តំណាងក្រុមហ៊ុន Google កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប អំពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់។

លោកអ៊ីវ ហ្គោនស្ស៊ាឡេស ជាតំណាងមកពីក្រុម Google បានស្នើសុំទៅកាន់កម្មធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ក្នុងការបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាងគ.ជ.ប និង Google ប្រចាំនៅកម្ពុជាដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ឲ្យបានទាន់ពេលវេលា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះថ្ងៃទី២៥ មេសា។

ចំពោះការ បង្កើតក្រុមការងារទំនាក់ទំនងគ្នារវាងគ.ជ.ប និង Google លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា លោកនឹងរាយការណ៍ទៅគ.ជ.ប ដើម្បីពិនិត្យសម្រេច។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល លោក ហង្ស ពុទ្ធា ក៏បានស្នើឱ្យក្រុមហ៊ុន Google សហការលើការងារចំនួនបីចំណុច។ ដែលទី១ គ.ជ.ប បានស្នើឱ្យ Google ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកទីតាំងបោះឆ្នោតលើប្រព័ន្ធ Google ឲ្យកាន់តែប្រសើរ។ ទី២ គ.ជ.ប ចង់ឱ្យ Google ជួយទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់។

ចំណែកចំណុចចុងក្រោយ គ.ជ.ប បានស្នើឱ្យក្រុមហ៊ុន Google ដកចេញនូវខ្លឹមសារព័ត៌មានដែលបំពាន និងប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា ចេញពីគេហទំព័រ YouTube។

មុនក្រុមហ៊ុន Google ស្នើគ.ជ.ប ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត លោក អ៊ីវ ហ្គោនស្ស៊ាឡេស ក៏បានជួបជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមកហើយ៕