ពលរដ្ឋមានជម្លោះដីធ្លីនាំគ្នាប្រមូលផ្ដុំនៅខាងមុខសាលាដំបូងខេត្ដត្បូងឃ្មុំដើម្បីលើកទឹកចិត្ដតំណាងរបស់ខ្លួនពីនាក់ត្រូវបានតុលាការកោះហៅឱ្យចូលឆ្លើយបំភ្លីនៅសាលាដំបូងខេត្ដត្បូងឃ្មុំ។

នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ នេះពលរដ្ឋដែលមានជម្លោះដីធ្លីចំនួន ១៥០នាក់មកពីស្រុកចំនួន២គឺ ស្រុកតំបែរ និងស្រុកមេមត់ ខេត្ដត្បូងឃ្មុំបាននាំគ្នាមកជួបជុំគ្នានៅខាងមុខសាលាដំបូងខេត្ដត្បូងឃ្មុំដើម្បីលើកទឹកចិត្ដដល់ដំណាងរបស់ខ្លូនពីនាក់ដែលត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺពាក់ពន្ធ័រឿងទៅកាន់កាប់ដីកេរ្តិ៍ដូនតារបស់ខ្លួននៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។

អ្នកស្រីអ៊ូច នឿន អាយុ៣៨ឆ្នាំរស់នៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ បានប្រាប់Newsroom Cambodia ថាមូលហេតុដែលអ្នកស្រីឡើងមកជួបជុំគ្នានៅខាងមុខសាលាដំបូងខេត្ដត្បូងឃ្មុំនៅថ្ងៃនេះគឺដើម្បីគាំទ្រនឹងលើកទឹកចិត្ដតំណាងដែលត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺ ហើយមួយវិញទៀតខ្លាចមានការកៀបសង្កត់ឬចាប់ខ្លួនទៅលើតំណាងរបស់ខ្លួន។

អ្នកស្រីលើកឡើងថា៖ «ខ្ញុំព្រួយបារម្ភខ្លាចគាត់ទៅតែឯងគេកៀបសង្កត់ចោទប្រកាន់អ្វីម្យ៉ាង ដីៗយើងទាំងអស់គ្នាដល់មានបញ្ហា បញ្ហាតែគាត់ខ្លាចគេកៀបសង្កត់សព្វបែបយ៉ាងម្លោះហើយយើងនាំគ្នាមកលើកទឹកចិត្ដទាំងអស់គ្នាមក»។

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣។ រូបភាព៖ ពលរដ្ឋផ្តល់ឱ្យ

លោកផុន សុផល អាយុ៣៣ឆ្នាំ ជាតំណាងពលរដ្ឋ រស់នៅភូមិក្រវៀនជើង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់ Newsroom Cambodiaថាតុលាការបានដាក់ការសង្ស័យដល់រូបលោកគ្រាន់តែដើម្បីបំបាក់ស្មារតីអ្នកតវ៉ារឿងដីធ្លីទេ លោកថាកន្លងមកអ្នកដែលមានបញ្ហាដីធ្លីត្រូវបានគេចោទប្រកាន់តាមប្រព័ន្ធតុលាការនិងដើម្បីឱ្យពលរដ្ឋឈប់តវ៉ារឿងដីធ្លី។

លោកលើកឡើងថា៖ «កន្លងមកអ្នកដែលមានបញ្ហាដីធ្លីត្រូវបានគេចោទប្រកាន់តាមប្រព័ន្ធតុលាការហ្នឹង ដើម្បីឱ្យពួកគាត់ឈប់តវ៉ារឿងដីធ្លី។ ប្រសិនបើមិនមានដំណោះស្រាយខ្ញុំនៅតែបន្តក្នុងការដាក់លិខិតស្វែងរកដំណោះស្រាយពីអាជ្ញាធរដែលពាក់ព័ន្ធពីបញ្ហាដីធ្លីរហូតមានដំណោះស្រាយ»។

លោកស៊ុន សូ ដែលជាតំណាងប្រជាពលរដ្ឋត្រូវបានតុលាកោះហៅឱ្យទៅបំភ្លឺបានប្រាប់Newsroom Cambodia ថាតុលាការចោទលោកថាបានទៅកាន់កាប់ទន្រ្ទៀនដីព្រៃរបស់រដ្ឋ លោកប្រាប់ថាដីដែលលោកចូលទៅកាន់កាប់នោះជាដីកេរ្ដិ៍ម៉ែឳយាយតារបស់លោកដែលបានកាន់កាប់ធ្វើស្រែចំការតាំងពីឆ្នាំ១៩៧៩។

លោកលើកឡើងថា៖ «ដីនេះជាដីកេរ្តិ៍ ម៉ែ ឳ យាយតាខ្ញុំ ដូច្នេះខ្ញុំធ្វើហើយ រឿងកាប់ឆ្ការខ្ញុំមានតែម៉ាស៊ីនកាត់ស្មៅ ជាម៉ាស៊ីនតូចហើយនឹងកាប់បន្តិចបន្តួច បើថាខ្ញុំកាប់ដីរដ្ឋគឺគ្មានទេ ព្រោះដីនេះជាដីដែលខ្ញុំធ្លាប់ធ្វើពីមុនមកតាម យាយ តាខ្ញុំ ម៉ែ ឳខ្ញុំ»។

លោកប្រាប់ថាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំកាន់កាប់ដីវិញមានចំនួន២១គ្រួសារហើយពលរដ្ឋដែលរងគ្រោះមានច្រើនគ្រួសារណាស់ប៉ុន្តែអ្នកខ្លះមិនបានដាក់ពាក្យស្នើសុំនោះទេព្រោះខ្លាចអាជ្ញាធរគំរាមកំហែងមានមេភូមិមានប៉ូលីសរដ្ឋបាលគំរាមកំហែងម្ចាស់ដីថាទៅតវ៉ាប្រយ័ត្នគេចាប់ដាក់គុកធ្វើឱ្យពលរដ្ឋខ្លះអត់ហ៊ានទទៅដាក់ពាក្យស្នើសុំ។

លោកបន្ថែមថា៖ «ខ្ញុំគិតថាហៅហ្នឹងពិតជាគំរាមកំហែងបំភ័យមិនឱ្យប្រជាជនងើបតវ៉ាទៅថ្ងៃក្រោយទៀត»។
លោក សូ សុវិទ្យា តំណាងអយ្យការអមសាលាដំបូងខេត្ដត្បូងឃ្មុំ បានប្រាប់Newsroom Cambodia ថាការកោះហៅតំណាងពលរដ្ឋមកឆ្លើយបំភ្លឺនេះគឺករណីពលរដ្ឋចូលទៅកាន់កាប់ដីព្រៃរបស់រដ្ឋ។​ លោកលើកឡើងថា៖ « គាត់ចូលទៅកាន់កាប់ដីព្រៃរបស់រដ្ឋ»។

លោក វណ្ណ សូផាត មន្រ្ដីសម្របសម្រួលផ្នែកធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់Newsroom Cambodia ថាករណីនេះគឺអាស្រ័យទៅលើកបញ្ចីសារពើពន្ធ័របស់រដ្ឋាភិបាលឬរបស់អាជ្ញាធរបញ្ជាក់ថាជាដីសារធារណៈរបស់រដ្ឋឬជារបស់ប្រជាពលរដ្ឋ លោកថាបើដីនោះជារបស់ពលរដ្ឋដែលបានកាន់កាប់តាំងពីដូនតាមកត្រូវតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ជាជាងប្រើប្រាស់ប្រពន្ធតុលាការ។

លោកមើលឃើញថាបច្ចប្បន្នពលរដ្ឋមានការរងគ្រោះច្រើនណាស់ លោកថាជាពិសេសតុលាការមុនធ្វើការចោទប្រកាន់មកលើប្រជាពលរដ្ឋត្រូវមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ឯករាជឱ្យមានតម្លាភាព លោកថាតុលាការមិនត្រូវមើលតែរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាននោះទេ។

លោកថាអាជ្ញាធរមូលដ្ឋានមួយចំនួនមានពាក់ពន្ធ័ជាមួយផលប្រយោជន៍ លោកថាកន្លងមកធ្លាប់មានអាជ្ញាធរបណ្ដេញពលរដ្ឋចេញទាំងបង្ខំ រួចហើយយកដីនោះទៅឱ្យអ្នកមានអំណាចឬចែកគ្នាពុះជាដីឡូលក់ចែកគ្នាជាដើម។

លោកលើកឡើងថា៖ «បើពិតជាដីរបស់រដ្ឋមែនត្រូវមានបញ្ជីសារពើពន្ធ័បញ្ជាក់ច្បាស់លាស់មានអនុក្រឹតថាដីហ្នឹងជាដីតំបន់ការពារឬជាដីតំបន់សារធារណៈរបស់រដ្ឋ ចឹងបើប្រជាពលរដ្ឋកាន់កាប់យូរមកហើយធ្វើស្រែចំការអាស្រ័យផលលើហ្នឹង ទួសបីជាដីសារធារណៈរបស់រដ្ឋក៏ដោយ ក៏រដ្ឋអាចមានសិទ្ធក្នុងការធ្វើអនុប្រយោគដើម្បីបំឡែងឱ្យទៅជាដីឯកជនរបស់រដ្ឋហ្នឹងផ្ដល់ជាប័ណ្ណកម្មសិទ្ធឱ្យពួកគាត់កាន់កាប់បន្តទៀត[…]រដ្ឋគួរតែពិចារណាដើម្បីពិនិត្យឱ្យបានច្បាស់លាស់។ ជៀសវាងប្រើប្រពន្ធ័តុលាការទៅបំបាក់ទឹកចិត្ដប្រជាពលរដ្ឋក្នុងការទាមទារឱ្យមានដំណោះស្រាយទៅលើបញ្ហាដីធ្លីរបស់គាត់ យើងដឹងហើយថាពលរដ្ឋខ្មែរភាគច្រើនពឹងពាក់ទៅលើដីស្រែ»។

ពលរដ្ឋបានសំណូមពរដលអង្គការទាំងអស់ទាំងអង្គការក្រៅរដ្ឋាភិបាលនិងក្នុងរដ្ឋាភិបាលជួយដោះស្រាយបញ្ហាដីធ្លីឱ្យពលរដ្ឋឱ្យបានឆាប់រហ័ស ពីព្រោះពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនពិបាកយូរឆ្នាំមកហើយដែលយួនធ្វើបាបដេញបាញ់បាត់បង់ដីធ្លី។ ពលរដ្ឋរំពឹថារដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលជួយជម្រុញដោះស្រាយឱ្យពលរដ្ឋឱ្យបានលឿន៕