ម៉ោងប្រមាណ ១០ព្រឹក លោកអឹម ជា មានវ័យ ៥៣ឆ្នាំ អង្គុយលើស៊ីក្លូពណ៌បៃតង នៅក្បែររបងសារមន្ទីជាតិ រូបរាងស្កមស្គាំង សម្បុរសណ្តែកបាយ កំពុងអង្គុយហៅភ្ញៀវទេសចរឱ្យជួលស៊ីក្លូជិះកម្សាន្ត។ទឹកមុខក្រៀមក្រំព្រោះ មិនសូវមានភ្ញៀវជិះស៊ីក្លូដូចមុន។

ដៃកាន់ក្រម៉ាខ្ទប់មាត់ ពេលក្អកម្តងៗ លោកអឹម ជា មកពីខេត្តត្បូងឃ្មុំ ខ្លួនមួយ គ្មានប្រពន្ធកូន បានរៀបរាប់ពីទុក្ខលំបាកអំពីជីវភាពរស់នៅរបស់គាត់ខណៈគាត់ ប្រកបរបរធាក់ស៊ីក្លូតាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន។ ទឹកមុខស្រងូតស្រងាត់ និងសម្លេងក្អកខុងៗ ហាក់បង្ហាញអំពីភាពអត់ធ្មត់តស៊ូ និងជីវិតជាអ្នកធាក់ស៊ីក្លូ។

អ្នកប្រកបរបរស៊ីក្លូពិបាកក្នុងការរកចំណូលប្រចាំថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ ដោយសារការធ្លាក់ចុះនៃចំនួនអ្នកជិះស៊ីក្លូ ព្រោះមានមធ្យោបាយធ្វើដំណើរសម័យទំនើបជាច្រើន រួមមាន រ៉ឺម៉ក់កង់ខ្មែរ រ៉ឺម៉ក់កង់បីឥណ្ឌា (Pass app) ម៉ូតូឌុប និងរថយន្តក្រុងសាធារណៈជាដើម។ខណៈសមាគមស៊ីក្លូកម្ពុជា ព្រួយបារម្ភពីការមិនមានអ្នកជំនាន់ក្រោយ បន្តវេនធាក់ស៊ីក្លូ ដើម្បីចូលរួមអភិរក្សស៊ីក្លូខ្មែរ ដែលសេសសល់ពីជំនាន់ដើម។

លោកអឹម ជា ប្រកបរបរធាក់ស៊ីក្លូអង្គុយហៅភ្ញៀវជិះស៊ីក្លូនៅក្បែរសារៈមន្ទីរជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ រូបភាព៖ ម៉ុន សុកែវ

ក្រឡែកទៅមើល លោកម៉ៅ ឆន មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នកប្រកបរបរធាក់ស៊ីក្លូមួយរូបនៅរាជធានីភ្នំពេញ បានប្រាប់ Newsroom Cambodia ថា លោកធាក់ស៊ីក្លូពីអាយុ១៩ឆ្នាំ ដល់៥៦ឆ្នាំ លោកថារបរធាក់ស៊ីក្លូមានការធ្លាក់ចុះ ហើយលោកសឹងមិនសល់អ្វីព្រោះមានការចំណាយច្រើន។

លោកបន្តថា «រត់ស៊ីក្លូថ្ងៃណាបាន ថ្ងៃណាអត់ ដេកតែសំយាបផ្ទះ ប្រពន្ធស្លាប់ បាត់ហើយ រាល់ថ្ងៃនៅពីរអ្នកឳកូន ម៉ែស្លាប់តាំងពីអាយុ៥ឆ្នាំ ស្នាក់នៅផ្សារកណ្តាលតាមសំយ៉ាបផ្ទះគេ មួយថ្ងៃវាល់ល្ងាចបាន១៦០០០៛ បាយមួយពេល៥០០០៛ ពីរពេលអស់១០០០០៛ តាមភ្ញៀវខ្លះគាត់ធីបឱ្យ១$ ៥$ ជួនបាន១០$ ជួនក៏អត់បានដែរ»។

លោក ម៉ៅ ឆន ប្រកបរបរធាក់ស៊ីក្លូអង្គុយហៅភ្ញៀវជិះស៊ីក្លូនៅក្បែរសារៈមន្ទីរជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ រូបភាព៖ នឿន ដាវីន

លោកសេក ពោន មានស្រុកកំណើតនៅខេត្តស្វាយរៀង អាយុ៦៨ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូមួយរូបទៀតនៅរាជធានីភ្នំពេញ។ គាត់បានប្រកបរបរធាក់ស៊ីក្លូនេះចាប់តាំងពីឆ្នាំ ១៩៨៣ គិតមកដល់សព្វថ្ងៃនេះមានរយៈពេល ៤០ ឆ្នាំហើយ។

លោកថា ការធាក់ស៊ីក្លូសព្វថ្ងៃគឺពិបាកហើយមិនសូវមានភ្ញៀវ មួយថ្ងៃចេញភ្ញៀវបាន២នាក់ ហើយថ្ងៃខ្លះគ្មានភ្ញៀវជិះក៏មាន។

លោកបន្ថែមថា «ថ្ងៃណាដែលលោកធាក់ស៊ីក្លូមិនបានគ្មានប្រាក់ទិញបាយហូប ប៉ុន្តែជាសំណាងពេលខ្លះមានសប្បុរសជនជូន ប្រាំពាន់រៀល ទៅ មួយម៉ឺនរៀល ហើយថ្ងៃខ្លះក៏មានសប្បុរសជនជូនបាយគ្រាន់បានរួចមួយពេលៗ។ ក្នុងខែមួយខែ ប្រសិនបើមានភ្ញៀវអាចរកបានសល់ ១៥ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នមិនអាចរកបានឡើយ»។

លោកបញ្ជាក់ថា «ចំនួនភ្ញៀវជិះស៊ីក្លូភាគច្រើនគឺភ្ញៀវទេសចរបរទេស ដោយឡែកភ្ញៀវជាតិមិនសូវមានអ្នកជិះប៉ុន្មានទេ» មូលហេតុដែលមិនសូវមានភ្ញៀវទេសចរជាតិជិះស៊ីក្លូគឺដោយសារ មួយចំនួនខ្មាសពេលជិះស៊ីក្លូ អ្នកខ្លះទៀតអាណិតដោយសារឃើញពួកគាត់ចាស់ៗពិបាកក្នុងការធាក់។

លោកសូមអំពាវនាវភ្ញៀវជាតិចូលរួមគាំទ្រជិះស៊ីក្លូដើម្បីពួកគាត់អាចរកចំណូលបានហើយក៏ជាការរួមគ្នាអភិរក្សស៊ីក្លូនៅកម្ពុជាផងដែរ។

មិនសុខគ្នានឹងលោក សេក ពោន លោក សុខ ផាត មានអាយុ ៦៣ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូមួយរូបទៀត លោកប្រកបរបរនេះអស់រយៈពេលជាង ៤០ឆ្នាំហើយ។

លោកថា «កាលពីមុនធាក់ស៊ីក្លូអាចចិញ្ចឹមខ្លួនឯងបាន ប៉ុន្តែបច្ចុប្បន្នធាក់ស៊ីក្លូមិនសូវបានឡើយ»ដោយសារការកើនឡើងកង់បី (Pass App) ធ្វើឱ្យភ្ញៀវចូលចិត្តជិះកង់បីវិញដែលជាហេតុធ្វើឱ្យអ្នកជិះស៊ីក្លូធ្លាក់ចុះអ្នកធាក់ស៊ីក្លូរកចំណូលមិនសូវបាន។ម្យ៉ាងវិញទៀត ដោយសារភ្ញៀវជាតិអាណិតគិតថាពួកគាត់ចាស់ទើបធ្វើឱ្យការជិះស៊ីក្លូមានការធ្លាក់ចុះផងដែរ។

លោកថា «បច្ចុប្បន្នអាចរកបានត្រឹមតែ មួយម៉ឺនរៀល ក្នុងមួយថ្ងៃបើប្រៀបធៀបកាលពីមុនលោកថា អាចរកបាន បីម៉ឺនរៀលក្នុងមួយថ្ងៃ»។

លោកបន្តថា ថ្ងៃណាដែលលោករកមិនបាន មានសប្បុរសជនឱ្យបាយហូបមួយពេលៗ ហើយពេលខ្លះសល់លុយជាប់ខ្លួនតិចតួចដែលបងប្អូនសប្បុរសជូន។

លោកក៏សូមអំពាវនាវឱ្យមហាជនគាំទ្រការជិះស៊ីក្លូ ពិសេសលោកសុំណូមពរឱ្យក្រសួងទេសចរណ៍ជួយនាំភ្ញៀវទេសចរជាតិ-អន្តរជាតិជិះស៊ីក្លូឱ្យបានច្រើន។

លោកសេក ពោន ប្រកបរបរធាក់ស៊ីក្លូនៅមុខព្រះបរមរាជវាំង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ រូបភាព៖ ម៉ុន សុកែវ

សមាគមស៊ីក្លូកម្ពុជា អ្នកស្រីឡុង សុខហួយ និយាយថា អ្នកធាក់ស៊ីក្លូ ភាគច្រើនមកពីខេត្ត ព្រៃវែង ស្វាយរៀង ហើយពួកគាត់បានជួលស៊ីក្លូសមាគមស៊ីក្លូកម្ពុជាដើម្បីធាក់ ហើយខាងសមាគមក៏មានសេវាកម្មរកភ្ញៀវទេសចរឱ្យពួកគាត់ដឹក។

អ្នកស្រីថា នៅពេលពួកគាត់បានដឹកភ្ញៀវទេសពេលខ្លះភ្ញៀវជូនជាថវិកាបន្ថែមជាទឹកចិត្តរបស់ភ្លៀវ។ ហើយពេលខ្លះមានសប្បុរសធម៌ចង់រៀបចំកម្មវិធីចែកអំណោយគាត់អាចរៀបចំជូន ហើយពូៗធាក់ស៊ីក្លូក៏បានជំនួយគ្រាន់បានទំនុកបំរុងសម្រាប់ជីវភាព។

អ្នកស្រីថ្លែងថា «អ្នកធាក់ស៊ីក្លូ ពួកគាត់ទទួលបានបណ្ណសមធម៌ (បសស) ពីរដ្ឋាភិបាល ជួយសម្រួលពេលពួកគាត់ឈឺចូលមន្ទីពេទ្យដោយមិនអស់លុយ។ ជាពិសេសរដ្ឋាភិបាលបានផ្តល់ប្រាក់សម្រាប់បាយ១ថ្ងៃប្រាំពាន់រៀល ហើយក៏ចេញថ្លៃជួសជុលស៊ីក្លូសម្រាប់ពួកគាត់»។ ដូច្នេះពួកគាត់មិនត្រូវចំណាយអ្វីឡើយ។

អ្នកស្រី បញ្ជាក់ថា «ខ្ញុំព្រួយបារម្ភ ខ្លាចបាត់បង់អ្នកធាក់ស៊ីក្លូ ព្រោះគ្មានក្មេងជំនាន់ក្រោយបន្តឡើយ» អ្នកស្រីថា ការជិះស៊ីក្លូគឺជាការជួយអភិរក្សស៊ីក្លូខ្មែរ ព្រោះស៊ីក្លូជាកេរ្តិ៍ដំណែលរបស់ខ្មែរ ពិសេសជាផ្នែកមួយដែលធ្វើឱ្យបរទេសបានស្គាល់ស៊ីក្លូខ្មែរ ហើយការជិះស៊ីក្លូក៏រួមចំណែកក្នុងការកាត់បន្ថយបំពុលបរិស្ថានតាមរយៈការមិនបញ្ចេញផ្សែងទៅបរិយាកាសផងដែរ។

អ្នកស្រី បញ្ជាក់ថា «ប្រសិនបើយើងនាំចូលស៊ីក្លូពីខាងក្រៅវាក៏គ្មានតម្លៃដែរ» បច្ចុប្បន្នយើងមិនអាចផលិតស៊ីក្លូថ្មីបានឡើយ ដោយសារយើងគ្មានពុម្ពក្នុងការផលិតដូចចាស់ៗពីដើម ដូច្នេះអ្នកស្រីមានតែបន្តថែរក្សាស៊ីក្លូដែលនៅសល់។
ម្យ៉ាងវិញទៀត ការជិះស៊ីក្លូក៏ជួយដល់សុខភាពពូៗធាក់ស៊ីក្លូ ព្រោះវាក៏ជាការហាត់ប្រាណមួយដែរ។ អ្នកស្រីលើកឡើងថា ពូៗធាក់ស៊ីក្លូខ្លះមានអាយុក្បែរ៨០ឆ្នាំប៉ុន្តែមិនមានរោគអ្វីឡើយ ពួកគាត់មានសុខភាពល្អ។

អ្នកស្រី «សូមអំពាវនាវឱ្យសប្បុរសជនបន្តជួយឧបត្ថមដល់អ៊ំៗធាក់ស៊ីក្លូ ពិសេសសូមឱ្យក្រុមហ៊ុនទេសចរណ៍ជួយគាំទ្រការជិះស៊ីក្លូ តាមរយៈការបញ្ចូលកម្មវិធីជិះស៊ីក្លូសម្រាប់ភ្ញៀវទេសចរឱ្យបានគ្រប់ៗគ្នា»។

លោក សុខ ផាត ប្រកបរបរធាក់ស៊ីក្លូនៅក្បែរវាលព្រះមេរុ (វាលព្រះមេន) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ រូបភាព៖ ម៉ុន សុកែវ

អ្នកនាំពាក្យក្រសួងទេសចរណ៍លោកតុប សុភ័ក្រ្ត ថា កន្លងទៅលោករដ្ឋមន្ត្រីថោងខុនបាន ផ្សព្វផ្សាយ និងជំរុញឱ្យមានការៀចចំ ស៊ីក្លូ សម្រាប់ភ្ញៀវទេសចរ ក៏ដូចជាកង់ឌុប នៅខេត្តកំពត។ ទេសចរជិះស៊ីក្លូ ឬកង់ឌុបដើម្បីលើកស្ទួយដល់មុខរបរបស់ពួគគាត់ ជាពិសេស ក៏បង្ហាញពីអត្តសញ្ញាណស៊ីក្លូខ្មែរយើងដែលមានពីជំនាន់មុនដែរ។

លោកបន្តថា «នៅស្រុកចិនគេមានកៅឆា នៅស្រុកយើងកង់ឌុបហ្នឹង សម្រាប់ភ្ញៀវទេសចរកន្លងទៅយើងបានជួយជំរុញច្រើន ទៅដល់អាជ្ញាធររាជធានីខេត្ត ដែលយើងចាត់ជាផលិតផលទេសចរណ៍មួយដែរ ដើម្បីបងប្អូនទេសចរជាតិ និងអន្តរជាតិរបស់យើង គាត់ទស្សនាកំសាន្ត ជិះលេងកំសាន្ត ការសម្រាកលម្ហែកម្សាន្តតនៅទីក្រុងនៅពេលព្រឹកឬពេលរាត្រីអីហ្នឹង» ។

លោកថា សមាគម និងភ្នាក់ងារទេសចរណ៍រៀបចំជាព្រឹត្តការណ៍ទេសចរណ៍ជិះស៊ីក្លូនៅក្នុងរាជធានីភ្នំពេញដែរ ការពីមុនកូវីដ ដូច្នេះកិច្ចការនេះយើងនឹងបន្តជំរុញ ផ្សព្វផ្សាយ បន្ថែមទៀតទៅដល់រដ្ឋបាលរាជធានីខេត្ត ក៏ដូចជាសមាគម ទីភ្នាក់ងារទេសចរណ៍ ឱ្យគាត់រៀបចំកញ្ចប់ទស្សនៈកិច្ចសម្រាប់ភ្ញៀវទេសចរ ដែលមកលេងនៅស្រុកយើងឱ្យគាត់មានកម្មវិធីជិះស៊ីក្លូនៅរាជធានីភ្នំពេញដែលមានសមាគមអ្នកធាក់ស៊ីក្លូដូចនេះយើងអាចចូលរួមបានមួយកម្រិតសម្រាប់ពួកគាត់។

អ្នកនាំពាក្យក្រសួងទេសចរណ៍បន្ថែមថា៖ «ការជួយផ្សព្វផ្សាយ និងការជួយរៀបចំកញ្ជប់ទស្សនៈកិច្ចទេសចរណ៍ឱ្យជិះស៊ីក្លូ និងរួមចំណែកទៅដល់ជីវភាពរស់នៅរបស់ពួកគាត់ អ្នកធាក់ស៊ីក្លូផងដែរ នេះជាអ្វីដែលយើងបានធ្វើកន្លងទៅ ហើយបន្តផ្សព្វផ្សាយ និងធ្វើជាបន្តទៀតនៅក្នុងវិស័យទេសចរណ៍បន្តទៀត»។

សូមរម្លឹកថា ស៊ីក្លូ មានកំណើតនៅក្នុងប្រទេសកម្ពុជា ក្នុងសម័យអាណានិគមនិយមបារាំងហើយជាមធ្យោបាយពេញនិយមនៅសម័យកាលនោះ។

មកដល់សព្វថ្ងៃនេះភ្ញៀវទេសចរ និងចំនួនអ្នកជិះស៊ីក្លូមានការថយចុះ ដូច្នេះហើយទើបមានក្រសួងទេសចរណ៍ សមាគមស៊ីក្លូ និងក្រុមហ៊ុន ទេសចរណ៍មួយចំនួនបាន រៀបចំជាកញ្ចប់ទេសចរណ៍តាមស៊ីក្លូ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅទស្សនារមណីយដ្ឋាននានា នៅភ្នំពេញ ដូចជា វត្តភ្នំ ព្រះបរមរាជវាំង និងទីកន្លែងកម្សាន្តបែបប្រវត្តិសាស្ត្រមួយចំនួនទៀត ដើម្បីអភិរក្សកេរ្តិ៍ដំណែលស៊ីក្លូខ្មែរ៕