ក្រសួងបរិស្ថានរៀបចំប្រកួតប្រជែងភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ គឺ មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងបរិស្ថានល្អក្នងគោលបំណងគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

កាលពីថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ គឺ មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងបរិស្ថានល្អ ក្នុងគោលបំណងគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្តដល់ ភូមិ ឃុំ សង្កាត់ ដែលអនុវត្តបានល្អតាមគោលនយោបាយខាងលើ។

ក្រសួងបានបន្ថែមថា អភិបាលនៃគណៈអភិបាល ក្រុង ស្រុកខណ្ឌ អាចជ្រើសរើសបេក្ខភាព ឃុំ សង្កាត់ ដែលមានសមត្ថភាព ជួយការពារថែរក្សាធនធានធម្មជាតិ និងបរិស្ថានបានល្អ ជាពិសេសបានជួយបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋអំពីអនាម័យ ក្នុងដំបន់ប្រកបដោយភាពជោគជ័យ រួចបញ្ជូនទៅ នាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត នៃនាយកដ្ឋានចំណេះដឹងនិងព័ត៌មាន ក្រសួងបរិស្ថាន៕