ដោយមើលឃើញពីកង្វះខាតចំណេះដឹង របស់យុវជន និងសិស្សនិស្សិត ដែលនៅឆ្ងាយពីទីក្រុង ទើបជំរុញទឹកចិត្តព្រះង្គឱ្យបង្កើតបណ្ណាល័យឡើង។

ព្រះអង្គ ឡឹង រាជា មានព្រះជន្ម២៥វស្សា សព្វថ្ងៃ ព្រះអង្គស្នាក់នៅ វត្តសែនទាវ ភូមិ រលួស ឃុំក្រាំងអំបិល ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ ព្រះអង្គបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកនីតិសាស្ដ្រ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។

បច្ចុប្បន្ន ព្រះអង្គ ជាស្ថាបនិក និងជាអ្នកកបណ្ដុះបណ្ដាលសិស្ស នៅបណ្ណាល័យមួយក្នុងខេត្តកំពង់ស្ពឺ។
កត្តាជំរុញ ឱ្យមានការបង្កើតបណ្ណាល័យនេះឡើង ក្នុងគោលបំណងបីយ៉ាង ទី១) ជាការដឹងគុណ និងតបគុណចំពោះពុទ្ធសាសនា។ ទី២) ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងមូលដ្ឋាន ឱ្យមានទម្លាប់អានសិក្សាស្រាវជ្រាវ។ ទី៣) ផ្ដល់លទ្ធ ភាពដល់បរិស័ទ សិស្សានុសិស្ស មានឪកាសគ្រប់គ្រាន់ទទួលបានការអប់រំ ដោយមិនគិតថ្លៃ។

ព្រះអង្គ ជាកូនពៅនិងកំព្រាឳពុកក្នុងចំណោមបងប្អូន៦នាក់ បានរៀបរាប់ថា ផលលំបាក ទីមួយគឺខ្វះខាតធមធានមនុស្សចូលរួមធ្វើកិច្ចការដោយស្ម័គ្រចិត្ត [ព្រោះតំបន់នៅឆ្ងាយពីទីក្រុង] ពិបាកក្នុងការគ្រប់គ្រងចំនួនអ្នកចូលអាន និងអ្នកមកសិក្សារៀនសូត្រ ទីពីរគឺខ្វះខាតការសហការណ៍ និងឩបត្ថមថវិការទ្រទ្រង់។

ព្រះអង្គបន្តថា «តម្លៃនៃការបង្កើតបណ្ណាល័យ គឺមិនគ្រាន់តែបើកឱ្យមានសៀវភៅក្នុងទូបុណ្ណោះទេ តែវាជាទីកន្លែងសិក្សាស្រាវវជ្រាវមួយ ក្នុងតំបន់ដាច់ស្រយាល់[…]ដើម្បីផ្ដល់ឪកាសដល់យុវសិស្សនៅទីនេះ បានពង្រឹងចំណេះដឹងរបស់ខ្លួន តាមរយ:ការបណ្ដុះបណ្ដាល ពីលោកគ្រូអ្នកគ្រូ ក្នុងបណ្ណាល័យ និងតាមរយ:ស្វ័យសិក្សាដោយខ្លួនឯងក្នុងបណ្ណាល័យនេះផងដែរ»។

ព្រះអង្គ ឡឹង រាជា ថតនៅថ្ងៃ១២ ខែ4 ឆ្នាំ2021 ក្នុងកម្មវិធី បើកសម្ភោធបណ្ណាល័យ សែន ទាវ

ព្រះអង្គមានសង្ឃដីការថា៖ «កត្តាអប់រំ ប្រព័ន្ធអប់រំ នៅតាមបណ្ដាគ្រិះស្ថានសិក្សាខ្លះ នូវតែជាបញ្ហាក្នុងការបណ្ដុះបណ្ដាល ជំរុញ លើកទឹកចិត្តការអានដល់សិស្សានុសិស្ស បើទោះបីជាមានបណ្ណាល័យក្នុងសាលាកក៏ដោយ[…]កត្តាបុគ្គលមិនយល់ដឹងពីប្រយោជន៍នៃការស្រាវជ្រាវ តែចំណាយពេលច្រើនលើការប្រើប្រាស់បច្ចេកវិទ្យា ដូចជាការកម្សាន្តក្នុង តិកតុក និងហ្វេសប៊ុកជាដើម»។
បណ្ណាល័យនេះ ព្រះអង្គបានបើកដំណើការមានរយ:ពេល២ឆ្នាំហើយ គិតចាប់ពី២៨ ខែមិថុនា ឆ្នាំ២០២១មក បន្តដល់បច្ចុប្បន្ន។

ព្រះអង្គបានបញ្ជាក់ថា៖ «មូលហេតុមួយចំនួនដែលយុវជនខ្មែរ មិនសូវជាស្រឡាញ់ចូលចិត្តអានសៀវភៅ គឺមកពីកត្តាសង្គម ការរស់នៅក្នុងមជ្ឈដ្ឋានដែលមិនមានការអប់រំ និងការអាន។ ទន្ទឹមនេះ នៅតំបន់ខ្លះខ្សត់ខ្សោយ ដូច្នេះការយល់ដឹងរបស់ពលរដ្ឋមិនសូវទូលំទូលាយ»។

ព្រះអង្គសំណូមពរថា៖ ខ្ញុំព្រះករុណា អាត្មាភាពនៅតែលើកទឹកចិត្តដល់យុវជនប្រុសស្រី ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងស្រវាស្រទេញអាន ស្រាវជ្រាវឱ្យបានច្រើន ដើម្បីពង្រឹងចំណេះជំនាញសម្ថភាពឱ្យកាន់តែល្អប្រសើរ។ ត្រូវចាំ ប្រទេសមួយដែលអាចរីកចម្រើនទៅបាន គឺត្រូវការប្រជាជនដែលមានសមត្ថភាពជំនាញពិតប្រាកដ ពិសេសគឺបានសិក្សាស្រាវជ្រាវ និងការអាននេះឯង។

អ្នកគ្រូ បុណ្យ ធារី មកពីភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សព្វថ្ងៃមានតួនាទីជាគ្រូបង្រៀន ហើយក៏ជានិស្សិតកំពុងសិក្សា នៅសាកលវិទ្យាល័យ ខែមរ:ឆ្នាំទី៣ បានយល់ថា ការអានសៀវភៅ ករុណាគិតថា មានសារ:សំខាន់។

អ្នកគ្រូបន្ត «ដោយសារតែ យើងអានសៀវភៅ យើងអាចស្វែងយល់ទាំងចំណេះដឹងទូទៅ ទាំងចំណេះដឹងទាក់ទងនិងការសិក្សា ឬមួយក៏ទាក់ទងជាមួយនិងការងារ ហើយនៅពេលដែលយើងអានសៀវភៅ យើងនិងទទួលបានគំនិតថ្មីៗ នៅក្នុងការអភិវឌ្ឍ ការគិតរបស់ខ្លួន ក៏ដូចជាការអភិវឌ្ឍនូវសកម្មភាពនៃការរស់នៅប្រចាំថ្ងៃរបស់ខ្លួនបន្ថែមទៀតដែរ»។

អ្នកគ្រូធារីបន្តថា បណ្ណាល័យ គឺជាកន្លែងដ៏ល្អ សម្រាប់ការស្រាវជ្រាវរបស់យុវជន។ អ្នកគ្រូបានលើកឡើងថា ដោយសារតែ ធម្មតានៅពេលដែលយុវជនគាត់ត្រូវការរៀនសូត្រ ត្រូវការស្រាវជ្រាវ ចង់ស្វែងយល់អ្វីមួយ នៅពេលដែលមានបណ្ណាល័យ ហើយជាប្រភពដែលអាចផ្ដល់ព័ត៌មានទៅកាន់គាត់ អញ្ចឹងក៏ជាផ្នែកមួយងាយស្រួលសម្រាប់គាត់ ហើយគាត់កាន់តែមានអារម្មណ៏ថាស្រឡាញ់ទៅលើការអាន ចង់ស្រាវជ្រាវ ចង់ចេះ ចង់ដឹងបន្ថែមទៀតដែរ។

អ្នកគ្រូបញ្ជាក់ថា៖ មានលក្ខណ្ឌច្រើដែលថា ប្រជាជនខ្មែរមិនសូវចូលចិត្តទៅលើការអានសៀវភៅ អាចនិយាយបានថា តាមពិតទៅដោយសារយើងដឹងហើយ តាមប្រវត្តិសាស្ដ្រ ប្រទេសយើងក៏ទើបតែរួចផុតពីសង្រ្គាមកន្លងប៉ុន្មានឆ្នាំក្រោយមកនិងទេ អញ្ចឹងមានន័យថា ការវិវឌ្ឍន៍ ការរីកចម្រើន ប្រទេសយើងគឺស្ថិតនៅក្នុង ប្រទេសកំពុងអភិវឌ្ឍន៍ អញ្ចឹងទៅពាក់ព័ន្ធ ការរៀន ការសិក្សា គឺអត់អាចថា ត្រូវតែល្អបានដូចជាប្រទេសដែលគេអភិវឌ្ឍន៍ហើយទេ វិលត្រឡបមកវិញទៅលើការអានសៀវភៅក៏ដូចគ្នាដែរ។

យើងឃើញថាមាន ប្រជាជនភាគតិចដែរ ដែលគាត់ចូលចិត្តអានសៀវភៅ ហើយភាគច្រើន គឺគាត់អត់ទាន់បានយកពេលវេលារបស់គាត់អានសៀវភៅទេ ដោយសារតែគាត់មិនបានស្វែងយល់ស៊ីជម្រៅថា សៀវភៅនិងអាចជួយទៅកាន់គាត់បែបណាខ្លះ ពេលខ្លះទៅដោយសារតែទម្លាប់ ពីមួយទៅមួយគិតថា ការអាននិងមិនសូវសំខាន់សម្រាប់គាត់ អញ្ចឹងទៅក៏ធ្វើឱ្យគាត់ចាប់ផ្ដើមគិតាថា គាត់អត់ចាំបាច់អានសៀវភៅក៏បានដែរ។

អ្នកគ្រូធារីបន្ថែមថា៖ ដើម្បីឱ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ទៅលើការអានសៀវភៅ គឺដូចជាសូម្បីតែការងារខាងថ្នាក់លើផ្សេងៗ ដូចជាគេមានការរៀបចំទិវាអំណាន ឬទិវាផ្សេងៗពាក់ព័ន្ធជាមួយការអាននិង គឺសុទ្ធសឹងតែជម្រុញលើកទឹកចិត្ត ពាក់ព័ន្ធជាមួយការអាន មួយទៀតគឺផ្ដើមចេញពីយើងម្នាក់ៗទាំងអស់គ្នា ដែលនាំគ្នាបង្កើតរូបភាពនៃការអានសៀវភៅ ហើយក៏ចូលរួមនូវការផ្សប់ផ្សាយ ចូលរួមនូវការនិយាយពី អត្ថប្រយោជន៍នៃការអានសៀវភៅនិង ឱ្យបានទូលំទូលាយ បែបនេះទៅមហាជន នៅពេលដែលគាត់យល់ថា គាត់ធ្វើរឿងនិងទៅមានប្រយោជន៍បែបណាសម្រាប់គាត់ គាត់និងចាប់ផ្ដើមសាកល្បងនូវក្នុងកការធ្វើរឿងនិងបន្ថែមទៀតដែរ។

អ្នកគ្រូសំណូមពរថា៖ ចូលយើងម្នាក់ៗ គួរតែប្រើប្រាស់ពេលវេលាដ៏មានតម្លៃរបស់ខ្លួន ទៅធ្វើរឿងដែលមានប្រយោជន៍សម្រាប់ខ្លួនឯង ជាក់ស្ដែងដូចជាពាក់ព័ន្ធជាមួយនិងការអានសៀវភៅនិង គឺជារឿងមួយដែលមានប្រយោជន៍ ហើយជារឿងមួយដែលអាចជួយអភិវឌ្ឍន៍ខ្លួនយើងបានដែរ។

ពេលខ្លះយើងសឹងតែថា អត់មើលឃើញនូវចំណុចមួយនិងទេ តាមពិតទៅការអភិវឌ្ឍ គឺមានច្រើនទម្រង់ ច្រើនរូបភាពណាស់ ប៉ុន្តែនៅពេលដែលយើងសាកល្បងផ្ដល់ឪកាសឱ្យខ្លួនឯងបានអានសៀវភៅ បានស្វ័យសិក្សារៀនសូត្រខ្លួនឯង នោះយើងនិងដឹងថា សកត្តានុពលនៅក្នុងខ្លួនរបស់យើងម្នាក់ៗ យើងអាចធ្វើរឿងផ្សេងៗជាច្រើនបាន អញ្ចឹងជាចុងក្រោយ សំណូមពរថា ធ្វើមិចយើងចំណាយពេលឱ្យមានតម្លៃ ហើយចូលរួមនៃការអានសៀវភៅទាំងអស់គ្នា៕