គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ មេសា បានប្រកាសបើកការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់នីតិកាលទី៧ ដែលមានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
លោកនុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា៖ «ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅ គ.ជ.ប។ ប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ត្រូវចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈោ្មះ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។» នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប។
អនុប្រធានគ.ជ.បរូបនេះតាមរយៈសេចក្ដីប្រកាសព័ត៌មានដដែលបានលើកឡើងពីលទ្ធភាពនៃការបណ្ដឹងតវ៉ា និងដោះស្រាយបណ្ដឹងពីសំណាក់គណបក្សនយោបាយ ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដោយបានកំណត់ពេល ៥ថ្ងៃបន្ទាប់ពីគ.ជ.ប បដិសេធ។
លោក នុត សុខុម បានបន្តថា យ៉ាងតិចក្នុងរយៈពេល ៣០ថ្ងៃមុនការបោះឆ្នោតមកដល់ គ.ជ.ប នឹងបិទផ្សាយបញ្ជីឈ្មោះគណបក្យនយោបាយទាំងអស់ដែលបានចុះឈ្មោះ ព្រមទាំងបញ្ជីរឈ្មោះបក្ខជនឈរឈ្មោះផ្លូវការនៅតាមមណ្ឌលបោះឆ្នោតនៅទូទាំងប្រទេស។
លោក នុត សុខុម ក៏បានជម្រាបជូនដល់ភាគីពាក់ព័ន្ធផងដែរអំពីនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈោ្មះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះអំពីភាពមានសិទ្ធិឈរឈោ្មះជាបេក្ខជន និងភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន។ លោកបានលើកឡើងថា៖ «ការដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ សម្រាប់មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ។»
ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕