ព្រះអង្គគឺជាមនុស្សម្នាក់ ដែលចូលចិត្តការអាន ការសិក្សាស្រាវជ្រាវ ទើបអាចមានឪកាសរហូតមកដល់សព្វថ្ងៃនេះ។
ព្រះអង្គថា ការអានធ្វើឱ្យមនុស្សមានការចេះគិតពិចារណាវែងឆ្ងាយ អានធ្វើឱ្យមនុស្សមានចំណេះដឹង អានធ្វើឱ្យមនុស្សប្រកាន់ភ្ជាប់នូវក្រមសីលធម៌ខ្ពស់ និងជាមនុស្សដែលមានភាពបញ្ញវន្តក្នុងខ្លួន។
ព្រះអង្គនន់ រិទ្ធី ព្រះជន្ម២៤វស្សា ជាកូនបងក្នុងចំណោមបងប្អូន៣នាក់ បានរៀបរាប់ថា បានចូលមកសាងផ្នួសសិក្សារៀនសូត្រ ពីផ្លូវលោកផ្លូវធម៌ ក៏មានឪកាសចូលរួម សកម្មភាពសង្គម ធ្វើការស្ម័គ្រចិត្ត អប់រំយុវជនតាមបណ្ដាខេត្ត ផ្សប់ផ្សាយពុទ្ធសាសនា និងការអប់រំសីលធម៌សង្គម។
ព្រះភិក្ខុ រិទ្ធី នៅភូមិស្វាយអង្គ ឃុំស្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ព្រះអង្គជានិស្សិតកំពុងបញ្ចប់ ថ្នាក់បរិញ្ញាបត្រ ទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ។ បច្ចុប្បន្ន គង់នៅវត្តថាន់ រាជធានីភ្នំពេញ និងជាគ្រូបង្រៀន ថ្នាក់បណ្ដុះគុណធម៌ និងមគ្គទេសក៍ នៅសាលាបញ្ញាសាស្ដ្រអន្តរជាតិ។ ទន្ទឹមនេះ ព្រះអង្គគឺជា អតីតគ្រូបង្វឹកឆ្នើម នៅកម្មវិធី ជជែកដេញដោល យុវជនថ្នាក់ជាតិ នៅក្រសួងអប់រំ យុវជន និងកីឡា។
ព្រះអង្គបន្តថា «ក្នុងនាមជានិស្សិតបញ្ចប់មុខជំនាញ ទំនាក់ទំនងអន្តរជាតិ និងជាគ្រូបង្រៀនវិទ្យាល័យម្នាក់ គឺមិនអាចខានបានទេ ចំពោះការសិក្សាស្រាវជ្រាវ ដូចជាការផ្ដោតទៅលើការអាន កាលណាបើយើងអត់មានការអានទេ គឺពិបាកនៅក្នុងការរលាស់ខ្លួន ពីភាពអវិជ្ជា ពិបាកនៅក្នុងការបញ្ចប់មុខជំនាញ ពីព្រោះមុខជំនាញនិងត្រូវការអាន ស្រាវជ្រាវច្រើន ជាគ្រូបង្រៀនក៏ត្រូវការអាន ស្រាវជ្រាវច្រើន បើអត់ចេះ បើអត់អាន អត់ដឹង ក៏អត់អាចទៅបង្រៀនសិស្សបានដែរ»។
ព្រះអង្គបន្ថែមថា៖ «ខ្ញុំករុណាគិតថា សៀវភៅមានសារ:សំខាន់ណាស់ ជាពិសេសការអាន រិតតែមានសារ:សំខាន់ដល់ថ្នាក់ ជីវិតប្រសិនជាអត់មានការអាន គឺអត់មានអត្ថន័យទាល់តែសោះ ព្រោះមនុស្សម្នាក់ៗ កើតមកពីភាពងងឹត កើតមកជាមនុស្សជាតិនេះ ដើម្បីឱ្យមានភាពភ្លឺស្វាង មើលពិភពលោកនេះក្នុងភាពវិជ្ជមាន ទាមទាឱ្យមានការអាន សិក្សាស្រាវជ្រាវ ហើយការអាននេះ ជាពន្លឺនៃបញ្ញា ជាផ្នែកមួយនៃពុទ្ធិរបស់មនុស្ស តាមរយ:ការអាន និងស្រាវជ្រាវ»
ព្រះអង្គបន្តថា «ប្រាកដណាស់ បណ្ណាល័យជាឃ្លាំង សម្រាប់ផ្ទុកទិន្នន័យ ផ្ទុកនូវការអប់រំ ចំណេះដឹង ក៏ដូជាខួរក្បាលរបស់បញ្ញវន្ត អាចនិយាយបានថា បណ្ណាល័យគឺជាឃ្លាំងនៃចំណេះដឹង ហើយបណ្ណាល័យនេះ គឺជាកន្លែងសម្រាប់ស្រាវជ្រាវដ៏សំខាន់ណាស់សម្រាប់យុវជន យុវជនដែលអាចមានការសិក្សារៀនសូត្រ គឺចេញពីបណ្ណាល័យ»។
ព្រះអង្គលើកឡើងថា៖ បណ្ណាល័យនេះ ខ្ញុំករុណាមិនចង់សំដៅទៅលើ បណ្ណាល័យ ដែលយើងធ្វើតែនៅតាមកន្លែងទើបហៅថាបណ្ណាល័យទេ ប៉ុន្តែកន្លែងដែលមានការអាន មិនថាតៀមការហ្វេ ឬម្លប់ឈើ ឱ្យតែបរិយាកាសល្អដល់ការអាន យើងអាចឱ្យនិយមន័យថា ជាបណ្ណាល័យ កន្លែងដែលមានបរិយាកាសបែបនោះ គឺជាកន្លែងផ្ដល់នូវធនធានដ៏សំខាន់ណាស់សម្រាប់យុវជន បើយុវជនគ្រប់រូបចាប់កាន់សៀវភៅមកអាន ចាត់ទុកសៀវភៅគឺជាទិន្នន័យដ៏សំខាន់ដែលត្រូវបញ្ចូលនូវក្នុងខួរក្បាលរបស់ពួកគេ»។
ព្រះអង្គបញ្ជាក់ថា៖ តាមការសង្កេតមើល ប្រជាជនខ្មែរមិនមែនពួកគាត់មិនចូលចិត្តអានសៀវភៅទេ មួយរយ:ក្រោយនេះ ឃើញពួកគាត់មានការចាប់អារម្មណ៍អានសៀវភៅច្រើន យុវជនមានការស្រឡាញ់សៀវភៅច្រើនជាងមុន យុវជនចាប់ផ្ដើមអានច្រើជាងមុន យុវជនឱ្យតម្លៃគឺច្រើនជាងមុន ប៉ុន្តែបើធៀបទៅនិងកន្លងមក បើយើងធៀបទៅនិងយុវជន ប្រជាជនខ្មែរទៅនិងជនជាតិបរទេស ដូចជាប៉ែកអឺរ៉ុប យើងនៅមានកម្រិត ព្រោះប្រទេសគេចូលចិត្តអានច្រើនជាងយើងបានគេរីកចម្រើ ជឿនលឿនមុនយើង ដូចជាបច្ចុប្បន្ននេះជាដើម។
ព្រះអង្គថា៖ មូលហេតុដែលសំខាន់យើងអាចមើលឃើញថា ហេតុអ្វីបានជាពួកគាត់មិនសូវចូលចិត្តអានសៀវភៅ? បញ្ហាទី១ មកពីគាត់មិនយល់អំពីតម្លៃនៃការអាន រឿងទី២ មកពីកត្តាជះឥទ្ធីពលទៅដល់ពួកគាត់ កត្តាសេពគប់មិត្តភ័ក្រ ក៏ដូចជាបរិយាកាសសង្គម បានជះឥទ្ធិពលឱ្យគាត់ធ្វើជាមនុស្សដែលមិនសូវចូលចិត្តអាន ដោយសារតែគាត់ចូលចិត្តដើជាមួយមនុស្ស ដែលមិនចូលចិត្តអាន បរិយាកាសសង្គមរបស់គាត់ ជាបរិយាកាសដែល មិនផ្ដល់អំណោយទានទៅដល់ការអាន ឱ្យតម្លែទៅលើការអាន ហើយមូលហេតុមួយទៀត ដោយសារតែគាត់ជាមនុស្សដែលពុំទាន់ឈោងចាប់យកឪកាសនូវក្នុងការអាន និងមានភាពស៊ីជម្រៅ មានន័យថាអាចកត្តាមកពី លត្ថភាពពួកគាត់ ជាកូនដែលមកពីជនបទ ខ្វះខាត មិនមែនជាបរិយាកាសនៃការអប់រំ ខ្វះនូវការអប់រំ និងមិនសូវមានឪកាសនៅក្នុងការចូលសាលា និងក៏ជះឥទ្ធិពលមួយធ្វើឱ្យគាត់បាត់បង់ឪកាសនូវក្នុងការអានដែរ។
ព្រះអង្គលើកឡើងថា៖ ប្រាកដណាស់ យុវជនមិនមែនត្រឹមតែគួរអានសៀវភៅទេ គឺត្រូវតែអានសៀវភៅតែម្ដង ព្រោះយុវជនគឺជាកម្លាំងចលការសំខាន់ណាស់ នៅក្នុងការចូលរួមអភិវឌ្ឍន៏សង្គម យុវជនគឺជាសរសរទ្រូងរបស់ប្រទេសជាតិ បើយុវជនចោលម្សៀត មិនអានសៀវភៅ មិនចាប់កាន់សៀវភៅយកមកអាន តើឱ្យជាតិទៅពឹងអ្វី។
ព្រះអង្គបន្ថែមថា៖ «មានកត្តាជាច្រើន អាចជម្រុញឱ្យពលរដ្ឋខ្មែរ ឬយុវជនចាប់អារម្មន៍ងាកមករកការអាន ទីមួយគឺយើងផ្ដល់តម្លៃទៅលើសៀវភៅ មានន័យថាធ្វើឱ្យគាត់មើលឃើញពីសៀវភៅមួយក្បាលមានតម្លៃស្មើនិងអាយុជីវិត ឬមានតម្លៃស្មើនិងខួរក្បាលរបស់គាត់មួយ ទើបពួគគាត់អាចចាប់កាន់សៀវភៅយកមកអាន យល់ថាការអានមានតម្លៃសម្រាប់គាត់ ទីពីរយើងត្រូវលើកកម្ពស់ការអាននៅកម្ពុជា សព្វថ្ងៃឃើញមានធ្វើច្រើន ដូចជាការតាំងពិព័ណ៌សៀវភៅ និងបុកហ្វែរប្រម៉ូតលើកឡើងពី អត្ថប្រយោជន៍នៃការអាន តាមរយ:អ្នកនិពន្ធ[…]ការអានមានន័យថា ប៉ាជ្រាបកត្តាយល់ដឹងទាក់ទងទៅនិងគុណតម្លៃនៃការអានសៀវភៅ តាំងពីសាលារៀន តាំងពីថ្នាក់តូចៗ ឱ្យគាត់ចាប់អារម្មណ៍នូវក្នុងការអានសៀវភៅ[…]កត្តាមួយទៀតផ្ដើមចេញពីខ្លួនយើង មានតែយើងធ្វើជាគំរូសម្រាប់យុវជន និងសង្គមទាំងមូល ដោយទៅណាមកណាយើងកាន់សៀវភៅតាមខ្លួនជានិច្ច មិនភ្លេចបណ្ណាល័យ ឬទៅដល់ណាក៏មិនភ្លេចការអានសៀវភៅ និងស្រាវជ្រាវទេ»។
ព្រះអង្គសំណូមពរថា៖ ខ្ញុំករុណាសូមឱ្យយុវជន និងពលរដ្ឋខ្មែរគ្រប់រូប សូមងាកមកឱ្យតម្លៃទៅលើការអាន មើលសៀវភៅជាជាងអង្គុយមើលហ្វេសប៊ុក ឬក៏ទូរស័ព្ទ ទើបយើងអាចបណ្ដុះភាពខ្លាំង ក្នុងនាមយើងជាយុវជន បានធ្វើឱ្យសង្គមយើងខ្លាំង សង្គមមួយដែលខ្លាំង គឺជាសង្គមដែលពោរពេញទៅដោយការអាន សង្គមមួយដែលខ្លាំង គឺជាសង្គមដែលពោរពេញទៅដោយសកត្ដានុពលយុវជន យុវជនដែលខ្លាំង គឺជាយុវជនដែលកើតចេញពីយុវជននូវការអាន ការអានដែលខ្លាំង គឺជាការអាននូវសៀវភៅការអានខួរក្បាលរបស់អ្នកប្រាជ្ញ។ ឈើខ្លឹមផ្ទះមាំ យុវជនខ្លឹម គឺជាយុវជនដែលខ្លាំងនូវក្នុងការអាន៕