កម្ពុជាបាននាំចេញអង្ករបានចំនួនជាង៣៦ ម៉ឺនតោនដើមខែដំបូងនៃឆ្នាំ២០២៣ ទៅកាន់ទីផ្សារអន្តរជាតិចំនួនក្នុងនោះកម្ពុជាបាននាំចេញអង្ករទៅប្រទេសចិន និងហុងកុងមានចំនួនច្រើន។

យោងតាមលើកឡើងពីនាយករដ្ឋមន្រ្តី ថ្លែងក្នុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ថា ដើមខែដំបូងនៃឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួនជាង ៣៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនជាង ២៨,៨៣លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ ក្នុងនោះ អង្ករកម្ពុជាបាននាំចេញទៅប្រទេសចិន និងហុងកុង ចំនួន ៤១%។

លោកបន្ថែមថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិនបាននាំមុខគេក្នុងការបញ្ជាទិញអង្កររពីកម្ពុជាខណៈសហគមន៍អឺរ៉ុបដែលធ្លាប់តែនាំមុខគេ លើការទិញអង្កររពីកម្ពុជាកាលពីពេលកន្លងមក។

លោក ហ៊ុន សែន បន្តថា ចំពោះស្វាយចន្ទីវិញ កម្ពុជាអាចនឹងក្លាយជាប្រទេសដែលផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោកនាពេលអនាគត ខណៈបច្ចុប្បន្នកម្ពុជាបាននាំមុខប្រទេសកូឌីវ័រលើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិរួចទៅហើយ។
លោកបញ្ជាក់ថា៖ «អង្ករខ្មែរកំពុងចេញទៅយ៉ាងតិច៧៣ប្រទេស អ្នជាមួយគ្នានោះដែរ ស្វាយចន្ទីរបស់យើងក៏កំពុងចេញទៅតាមទីផ្សារនានា ដែលគេស្គាល់ខ្មែរតាមរយៈស្វាយចន្ទីដែរ»។

លោកបន្ថែមថា នៅមានផលិតផលផ្សេងទៀតដែលគេស្គាល់ខ្មែរតាមរយៈផលិតផល ម្រេចកំពតនិងម្រេចរតនគិរីជាដើម ខណៈម្រេចជាផលិតផលកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលមានសក្តានុពល អាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ការងារបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ៕