ខេត្តសៀមរាប៖ ចម្លាក់ស្បែកជាប្រភេទមរតកសិល្បៈប្រពៃណីបុរាណមួយបែបក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ តែហាក់មិនសូវមានភាពរីកចម្រើន ដោយសារបញ្ហាសេដ្ឋកិច្ច សាធារណៈជនមិនសូវចំណាយក្នុងការទិញវត្ថុអនុស្សាវរីយ៍។ នេះជាការលើកឡើងរបស់លោកអេ ចាន់តង ជាសិល្បៈករសម្តែងក្នុងក្រុមល្ខោនស្បែកលោកតា ទី ជៀន។
លោកជាអ្នកសម្តែង និងជាអ្នកពោលម្នាក់នៅក្នុងក្រុម ក្រោយមកទៀតលោកបន្តចាប់អាជីពជាអ្នកចម្លាក់ស្បែកសម្រាប់លក់ជាវត្ថុអនុស្សាវវីយ៍នៅផ្ទះ ក្នុងខេត្តសៀមរាប។
សំឡេងញញួរលាន់ឮមិនដាច់ ដំប៉ះគ្នាជាមួយនឹងដែកដាប់លើស្បែកគោ ហាក់បង្ហាញអំពីទេពកោសល្យ និងសកម្មភាពផ្សព្វផ្សាយ បណ្តាលចិត្តអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍និងចង់ឈ្វេងយល់អំពីមរតកវប្បធម៌ដ៏មានតម្លៃទាំងនេះឱ្យបានគង់វង្សនៅយូរអង្វែង។
លោកអេ ចាន់តង បានផ្តល់បទសម្ភាសន៍ដល់Newsroom Cambodia ថា សូមឱ្យសាធារណៈជនព្យាយាមឈ្វេងយល់ ផ្សព្វផ្សាយ គាំពារ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ ដែលបន្សល់ពីបុព្វបុរសតាំងពីបរមបុរាណមកដើម្បីចូលរួមផ្សព្វផ្សាយ និងរួមចំណែកអភិរក្សឱ្យបានគង់វង្សបន្តទៀត។
លោកចាន់តងថា ទាំងភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មិនគួរមើលរំលង សិល្បៈ ចម្លាក់ ស្បែក ដែល ជាសិល្បៈដ៏ល្អឯកមួយនេះឡើយ ព្រោះថាក្រៅពីការដាក់តាំងលម្អវា គឺជាការលើកស្ទួយនៃ ការងារហត្ថកម្មរបស់ខ្មែរ ដែលបង្ហាញអោយឃើញថានេះជាតម្លៃបែបខ្មែរ។ លោកថាបរទេសតម្លៃ វប្បធម៌ធ្វើដោយដៃ បរទេសគេអោយតម្លៃណាស់ឃើញ យើងអង្គុយឆ្លាក់ដោយដៃ។
លោកថា៖ «ឃើញយើងធ្វើស្អាតអញ្ចឹង មិនគួរឱ្យជឿថាយើងឆ្លាក់នឹងដៃ គាត់អត់ចង់ទិញទេ គាត់ទិញអាប្រេប្រោធ្វើដោយកូនក្មេងវិញ ព្រោះគាត់គិតថាយើងធ្វើនឹងម៉ាស៊ីន តែកាលណាធ្វើអោយគាត់មើលទៅគាត់ចងចាំ មិនគួរណាយើងធ្វើបាន អញ្ចឹងគេអោយតម្លៃយើងខ្ពស់»។
លោកបន្តទៀតថា ល្ខោនស្បែក ជាដំបូងបង្អស់ គឺជាផ្ទាំងទស្សនីយភាពមួយរបស់ខ្មែរដែលមានតាំង ពីមុនសម័យអង្គរ មកម្ល៉េះ និង ជាសិល្បៈ បុរាណ មួយបែបដែលមានដើមកំណើតឡើងតាមរយៈជនជាតិខ្មែរ ។
លោកថា៖« ពីដើមអត់មានកុនទូរទស្សន៍ដូចសម័យឥឡូវនេះទេ អោយតែមានកម្មវិធីបុណ្យធំៗ យើងលេងនៅកម្មវិធីដូចជាចម្រើនព្រះជន្មស្តេច ឬ បុណ្យសពព្រះចៅអធិការ ហើយនិងបុណ្យជាតិផ្សេងៗ អោយតែមានកម្មវិធីបុណ្យអីយើងក៏ចាប់ផ្តើមយកល្ខោនស្បែកហ្នឹងទៅលេងហ្នឹងហៅដូចថាកុនខ្មែរសម័យពីដើមអត្តសញ្ញាណយើងហើយមានប្រភពតាំងពីដើមមកដូចរឿងរាមកេរិ៍្តដែលមានចម្លាក់ជាប់នឹងជញ្ជាំងប្រាសាទអង្គរវត្ត»។
លោកលើកឡើងថា បច្ចុប្បន្នល្ខោនបុរាណនេះ ត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ ព្រមបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិផងដែរ។
លោកថា៖ «ជាសិល្បៈល្ខោននិងជាចម្លាក់មួយបែបដែលមានក្បូរក្បាច់យ៉ាងល្អវិចិត្រដែលបានបង្កប់អត្តន័យយ៉ាងរស់រវើកអំពីវប្បធម៌ សិល្បៈ និងអត្តសញ្ញាណរបស់ខ្មែរ ល្ខោនស្បែក ត្រូវបានអង្គការយូណេស្គូ ដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិរបស់ជនជាតិខ្មែរ»។
លោក ញឹម សេរី រតនាលើកឡើងថា ផលលំបាកមួយរយៈពេលនេះគឺផ្នែកសេដ្ឋកិច្ចជាធំ ព្រោះអីយើងប៉ះពាល់ផ្នែកសេដ្ឋកិច្ច […] សាលាលីត ថឺផ្តើមពី ៥ ឡើងរហូត៨០នាក់ ដល់មានកូវីដទើបថយចំនួន ហើយរហូតមកដល់ក្រោយកូវីដនេះនៅសល់តែ២៨នាក់ទេ ដោយសារតែលទ្ធភាពរបស់យើងពុំអាចទៅរួច។
លោកបន្តថា៖« ផលលំបាកដោយសារកន្លែងយើងជាកន្លែងឯកជន […] ចឹងយើងរំពឹងទៅលើការលក់ដូរ ដល់ពេលមានបញ្ហាប៉ះពាល់នៅតំបន់សៀមរាបនេះ ពេលណាអត់មានភ្ញៀវទេសចរណ៍ គឺយើងមានប៉ះពាល់ជាមួយសេដ្ឋកិច្ច ដល់ពេលសេដ្ឋកិច្ចយើងទៅគឺថាចំណូលអត់មានចូល ដល់ចំណូលអត់មានចូលយើងមានតែចំណាយ អញ្ចឹងអ្វីដែលយើងចំណាយទ្រទ្រង់បានត្រឹមតែមួយឆ្នាំ»។
លោកបញ្ជាក់ថា រូបចម្លាក់ដែលធ្វើដោយស្បែកត្រូវបានយកទៅប្រើក្នុងល្ខោនស្បែកដើម្បីសម្តែងអប់រំបែបប្រពៃណីរបស់ខ្មែរ មានតាំងតែពីសតវត្សទី១មក តែហាក់មិនសូវមានច្រើនដូចចម្លាក់ថ្ម ឬចម្លាក់ឈើឡើយ។ម្យ៉ាងទៀតការប្រកបមុខរបរនេះនាំឱ្យលោកទទួលបានកិត្តិយស និងមោទកភាព។
លោកថា៖« ល្ខោនស្បែក គឺមានលក្ខណៈជាភស្តុតាងតាមប្រាសាទប្រហែលជាអាចជានៅក្នុងសតវត្សទី១ ហើយក៏យើងបន្តមកទៀតមក ដោយសារចេញលក្ខណៈរាមកេរិ៍្ត សាច់រឿងរាមកេរិ៍្ត ពីដើម គឺយើងមិនទាន់មានជាលក្ខណៈសម្លៀកបំពាក់ជារាមក្តេរិ៍ទេ តែប្រហែលជាយើងមានជាល្ខោនស្បែកតូច ល្ខោនស្បែកតូចនោះគឺយើងកាត់ជារាងស្បែកធ្វើចលនា មានមាត់មានកទៅ ដើម្បីថាសិល្បៈវាជាការអប់រំរួមគ្នានៃការកម្សាន្តតែវាជាលក្ខណៈអប់រំដូចជាល្ខោនស្បែក»។
លោកបញ្ជាក់ថា៖« ទូទាំងប្រទេសមានតែ១៦កន្លែង មិនដូចថ្មឬឈើមានរាប់រយកន្លែង អញ្ចឹងទៅខ្ញុំបានបង្កើតជាសាលារៀនហើយក៏ចាប់ផ្តើមមានកិត្តិយស ថាយើងពីមុនធ្លាប់គេមិនអោយតម្លៃ ជាក្មេងរើសអេតចាយ ជាក្មេងអត់ម៉ែឪមិនដែលមានគេយកចិត្តទុកដាក់អោយតម្លៃ នៅពេលដែលយើងក្លាយជាគ្រូបង្រៀនគេ គេសំពះយើង គេអោនលំទោន គេអោយតម្លៃយើង អញ្ចឹងក៏មានមោទកភាពមួយថា យើងសប្បាយចិត្ត »។
លោកថា ពីមុនសម្បូរតែបរទេស តែឥឡូវមានខ្មែរអោយតម្លៃខ្លះៗដែរ ដូចថាយើងចូលរួមពន្យល់អំពីការងាររបស់យើងនៅសាលារបស់យើងថាវាប៉ះពាល់ ហើយទៅគាត់ក៏លើកតម្លៃអោយ យើងក៏ស្នើសុំទៅគាត់ថាអាចចែករំលែកខ្លះមកខាងយើងជួយជាវជួយទិញ ដើម្បីយើងបានលុយហ្នឹងយកមកធ្វើជាធនធានសម្រាប់ថែរក្សារបស់ហ្នឹងបន្តទៅទៀត បើសិនយើងស្រឡាញ់ចេញតែពីបេះដូង ចេញតែពីពាក្យសម្តី យើងមិនអាចទិញបាយញុំាបានទេ អញ្ចឹងហើយការចែករំលែកហ្នឹងគឺចិត្តក៏ចង់បាន ថវិកាក៏ចង់បាន។
លោកថា៖«ឧទារហណ៍ថាគាត់ជួយទិញជួយជាវតាំងបង្ហាញទៅគេនឹងឃើញការតុបតែងបានស្អាតគេហ្នឹងជួយជាវហ្នឹងទៅ អ្នកដែលទ្រទ្រង់ផ្នែកវប្បធម៌សិល្បៈហ្នឹងក៏យើងអាចនឹងមានទឹកចិត្តបន្តទៅទៀត តែបើធ្វើរួចយកទុកចោល ធ្វើរួចស្តុកចោលហើយខាតបង់ទិញស្បែក ចំណាយពេលវេលាអត់មានគេអោយតម្លៃ អ្នកសិល្បៈករហ្នឹង នឹងត្រូវអស់ទឹកចិត្តនៅថ្ងៃណាមួយ»។
លោកថា គ្រប់រឿងទាំងអស់ ទាំងការសម្តែង ស្បែកតូច ស្បែកធំ ស្បែកពណ៌ហ្នឹងគឺអោយនិយមន័យមកគឺចង់ពន្យល់មនុស្សថា ភាវៈអាក្រក់គឺមិនដែលជោគជ័យគឺតែងតែបរាជ័យទោះបីអ្នកឈ្នះតែថ្ងៃក្រោយអ្នកគង់នឹងបរាជ័យ តែបើភាវៈល្អគឺបានន័យថាក្លិនផ្កាដែលក្រអូបគឺនៅក្រអូបរហូតហើយ ស្អុយគឺនៅតែស្អុយរហូតហើយ មិនអាចក្រអូបទៅជាស្អុយបានទេ អញ្ចឹងហើយសាច់រឿងហ្នឹងលក្ខណៈគឺដូចយើងអប់រំអញ្ចឹង សម្រាប់អោយយល់ដឹងពីតម្លៃខ្លួនឯងយល់ដឹងពីជីវិតរស់នៅអោយមានសេចក្តីថ្លៃថ្នូរ រស់របៀបមិច ធ្វើរបៀបមិចនៅក្នុងសង្គម។
លោកមានប្រសាសន៍ថា៖« ពីដើមយើងអត់មានកុនទេមានតែល្ខោនស្បែក អញ្ចឹងគាត់លេងជាល្ខោននឹងឡើងមកដើម្បីពន្យល់អប់រំប្រជាជន មនុស្សអោយរៀនធ្វើអំពើល្អ រៀនចេះស្គាល់អំពីតម្លៃខ្លួនឯងយ៉ាងណាៗ គឺយើងលើកជាសាច់រឿង ដូចជាអ្នកខ្លះគាត់លេងប្រជល់ក្របី ប្រជល់មាន់ ប្រជល់គោចឹងទៅ[…] ចង់ឈ្នះចង់ចាញ់ធម្មតា អត់មានការលោភលន់អត់មានការឈ្លោះគ្នាអញ្ចឹង ក៏យើងមានតួតាដូនចាស់ ដូចលោកមុន្នីឥសី ឬក៏សមត្ថកិច្ចណាមួយ លោកមកពន្យល់ថាកុំធ្វើទង្វើអញ្ចឹងវាមិនល្អទេ»។
លោកថា សូមឱ្យមហាជន សហគ្រាស ក្រុមហ៊ុនផ្នែកទេសចរណ៍ចូលរួមគាំទ្រ និងឱ្យតម្លៃ តាមរយៈជួយចែករំលែកក្នុងការផ្សព្វផ្សាយ ដើម្បីអោយបរទេសគាត់បានយល់អំពីសិល្បៈវប្បធម៌របស់យើងផង។
លោកថា៖« យើងអាចមានចំណូលចូលមកក្នុងប្រទេសរបស់យើងក៏ដូចជាគេជួយទិញជួយជាវសិល្បៈរបស់យើងទៅដើម្បីចែករំលែកនូវសិល្បៈហ្នឹងទៅអោយក្រៅប្រទេសគេបានស្គាល់អំពីអ្វីទៅដែលហៅថាសិល្បៈបេតិកភណ្ឌស្រុកខ្មែរយើង ដែលយើងចូលជាបេតិកភណ្ឌដែរហើយ»។
លោកថា៖ «ទី២ ចំណូលហ្នឹងអាចទ្រទ្រង់ដល់សិល្បៈករ ក៏ដូចជាជនក្រីក្រដែលគាត់ចាប់របរ មុខជំនាញខាងសិល្បៈស្បែកគ្នាបានបន្តរហូតដល់ថាមិនអាចបោះបង់ចោល បើសិនជាអត់មានទម្រង់នៃការផ្សព្វផ្សាយផ្តល់តម្លៃ។
ពេលផ្សព្វផ្សាយសិល្បៈករឬក៏អ្នកចម្លាក់មានទឹកចិត្តខំប្រឹងរៀនសូត្រ ហើយថាអ្វីដែលយើងខំប្រឹងប្រែងហ្នឹងវាមិនអាសារបង់ទេ វានឹងបន្តទៅទៀត ហើយបើអាចចូលរួមចំណែកគឺថាហ្នឹងឯង គឺថាខ្ញុំចង់អោយគាត់ជួយផ្សព្វផ្សាយអោយបានច្រើនគឺដើម្បីអោយទូលំទូលាយដូចនៅបរទេសអញ្ចឹងដែរ នៅប្រទេសជិតខាងយើងមានការផ្សព្វផ្សាយល្អ ។
ចំពោះលោក ឆប ដែលកំពុងអង្គុយដាប់រូប មានមាឌដំបង អាយុ៤០ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នរស់នៅ ភូមិឃ្មៀន សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ដោយសព្វថ្ងៃនេះលោកជាអាជីវករលក់ចម្លាក់ ស្បែកបានបញ្ជាក់ថា ចំពោះចម្លាក់ស្បែកបើទោះបីជាមានទម្រង់ក្បាច់ឬលំនាំឆ្លាក់តាមបែបរឿងព្រេងពីបុរាណក៏ពិតមែនប៉ុន្តែនៅតែអាចឆ្លាក់តម្រូវតាមចិត្តរបស់អ្នកទិញបានដូចគ្នា។
ចម្លាក់ស្បែកដែលគេនិយមហៅថាចម្លាក់ស្បែកគោជាសិល្បៈមួយដែលកើតចេញពីរបាំបុរាណល្ខោនស្បែករបស់ខ្មែរ ដែលល្ខោនស្បែកនេះដែរមាន២ទម្រង់គឺ ល្ខោនស្បែកធំ និង ល្ខោនស្បែកតូច។
លោកប្រកបមុខរបរនេះបានជាច្រើនឆ្នាំណាស់ហើយដោយលោកដើរលក់ចម្លាក់ស្បែកនេះនៅតាមប្រាសាទនានាក្នុងខេត្តសៀមរាបតែដោយសារបញ្ហាការរីករាលដាលនៃជម្ងឺឆ្លងទើបធ្វើអោយរូបលោកមិនអាចបន្តប្រកបមុខរបរនៅតាមប្រាសាទដូចកាលពីមុន។
លោកថា៖«កាលកូវីដចូលមកអត់អាចទៅលក់ណាបានទេបិទឈឹងប្រដោយគឺនៅតែផ្ទះនិយាយទៅអត់មានបានទៅលក់នៅណាទេពេលកូវីដនេះ មកដល់ឥឡូវនេះលក់បានគ្រាន់តែវាមិនដូចពីមុន»។
លោក សាន ផល្លា អគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់មកខាង Newsroom Cambodia ថាទីតាំងចម្លាក់ល្ខោនស្បែក ដែលសំខាន់ៗមានចំនួនពីរទីតាំងធំៗ គឺនៅភ្នំពេញនិងនៅខេត្តសៀមរាប។
លោកបានបញ្ជាក់បន្ថែមអំពីចក្ខុវិស័យរបស់ក្រសួងវប្បធម៌ក្នុងការអភិរក្សចម្លាក់ស្បែកថា៖«ក្រសួងជួយជ្រោមជ្រែង ការអភិរក្ស ជួយផ្ដល់ឱ្យមានការសម្ដែង ជួយអ្វីដែលក្រសួងអាចជួយទៅបានតាមរយៈការផ្ដល់ជំនួយ […] ជួយឱ្យគាត់មានការសម្ដែងញឹកញាប់ជួយឱ្យគាត់មានជាប្រាក់បៀវត្ស ជួយឱ្យគាត់មានម៉ោងបង្រៀន ជួយដល់ក្មេងៗជំនាន់ក្រោយ នេះហើយជាយន្តការដែលការពារនិងអភិរក្សចម្លាក់ស្បែក»៕