ក្រសួងសុខាភិបាលរៀបចំផែនការការពារសុខភាព និងសង្រ្គោះបន្ទាន់ដោយឥតគិតថ្លៃដល់ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Sea Games) លើកទី៣២ ឆ្នាំ២០២៣។
កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អំពីការរៀបចំផែនការសង្រ្គោះបន្ទាន់ ក្នុងព្រឹត្តិការណ៍(Sea Games)ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៣។ ដើម្បីការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះដោយឥតគិតថ្លៃនៅពហុកីឡាដ្ឋានជាតិមរតតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
តាមប្រភពដដែលបញ្ជាក់ថាទីតាំងដែលនឹងផ្តល់សេវាសង្រ្គោះដោយឥតគិតថ្លៃរួមមាន មន្ទីរពេទ្យជាតិចំនួន០៧ ក្នុងនោះមានមន្ទីរពេទ្យតេជោសន្ដិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឍមណ្ឌជាតិគាំពារមាតា និងទារក។សម្រាប់មន្ទីរពេទ្យបង្អែកខេត្តមានចំនួន០៤ មាន ខេត្តសៀមរាម ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ។
ក្រសួងបានបន្ថែមថាក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព អាចស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃនៅតាមទីតាំងដូចមានខាងលើ និងភ្ជាប់មកជាមួយតារាងកំណត់ទីតាំង(QR CODE) ប្រភេទរថយន្តគិលានសង្គ្រោះ ឈ្មោះមន្រ្តីបុគ្គលិកទទួលខុសត្រូវ និងលេខទូរស័ព្ទតាមទីតាំងនីមួយៗ។ ក្រសួងសុខាភិបាលនឹងធ្វើបច្ចុប្បន្នភាពទីតាំងផ្ដល់សេវាសុខភាព និងសង្គ្រោះបន្ទាន់តាមស្ថានភាពជាក់ស្ដែង ក្រសួងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធដោយស្មារតីទទួលខុសត្រូវខ្ពស់៕