ក្រុមយុវជនប្រមាណជា៣០នាក់ បាននាំគ្នាដាក់ញត្ដិទៅកាន់ក្រសួងយុត្ដិធម៌ដើម្បីស្នើឱ្យស្វែករកយុត្ដិធម៌ជូនលោកឈុត វុទ្ធីដែលជាសកម្មជនការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។

ការដាក់ញត្ដិនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលត្រូវនឹងខួប១១ឆ្នាំ នៃឃាតកម្ម សម្លាប់លោក ឈុត វុទ្ធីសកម្មជនការពារព្រៃឈើ។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈពេលដែលរូបលោក និងអ្នកសារព័ត៌មានពីរនាក់ទៀត កំពុងបំពេញបេសកកម្មចុះទៅយកព័ត៌មាននៅជិតតំបន់ព្រៃការពារក្នុងខេត្តកោះកុង ជាកន្លែងដែលលោកបានជីកកកាយអំពីសំណុំរឿងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលមានទាក់ទងយ៉ាងជិតស្និតនឹងមន្ត្រីយោធាពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនី ព្រមទាំងជាតំបន់ដែលសង្ស័យថាមានការចម្រាញ់វល្លិរមៀតខុសច្បាប់។

ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសង្គម និងបរិស្ថាន បង្ហាញការខកចិត្តជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដែលមិនទាន់ស្វែងរកឃើញជននៅពីក្រោយការរៀបចំឱ្យមានការបាញ់សម្លាប់សកម្មជនព្រៃឈើល្បីល្បាញមួយរូបគឺលោក ឈុត វុទ្ធី ដែលបានកើតឡើងកាលពី១១ឆ្នាំមុននៅក្នុងខេត្តកោះកុង៕