ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៤៣លើក បណ្តាលឲ្យមនុស្សចំនួន ១៨នាក់បាត់បង់ជីវិត និង៧៧នាក់រងរបួសធ្ងន់ស្រាល។នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ។

របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន ៦លើកស្លាប់មនុស្ស២នាក់ របួស១២នាក់។ ថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២០លើកស្លាប់ ៧នាក់ និងរបួស៤៨នាក់។
ចំណែកថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៧លើកស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង៤៣ករណី មានការថយចុះចំនួន៤ករណី បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៧ករណី។

ដោយឡែកបទល្មើសព្រហ្មទណ្ឌក្នុងរយៈបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៣នេះ មាន៣៩ករណី ដោយឃាត់ខ្លួនបានចំនួន៣៧នាក់។

សូមជម្រាបថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង៕