះការចូលរួមរបស់យុវជនហ្នឹងហើយដែលវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យលូតលាស់ល្អ ព្រោះខ្វះការចូលរួមរបស់យុវជន។

ប្រភពដដែលបន្ថែមថា៖«ពួកគាត់ខ្វះចំណេះដឹងពីនយោបាយ និងបរិយាកាសនយោបាយនៅកម្ពុជាយើងមានការរឹតត្បិតខ្លាំង ជាពិសេសមានការគំរាមកំហែង ធ្វើទុក្ខបុកម្នេញដល់សកម្មជនដែលពួកគាត់សកម្មក្នុងរឿងនយោបាយជាហេតុពួកគាត់ភ័យខ្លាច​ និងមិនសូវជាចង់ចូលរួមទេ»

អង្គការ​តម្លា​ភាព​កម្ពុជា​ (​T​I​) ​បាន​ចេញផ្សាយ​របាយការណ៍​ស្ទង់មតិ​មួយ​ស្ដីពី​ ​«​ការស្ទង់មតិ​យុវជន​ស្ដីពី​គោល​នយោបាយ​»​ ​កាលពី​ខែវិច្ឆិកាឆ្នាំ២០២២​ ​ដោយ​បាន​រក​ឃើញ​ថា​ ​យុវជន​កម្ពុជា​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍​រឿង​នយោបាយ​ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ​និង​យល់​ថា​នយោបាយ​ ​គឺជា​រឿង​គ្រោះថ្នាក់​។​ បញ្ហា​នេះ​ធ្វើឡើង​ក្រោយ​ពី​អង្គការ​តម្លា​ភាព​កម្ពុជា​ស្ទង់មតិ​ដោយ​ផ្ទាល់​ជាមួយ​យុវជន​កម្ពុជា​ចំនួន​ ​១​ ​៦​០​០​នាក់​ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១​៥​ឆ្នាំ​ ​ទៅ​៣​០​ឆ្នាំ​ ​នៅ​ភូមិ​ចំនួន​២០០​ ​នៅ​ទូទាំង​ប្រទេស​ ​ចាប់ពី​ខែវិច្ឆិកា​ ​ដល់​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​។

​របាយការណ៍​ស្ទង់មតិ​ដដែលបាន​រក​ឃើញ​ថា​ ​ក្នុងចំណោម​យុវជន​១​ ៦​០​០​នាក់​ ​គឺ​មាន​១​៧​ភាគរយ​បាន​និយាយ​ថា​ ​ពួកគេ​ចាប់អារម្មណ៍​ ​ឬ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​កិច្ចការ​នយោបាយ​ ​ខណៈ​៨​២​ភាគរយ​និយាយ​ថា​ ​ពួក​គេ​មិន​ចាប់អារម្មណ៍​ទាល់តែសោះ​ ​ឬ​ចាប់​អារម្មណ៍​បន្តិច​បន្តួច​លើ​កិច្ចការនយោបាយ​។​ ​តាម​ការ​វិភាគ​បង្ហាញ​បន្ថែម​ថា​ ​យុវជន​ដែល​ចាប់អារម្មណ៍​លើ​នយោបាយ​ច្រើន​ជា​បុរស​មាន​ការ​អប់រំ​ខ្ពស់​ ​រស់នៅ​ទីប្រជុំជន​ ​និង​មាន​ចំណូល​ក្នុង​គ្រួសារ​ខ្ពស់​។​

​ការស្ទង់មតិ​ដដែល​បន្ត​ថា​ ​នៅ​ពេល​សួរ​ពី​មូលហេតុ​ចម្បង​ដែល​យុវជន​មិន​ចាប់អារម្មណ៍​លើ​នយោបាយ​នោះ​ ​យុវជន​ពីរ​ភាគ​បី​ (​៦​៦​ភាគរយ​) ​បាន​លើកឡើង​ថា​ ​ដោយសារតែ​ពួក​គេ​មាន​កង្វះខាត​ចំណេះ​ដឹង​អំពី​នយោបាយ​ ​ខណៈ​ពួក​គេ​នៅ​ក្មេង​ពេក​ ​និង​ខ្លះទៀត​យល់ថា​ ​នយោបាយ​ ​ជា​រឿង​គ្រោះ​ថ្នាក់​។​

ស្រដៀងគ្នានេះដែរ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា សម្រាប់កម្ពុជាគឺសំបូរស្រ្ដីច្រើនជាងបុរស ប៉ុន្ដែស្រ្ដីក្នុងកិច្ចការសង្គម នយោបាយ និងស្ថាប័នរដ្ឋហាក់នៅតែមានកម្រិតតិចតួច។ លោកថា កម្សោយរបស់ស្រ្ដីក្នុងឆាកនយោបាយដោយសារមានកត្ដាជាច្រើនរារាំងស្រ្ដីរាប់ចាប់តាំងពីបញ្ហាផ្ទាល់ខ្លួន និងមិនចាប់អារម្មណ៍ក្នុងឆាកនយោបាយដោយពួកគាត់គិតថា​នយោបាយគឺជាកន្លែងគ្រោះថ្នាក់ជាដើម។ លោកថាក្នុងច្បាប់ក៏មិនមានការលើកទឹកចិត្ដឱ្យមានសមភាពយេនឌ័រក្នុងនយោបាយបានពេញលេញដែរ។ លោកបន្ដថា មិនថាតែក្នុងឆាកនយោបាយទេដែលត្រូវការចូលរួមពីយុវជន និងយុវតី គឺគ្រប់កិច្ចការសង្គមទាំងអស់គឺត្រូវការពួកគាត់ជាចាំបាច់ ណាមួយយុវជនក៏មានចំនួនច្រើនក្នុងចំណោមពលរដ្ឋក្នុងប្រទេស។

លោកថា៖«ដើម្បីឱ្យយុវតីក្នុងឆាកនយោបាយទាល់តែបណ្ដុះនឹងបើកឱកាសឱ្យពួកគាត់បានរៀនសូត្រ ចូលរួម ដើម្បីឱ្យពួកគាត់ត្រៀមខ្លួនទៅប្រឡូកក្នុងឆាកនយោបាយ។ យើងឱ្យពួកគាត់នាំគ្នាជជែកពីកិច្ចការនយោបាយរបស់ជាតិ។ គ្រប់គណបក្សនយោបាយក៏គួរតែឱ្យយុវជនឈរឈ្មោះឱ្យបានច្រើន ទើបពួកគាត់អាចយល់ដឹងពីបញ្ហាទាំងអស់ហ្នឹងបាន»។   ​

មាត្រា៣៤នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត  និងអាចឈរឈ្មោះឱ្យ គេបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត៕