ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋរាយការណ៍ ជុំវិញ​ការកេង​ចំណេញ​ដោយ​កើតចេញពីការបង្កើតនូវទម្រង់ស្តង់ដានៃកិច្ចសន្យាដែលមិនសុចរិត ពីបុគ្គលធ្វើធុរកិច្ច ទៅកាន់​អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានធនាគារមួយចំនួន បានសម្រេចដំឡើងអត្រាការប្រាក់របស់ខ្លួនលើអតិថិជនដែលបានកម្ចីប្រាក់ទាំងមានកិច្ចសន្យារួចហើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយចុះថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធនឹងអំពើកេងយកចំណេញហួសហេតុដោយកើតចេញពីការបង្កើតនូវទម្រង់ស្តង់ដានៃកិច្ចសន្យាដែលមិនសុចរិត ពីបុគ្គលធ្វើធុរកិច្ច ទៅកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ។

កាលពីព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ លោកស្រី ជា​ សិរី អគ្គនាយកបច្ចេកទេសធនាគារ​ជាតិនៃកម្ពុជា បានបង្ហោះសេចក្ដីប្រកាសនេះឡើងវិញ និងសរសេររៀបរាប់ថា ប្រជាពលរដ្ឋត្រូវពិនិត្យមើលកិច្ចសន្យាដែលខ្លួនបាន​ខ្ចី ឱ្យបានហ្មត់ចត់ មុននឹងចុះហត្ថលេខជាមួយគ្រឹះ​ស្ថានហិរញ្ញវត្ថុនានា។ លោកស្រី បន្ថែមថា កិច្ចសន្យាផ្ដល់ប្រាក់កម្ចីខ្លះ ផ្អែកលើអត្រាការប្រាក់អណ្ដែត​អន្តរជាតិ ដែលអត្រាការប្រាក់នឹងឡើងចុះតាមអត្រាការប្រាក់អន្តរជាតិ ខណៈកិច្ចសន្យាផ្ដល់ប្រាក់កម្ចីខ្លះទៀត អត្រាការប្រាក់ត្រូវបានកំណត់ទុកជាមុនក្នុងរយៈពេលសរុបនៃការខ្ចីប្រាក់។


លោក ជា ផល្លីរីន អគ្គនាយកធនាគារ អេសប៊ីអាយ លីហួរ មានប្រសាសន៍ថា ធនាគាររបស់លោកសម្រេចដំឡើងអត្រាការប្រាក់ចំនួន ០,៥%ក្នុងមួយឆ្នាំ ​ចំពោះអតិថិជនណាដែលមានកិច្ចសន្យាផ្ដល់ប្រាក់កម្ចីអាចផ្លាស់ប្ដូរអត្រាការប្រាក់បាន។ លោក​បញ្ជាក់ថា ការដំឡើងនេះដោយ​សារអត្រាការប្រាក់របស់ធនាគារ​ អេសប៊ីអាយ ដែលខ្ចីពីបរទេសមានការឡើងផងដែរ។

បើតាមអគ្គនាយករូបនេះ ឱ្យដឹងថា បច្ចុប្បន្នធនាគារ អេសប៊ីអាយ​ លីហួរ បានផ្ដល់ប្រាក់កម្ចីសរុបចំនួន ៦៣៧លានដុល្លារ ដល់ប្រជាពលរដ្ឋ​ចំនួនជិត ៩ម៉ឺននាក់ ដែលក្នុងនោះប្រជាពលរដ្ឋ​ខ្ចីប្រាក់ពីធនាគារនេះ​ ក្នុងកិច្ចសន្យាអត្រាការប្រាក់អណ្ដែតមានចំនួន ៧០០នាក់ ហើយទំហំប្រាក់កម្ចីមានចំនួន ៣៨លានដុល្លារ។


លោក​អះអាងថា ធនាគារ អេសប៊ីអាយ​ កំណត់អត្រាការប្រាក់ អាស្រ័យលើទំហំខ្ចីប្រាក់របស់ប្រជាពលរដ្ឋ ហើយភាគច្រើនគឺទាបជាងឆ្ងាយពីការកំណត់របស់ធនាគារជាតិដែលត្រឹម១៨%ក្នុងមួយឆ្នាំ។

លោក ផល្លីរីន មានប្រសាសន៍ថា៖ «[ដំឡើងរួចនៅតែ]ទាបឆ្ងាយអត្រាការប្រាក់យើងធៀបនឹងការកំណត់របស់ធនាគារជាតិ ប្រាក់កម្ចីទៅតាមទំហំកម្ចីរបស់អតិថិជន បើខ្ពស់បំផុតស្មើការកំណត់របស់ធនាគារជាតិតែភាគច្រើនទាបឆ្ងាយ មាន ១% ឬ ០,៩% ក៏មាន ក្នុងមួយខែ»។

ជុំវិញការអំពាវនាវរបស់ធនាគារជាតិ លោក ផល្លីរីន ថ្លែងថា គឺជារឿងមួយដែលត្រឹមត្រូវ​ដើម្បីទប់ស្កាត់អ្នករកស៊ីមួយចំនួន ដែលអាចឆ្លៀតឱកាសនេះ ដំឡើងអត្រាការប្រាក់ច្រើនហួសហេតុលើប្រជាពលរដ្ឋ។

បើតាមសេចក្ដីជូនដំណឹងមួយរបស់ធនាគារ កាថេ យូណៃធីត ជូនចំពោះអតិថិជនរបស់ខ្លួន ដែលអ្នកសារព័ត៌មាន Newsroom Cambodia ទទួលបាន ឱ្យដឹងថា អត្រាការប្រាក់មូលដ្ឋាននៃអត្រាការប្រាក់ឥណទានរបស់អតិថិជនទាំងអស់ នឹងត្រូវកើនឡើងបន្ថែម ០,៥% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះចាប់អនុវត្តពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹងបញ្ជាក់ថា ការដំឡើងអត្រាការប្រាក់នេះ ដោយមានការកើនឡើងលើថ្លៃដើមនៃដើមទុនរបស់ធនាគារនាពេលថ្មីៗ។

អ្នកស្រី វ៉ាន សុភី វ័យ៣៥ឆ្នាំ ដែលជំពាក់ប្រាក់ធនាគារ កាថេ យូណៃធីត ចំនួន៦ម៉ឺនដុល្លារ ជាមួយអត្រាការប្រាក់បច្ចុប្បន្នចំនួន៧,៥%ក្នុងមួយឆ្នាំ។ តែយ៉ាងណា អ្នកស្រីថា ចាប់ពីខែមេសា ឆ្នាំ២០២៣នេះ ខាងធនាគារ​នឹងដំឡើងការប្រាក់បន្ថែមចំនួន ០,៥% ក្នុងមួយឆ្នាំ ដែលករណីនេះធ្វើឱ្យអ្នកស្រី​ជួបការលំបាកក្នុងការ​រកប្រាក់សម្រាប់បង់ការប្រាក់បន្ថែម។

ស្ត្រីរូបនេះ បានបន្ថែមថា អ្នកស្រី​បានទាក់ទងទៅធនាគារជាតិប៉ុន្តែមិនទទួលបានការឆ្លើយតប ហើយអ្នកស្រីក៏បានរាយការណ៍ទៅ​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ តាមរយៈអនឡាញផងដែរ។

អ្នកស្រី សុភី និយាយថា៖ «អត្រាការប្រាក់មិនគួរឡើងចំពោះអតិថិជនចាស់[…]ពួកខ្ញុំមិនសប្បាយចិត្តរឿងហ្នឹង។អតិថិជនក៏មានបញ្ហាសេដ្ឋកិច្ចដូចគ្នា»។

លោក ហេង ដែលជាអតិថិជនមួយរូបរបស់ធនាគារ កាថេ​ យូណៃធីត ដោយសុំមិនបញ្ចេញឈ្មោះពេញ ស្នើឱ្យធនាគារជាតិជួយដោះស្រាយលើការដំឡើងអត្រាការប្រាក់។ លោក ហេង បន្តថា លោកជំពាក់ប្រាក់ធនាគារ កាថេ ចំនួន៤ម៉ឺនដុល្លារ ជាមួយអត្រាការប្រាក់បច្ចុប្បន្នចំនួន៨%ក្នុងមួយឆ្នាំ។ 

លោក ហេង និយាយថា៖ «​ចង់តវ៉ាដោយសារឥឡូវ សេដ្ឋកិច្ចពិបាកខ្លាំងណាស់ សូមឱ្យធនាគារជាតិជួយលើកឡើងពីបញ្ហានេះផង»។

នាយកបរិយាបន្ទហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារកម្ពុជា លោក សុខ ចាន់ ថ្លែងថា ឥឡូវនេះមានធនាគារចំនួន៣ ក្នុងចំណោមធនាគារពាណិជ្ជសរុបចំនួន៦០ នៅប្រទេសកម្ពុជា បានប្រកាសដំឡើងអត្រាការប្រាក់របស់ខ្លួនក្នុងរង្វង់ ០,៥% ក្នុងមួយឆ្នាំ។

លោកបញ្ជាក់ថា៖ «បើតាមគាត់ប្រកាសដូចមានតែ៣[ធនាគារ] ឃើញដំឡើងមាន ០,៥%ក្នុងមួយឆ្នាំ[ទាំង៣ធនាគារ]»។

លោក សុខ ចាន់ បដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិតជុំវិញចំនួនពលរដ្ឋសរុបរបស់ធនាគារទាំង៣ ដែលខ្ចីប្រាក់ក្នុងកិច្ចសន្យាអត្រាការប្រាក់អណ្ដែត ព្រមទាំងទំហំទឹកប្រាក់សរុបដែលខ្ចី។

យ៉ាងណាក៏ដោយ លោក ចាន់ ឱ្យដឹងថា ការដំឡើងអត្រាការប្រាក់លើប្រាក់កម្ចីនេះ គឺដោយ​សារ​ការកើនឡើងនូវអត្រាការប្រាក់ក្នុងទីផ្សារអន្តរាជាតិដែលប៉ះពាល់ដល់ធនាគារដែលខ្ចីប្រាក់​ពី​អន្តរជាតិ ខណៈធនាគារដែលប្រើដើមទុនក្នុងស្រុក ត្រូវផ្ដល់អត្រាការប្រាក់ខ្ពស់សម្រាប់​អ្នកដាក់ប្រាក់បញ្ញើផងដែរ ហើយការសម្រេចចិត្តក្នុងការដំឡើងអត្រាការប្រាក់ និងភាគរយដែលឡើង គឺអាស្រ័យលើយុទ្ធសាស្ត្រគ្រប់គ្រងរបស់ធនាគារនីមួយៗ។ លោក​បន្ថែមថា ធនាគារស្ទើរតែទាំងអស់ បានសម្រេចដំឡើងអត្រាការប្រាក់នៃប្រាក់បញ្ញើដើម្បីទាក់ទាញប្រាក់បញ្ញើពីប្រជាពលរដ្ឋឱ្យបានច្រើន។

លោក សុខ ចាន់ សង្កត់ធ្ងន់ថា ការចុះហត្ថលេខា​លើកិច្ចសន្យាឥណទាន គឺផ្អែកលើឆន្ទៈរបស់ភាគីទាំងសងខាង។ លោក​ពន្យល់ថា ប្រសិនបើកិច្ចសន្យាជាអត្រាការប្រាក់អណ្ដែតនោះ គ្រឹះ​ស្ថាន​​ធនាគារ នឹងធ្វើតាមការឡើងចុះនៃអត្រាការប្រាក់អន្តរជាតិ ហើយប្រសិនបើកិច្ចសន្យាជាអត្រាការប្រាក់ថេរ ប៉ុន្តែអត្រាការប្រាក់អន្តរជាតិកើនឡើងធនាគារ នឹងត្រូវចរចាឡើងវិញនូវលក្ខ​ខណ្ឌនៃប្រាក់កម្ចីជាមួយអតិថិជនរបស់ពួកគេ។

លោក ចាន់ និយាយថា៖ «កម្ពុជាជាប្រទេសអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី អត្រាការប្រាក់នៅក្នុងធនាគារកម្ពុជាត្រូវបានកំណត់ដោយទីផ្សារ ហើយទំនាក់ទំនងរវាងអតិថិជន និងធនាគារ គឺធ្វើដោយមានការយល់ព្រម។ ការចុះហត្ថលេខាលើកិច្ចសន្យាឥណទាន គឺផ្អែកលើឆន្ទៈរបស់ភាគី​ទាំងពីរ»។

ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានឆ្លើយអះអាងថា មកដល់ពេលនេះ រាល់សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុ នៅមិនទាន់មានស្ថាប័ន​មីក្រូហរិញ្ញវត្ថុណាមួយ សម្រេចដំឡើងអត្រាការប្រាក់ដល់ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់នោះទេ។

លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍​ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា ​មើល​ឃើញថា​ ការដំឡើងអត្រាការប្រាក់នេះ ជាការបង្ហាញអំពីលទ្ធភាពនៃការប្រកួតប្រជែងលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ អះអាងថា ការដំឡើងអត្រាការប្រាក់ ក៏ពុំមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ​ ដោយធនាគារទូទៅផ្ដល់ប្រាក់កម្ចីនៅក្រោម១,៥%ក្នុង១ខែ ឬក្រោម១៨%ក្នុងមួយឆ្នាំ។

លោក សេរីវឌ្ឍន៍ មានប្រសាសន៍ថា៖ «កម្ចីពីធនាគារជាទូទៅនៅក្រោម ១,៥% ក្នុងមួយខែ ឬក្រោម ១៨% ចឹងការដំឡើង០,៥% វាមិនបង្ហាញថានឹងធ្វើឱ្យរារាំងដល់ការវិនិយោគនៅក្នុងប្រទេសទេ»។

យោងតាមរបាយការណ៍ក្រុមហ៊ុន ស៊ីប៊ីស៊ី ដែលមានសមាជិកសរុបចំនួន ១៨៥ស្ថាប័ន ដោយរួមបញ្ចូលទាំងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទ ឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ គ្រឹះស្ថានសមាជិកទាំងអស់បានផ្ដល់ឥណទានសរុបចំនួន ១៩៥ ៤៣៩ ២៣៤លានរៀល ដល់ប្រជាពលរដ្ឋចំនួន ៤,៨លាននាក់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះមានប្រហែល ៧៦% ខ្ចីប្រាក់តែ១ស្ថាប័ន និងប្រហែល១៩% ខ្ចីប្រាក់២ស្ថាប័ន ហើយ៥%ខ្ចីប្រាក់៣ស្ថាប័ន៕