លោកកន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) បានស្នើឱ្យអ្នកនយោបាយគ្រប់ភាគីចាស់ទុំ ត្រូវនិយាយអំពីគោលនយោបាយ ជាជាងលើកបញ្ហាបុគ្គល និងស្ថាប័នគ.ជ.ប ត្រូវតែពិនិត្យមើលនូវការរៀបចំរបស់ខ្លួនធ្វើយ៉ាងណា គ្រប់ភាគីនៃការប្រកួតប្រជែង ព្យាយាមពន្យល់ដល់ពួកគេដើម្បីឱ្យគេមានលទ្ធិភាពក្នុងការចូលរួមដោយពេញលេញ។

ខាងក្រោមនេះជាកិច្ចសម្ភាសរវាង Newsroom Cambodia ជាមួយលោក កន សាវាង្ស។

តើលោកយល់ឃើញយ៉ាងណា ចំពោះបរិយាកាសនយោបាយកម្ពុជា?

អ្វីដែលខ្ញុំតាមដានមកដល់ពេលនេះ ខ្ញុំមើលឃើញថាបរិយាកាសនយោបាយហាក់ដូចមានបញ្ហាច្រើនដែលមិនទាន់បានល្អប្រសើរ។ យើងឃើញហើយថាថ្មីៗនេះ មានការប្តឹងផ្តល់ រួមទាំងការហៅអង្គការសង្គមស៊ីវិលផ្សេងៗទៀត អំពីបញ្ហានៃការដំណើរបញ្ចេញមតិជារួមយើងឃើញថាបរិយាកាសនយោបាយមិនទាន់មានផលល្អប្រសើរទេ រួមទាំងការប្រកួតប្រជែងរបស់គណបក្សនយោបាយដូចគ្នា។

តើលោកយល់ឃើញយ៉ាងណាចំពោះដំណើរការបោះឆ្នោតខែកក្កដាខាងមុខនេះ?

សម្រាប់ការយល់ឃើញរបស់ខ្ញុំ គ្រប់គណបក្សនយោបាយមានពេលវេលានៅសល់វែងក្រោយពីការបោះឆ្នោតឆ្នាំ២០២២ ប៉ុន្តែនៅពេលនេះយើងមិនទាន់ឃើញច្បាស់លាស់នៃការចូលរួមរបស់គណបក្សនយោបាយក្នុងទម្រង់បែបណានៅឡើយទេ។

ក្រោយពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយពីឆាកនយោបាយ រហូតដល់ឆ្នាំ២០២២ មានគណបក្សថ្មីមួយកើតឡើងគឺ គណបក្សភ្លើងទៀន ដែលជាអតីតកែមកពីគណបក្សសមរង្ស៊ីហ្នឹង យើងឃើញថាការគាំទ្ររបស់ប្រជាពលរដ្ឋមានចំនួនច្រើន បើធៀបជាមួយនឹងគណបក្សក្រៅរដ្ឋាភិបាល(ផ្សេងទៀត) ហើយអាចថាជាគណបក្សដៃគូប្រកួតប្រជែងនឹងគណបក្សកាន់អំណាចផងដែរ។

យើងមើលអំពីស្ថានភាពវិញឃើញថា ទាំងសកម្មជន និងពលរដ្ឋថ្នាក់លើថ្នាក់ក្រោមក៏ដោយដែលគាំទ្រ គណបក្សនេះ ហាក់មានការភ័យខ្លាចតាមរយៈបណ្តឹង និងការបញ្ចេញមតិផ្សេងៗការបោះឆ្នោតនាពេលខាងមុខនេះស្ថានភាពនៅតែមិនទាន់មានភាពប្រសើរនៅឡើយទេ បើសិនជាកម្រិតត្រឹមតែប៉ុណ្ណេះអាចទៅរួច តែបើរឹតបន្តឹងជាងនេះ
ទៀតប៉ះពាល់ហើយ ត្រង់ថាប៉ះពាល់កម្រិតណា អាស្រ័យលើសិក្សាបន្ថែមនៅពេលក្រោយទៀត។

តើការបោះឆ្នោតនាពេលខាងមុខនេះមានវត្តមានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍ ដែរឬទេ?

មកដល់ពេលនេះអង្គការCOMFRELបានជួបជាមួយអង្គការសង្គមស៊ីវិល ក៏ដូចជាម្ចាស់ជំនួយផ្សេងៗឃើញថា បានសម្តែងការចាប់អារម្មណ៍ក៏ប៉ុន្តែមិនមាន ស្ថានទូត ឬម្ចាស់ជំនួយណាមួយដែលចេញថាទទួលផ្តល់ការឧបត្ថម្ភ ទៅលើដំណើរការនៃការបោះឆ្នោតនោះទេ ភាគច្រើននៅក្នុងគម្រោងរបស់ពួកគេភាគច្រើនទាក់ទងនិងការអភិវឌ្ឃ ឬឯអង្គការថ្នាក់តំបន់ អង្គការអន្តរជាតិក៏មិនឃើញមានអង្គការណាមួយ បង្ហាញថានឹងដាក់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងឆ្នាំ២០២៣ខាងមុខនេះឡើយ។

សម្រាប់អង្គការសង្គមស៊ីវិលមកដល់ពេលនេះក៏ដូចគ្នាដែរ យើងកំពុងតែធ្វើការតាមដានស្ថានភាព និងបរិយាកាសនយោបាយ ដូចខ្ញុំជម្រាបខាងដើមថាវាមិនទាន់ល្អប្រសើរនៅឡើយទេ ជាពិសេសតាមរយៈការប្តឹងផ្តល់គ្នា ការប្រើប្រាស់ប្រព័ន្ធតុលាការអ្វីផ្សេងៗ វាសុទ្ធសឹងតែជាបរិយាកាសមួយដែលពិបាក។

គណបក្សក្រៅរដ្ឋាភិបាលក៏មានចេញសេចក្តីថ្លែងការណ៍ ឬលើកឡើងថាមិនចូលរួមក្នុងពេលខាងមុខបើសិនជាស្ថានភាពវិវត្តទៅមុខទៀត ចឹងសម្រាប់ចំណុចនេះយើងអាចមើលរយៈពេលក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ថាតើមានគណបក្សនយោបាយ អង្គការជាតិ អន្តរជាតិ ក៏ដូចជាអង្គទូតណាខ្លះចូលរួម ។

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់COMFREL វិញបានចូលរួមរួចជាស្រេចទៅហើយ គឺថាបានចូលរួមក្នុងដំណើរការនីមួយៗ ឧទាហណ៍ដូចករណី ការចុះឈ្នោះបោះឆ្នោត ដំណើការនៃការជ្រើសរើសគណៈកម្មាការរាជធានីខេត្តរៀបចំការចោះឆ្នោត និងដំណើរការផ្សេងៗទៀត ក៏ប៉ុន្តែសកម្មភាពក្នុងថ្ងៃបោះឆ្នោត យើងមិនទាន់បានសម្រេចចិត្តទេ ការសម្រេចចិត្តចូលរួមប៉ុនណា ធ្វើការវាយតម្លៃឬធ្វើសកម្មភាពបែបម៉េចយើងមិនទាន់បានសម្រេចជាមូលមតិក្នុងចំណោមអង្គការសង្គមស៊ីវិលក្នុងស្រុក។

តើធ្វើយ៉ាងណាដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌?

គោលការណ៍ជាតិនិងអន្តរជាតិថា្នក់តំបន់ ជាពិសេសថ្នាក់ជាតិមានចែងក្នុងរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់ផ្សេងៗទៀតគឺថាមាន៨ចំណុច ជាចំណុចសំខាន់ណាស់ ដូចជាស្តង់ដាដែលពិភពលោកគេប្រើប្រាស់ សំខាន់ជាងគេគឺរឿងបរិយាកាសនយោបាយ គឺត្រូវធ្វើយ៉ាងម៉េចឱ្យអ្នកចូលរួមដំណើរការនៃការបោះឆ្នោត ទាំងអ្នកគាំទ្រ ទាំងដៃគូប្រកួតប្រជែងចូលរួមគ្មានភាពភ័យខ្លាច គឺការចូលរួមដោយគ្មានការបដិសេដទៅលើក្រុមណាមួយ។

គណបក្សកាន់អំណាច អង្គរៀបចំការបោះឆ្នោត គឺថាមិនមានការបដិសេដទេត្រូវឱ្យមានការចូលរួមនិងធានាឱ្យមានដំណើរការនៃការចូលរួមនេះទីពីរទាក់ទងនឹងដំណើការនៃការពិនិត្យមើលផ្លូវច្បាប់ដូចជា ច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ យើងឃើញហើយថាច្បាប់ទាំងនេះមិនទាន់បានកែទម្រង់នៅឡើយទេ។

ក្រោយពីការបោះឆ្នោតឆ្នាំ២០១៨មក យើងឃើញថាច្បាប់មានចំណុចពីរសំខាន់ ១ មិនត្រូវបានរក្សាតំណាងជាប់ឆ្នោតឱ្យបានអនុវត្តឱ្យបានពេញលេញរបស់ពួកគេទេ ជាពិសេសគឺការបែងចែកអំណាច គឺការបែងចែកអាសនៈទៅឱ្យគណបក្សនយោបាយផ្សេងទៀតដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតជូនជារឿងមួយសំខាន់ រឿងច្បាប់គណបក្សនយោបាយឈានដល់ការរំលាយផ្សេងៗនិង ទាំងនេះជាចំណុចប្រទាំងប្រទើសគ្នាក្នុងពេលបច្ចុប្បន្ននេះ។

សមាសភាពនៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោត គេហៅថាអង្គបោះឆ្នោត យើងឃើញហើយថាអង្គបោះឆ្នោត មានសមាសភាពបួនបួនមួយ ប៉ុន្តែត្រូវការសមតុល្យគ្នារវាងសមាសភាពនៃតំណាងរាស្រ្តក្នុងសភាមែនទែនទៅសព្វថ្ងៃវាមានចម្រុះនៅក្នុងគណៈកម្មាការពិតមែន ប៉ុន្តែមិនមានសមាសភាពគណបក្សនយោបាយចម្រុះពហុបក្សនៅក្នុងសភាទេ។

មានការចោទសួរពាក់ព័ន្ធលើទម្រង់ ទាក់ទងបណ្តឹងមានការលើកឡើងរហូតដល់ថ្មីៗនេះ ក្នុងអាណតិ្តនេះមានលើកឡើងការប្តឹងផ្តល់របស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតទៅអ្នកដែលរិះគន់ មិនមែនដៃគូប្រកួតប្រជែង
ប្តឹងទៅអ្នករៀបចំទេ ទៅជាអ្នករៀបចំប្តឹងទៅអ្នកប្រកួតប្រជែង មានចំណុចជាច្រើនទៀតតែសូមមិនបន្តទេ នេះជាដំណើរការនៃការបោះឆ្នោតក្នុងពេលខាងមុខ។

ទោះបីយ៉ាងណាក៏ដោយមិនភ្លេចរឿងមួយគឺ ការចូលរួមរបស់អាជ្ញាធរមានសមត្ថកិច្ច ការចូលរួមរបស់មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ ហើយនិងមន្រ្តីតុលាការ ដែលអ្នកទាំងអស់នេះគឺជាសមាសភាពមួយសំខាន់ដែលធានាក្នុងការចូលរួមឱ្យបានប្រសើរ។

ផ្ទុយទៅវិញច្បាប់បោះឆ្នោតបានបើកផ្លូវឱ្យអ្នកទាំងអស់គ្នាចូលរួម នៅក្នុងដំណើរការនៃការគាំទ្រគណបក្សនយោបាយ នៅពេលឃោសនាម្តងៗមានទាំងក្រឡាបញ្ជី មានទាំងគណអភិបាលខេត្តចូលរួមឃោសនាឱ្យគណបក្សនយោបាយមួយ កន្លែងខ្លះមន្ទីរអីហ្នឹងសឹងតែរកមនុស្សធ្វើការថែមទៀតកន្លែងខ្លះ នេះហើយជាចំណុចដែលដំណើរការនៃការបោះឆ្នោតនិងមានចំណុចចន្លោះប្រហោង ខ្វះខាតនៅក្នុងដំណើរ។

ការប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៍ ដូចនេះវាមិនទាន់ចូលស្តង់ដាទេ ប៉ុន្តែបើសួរថាកន្លងមកមានរឿងនេះកើតឡើងទេ មានប៉ុន្តែយ៉ាងហោចណាស់ជាចំណុចមួយដែលអាចទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ នេះគឺជារឿងដែលអាចគិតថាដោយសេរីនិងយុត្តិធម៍បែបហ្នឹង។

តើលោកមានអនុសាសន៍អ្វីជុំវិញការបោះឆ្នោតនាពេលខាងមុខនេះ?

រឿងសំខាន់ជាងគេគឺភាគីនៃការប្រកួតប្រជែង ធ្វើយ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏ដោយ ស្ថាប័នគ.ជ.ប ក៏ដោយត្រូវតែពិនិត្យមើលនូវការរៀបចំរបស់ខ្លួនធ្វើម៉េច ដែលចាត់ទុកថាជាការចាស់ទុំមួយ រៀបចំធ្វើម៉េចឱ្យគ្រប់ភាគីនៃការប្រកួតប្រជែង ព្យាយាមពន្យល់ដល់ពួកគេដើម្បីឱ្យគេមានលទ្ធិភាពក្នុងការចូលរួមដោយពេញលេញ។

អ្នកនយោបាយធ្វើម៉េចឱ្យមានលក្ខណៈចាស់ទុំ និយាយអំពីគោលនយោបាយ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងជាជាងការលើកយកអំពីបុគ្គលដែលធ្វើឱ្យមានការមិនសប្បាយចិត្តលើកដំណើរការដែលឈានដល់ការប្តឹងផ្តល់៕