ក្រុមសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ទាមទារ ឱ្យបញ្ឈប់ការចោទប្រកាន់ទៅលើអ្នកការពារសិទ្ធិមនុស្សទាំងអស់ និងអំពាវនាវឱ្យដោះលែងបុគ្គលិក CCFC ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
អង្គការក្រៅរដ្ឋាភិបាលចំនួន៦១ ដែលបានចេញសេចក្តីថ្លែងការណ៍រួមនោះមានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)និង សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ(LICADHO) ជាដើម។ នេះបើយោងតាមសេចក្តីថ្លែង ការណ៍រួម ដែលចេញផ្សាយដោយហ្វេសប៊ុកផេកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ លោកសាយ គួហាវ បានចោទប្រកាន់ លោកថេង សាវឿន លោកញិល ភាព លោក ថាន់ ហាច ពីបទរួមគំនិតក្បត់ និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថិ៍ដែលអាចជាប់ពន្ធនាគារដល់១០ឆ្នាំ និងពិន័យជាប្រាក់ផងដែរ ប្រសិនបើរកឃើញមានទោស។
យោងតាមសេចក្តីថ្លែងការណ៍រួមដដែល សង្គមស៊ីវិលទាំង៦១ បានថ្លែងថាការចោទប្រកាន់ប្រធាន និងបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍ កសិករកម្ពុជាជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវដោយកន្លងមកសមាគមនេះ តែងតែជួយគាំទ្រសហគមន៍ឱ្យយល់ដឹងអំពីសិទ្ធិ និងការតស៊ូមតិដើម្បីឱ្យការរស់នៅល្អប្រសើរ ជូនដល់កសិករទូទាំងប្រទេស។
ការចាប់ខ្លួននេះ នឹងមិនអាចដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ និងមិនអាចបំបិទសំឡេងរបស់តំណាងសហគមន៍ដែលកំពុងទាមទារយុត្តិធម៌ឡើយផ្ទុយទៅវិញការដោះលែងសកម្មជនទាំងនេះ គឺជាជំហានមួយឆ្ពោះទៅរកសន្តិភាព និងយុត្តិធម៌ពិតប្រាកដ សម្រាប់ទាំងអស់គ្នា ដូចនេះអាជ្ញាធរគួរតែដោះលែងអ្នកទាំង៣ និងទម្លាក់បទចោទទាំងអស់ លើពួកគេ។
គួរបញ្ជាក់ផងដែរថាការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនេះ បានធ្វើឱ្យកើតមានការតវ៉ា ការដង្ហែក្បួន ចាប់តាំងពីថ្ងៃទី១៩ ទៅក្រសួងមហាផ្ទៃ និងប្រមូលផ្តុំគ្នានៅទីនោះ ដើម្បីទាមទារឱ្យអាជ្ងាធរដោះលែងលោកថេង សាវឿន លោក ថាច់ ហាច លោក ញិល ភាព ហើយការចាប់ខ្លួននេះមិនមែនជាលើកទី១ឡើយ កន្លងមកលោកក៏ធ្លាប់ត្រូវបានគេចាប់ខ្លួននិងផ្តន្ទាទោស ម្តងរួចទៅហើយកាលពីឆ្នាំ២០១៤៕