សកម្មជនការពារបរិស្ថានថា ការស្លាប់របស់លោក ឈុត វុទ្ធី មិនធ្វើឱ្យអ្នកការពារព្រៃឈើដទៃទៀតភ័យខ្លាចនោះទេ។ ការលើកឡើងដូច្នេះធ្វើឡើងខណៈខួប១១ឆ្នាំនៃមរណៈភាព លោក ឈុត វុទ្ធី ដែលត្រូវគេបាញ់សម្លាប់កាលពី១១ឆ្នាំមុន។

លោក សាន់ ម៉ាឡា ដែលជាសកម្មជនបរិស្ថាន នៅថ្ងៃទី២៧ មេសានេះ បានប្រាប់ Newsroom Cambodia ថា «មរណភាពរបស់លោក ឈុត វុទ្ធី មិនមែនជាកត្តាបណ្ដាលឱ្យអ្នកការពារព្រៃឈើជាយុវជន ឬសហគមន៍មូលដ្ឋានហ្នឹង មានការបាក់ទឹកចិត្តភ័យខ្លាច លែងហ៊ានបន្ដសកម្មភាពតទៅទៀតទេ។»

សកម្មជនបរិស្ថានរូបនេះបានបន្ដថា អំពើអយុត្តិធម៌ និងឃាតកម្មលើកលោក ឈុត វុទ្ធី ជាកត្តាជំរុញចិត្តប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំដើម្បីការពារធនធានធម្មជាតិដែលកំពុងសេសសល់នៅក្នុងប្រទេសកម្ពុជា។

លោក សាន់ ម៉ាឡា បន្ថែមថា មរណៈភាពរបស់ ឈុត វុទ្ធី កាន់តែបង្កើនសណ្ដានចិត្តឱ្យពលរដ្ឋទាំងអស់គ្នាឱ្យធ្វើការវែកមុខ និងបកអាក្រាតអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងជំនួញដែលយកធនធានធម្មជាតិដើម្បីទៅរកស៊ីបង្កើតភាពមានបានរបស់ពួកគេផងដែរ។

គួររំឭកផងដែរថា លោកឈុត វុទ្ធី ជាអតីតសកម្មជនការពារព្រៃឈើម្នាក់ ត្រូវបានគេធ្វើឃាតនៅខេត្តកោះ កុង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២ នៅពេលដែលលោកចុះស៊ើបអង្កេតនិងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ជួរភ្នំក្រវាញជាមួយអ្នកសារព័ត៌មានពីររូបរបស់កាសែត The Cambodia Daily។

ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសង្គម និងបរិស្ថាន បានបង្ហាញការខកចិត្តជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដែលមិនទាន់ស្វែងរកឃើញជននៅពីក្រោយការរៀបចំឱ្យមានការបាញ់សម្លាប់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ដែលបានកើតឡើងកាលពី១១ឆ្នាំមុននៅក្នុងខេត្តកោះកុង។ នេះបើតាមសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា៕