លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យតារាចម្រៀង មាស សុខសោភា លុបបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ចេញពីបណ្តាញសង្គម ដើម្បីជៀសវាងបង្កឱ្យមានការភាន់ច្រឡំចំពោះប្រវត្តិសាស្ត្រខ្មែរ។

តាមរយៈបណ្តាញតេលេក្រាមនៅយប់ថ្ងៃទី០៤ ខែមិថុនា លោកហ៊ុន សែន បានចេញសារជាសំឡេងថា បទចម្រៀងនេះធ្វើឱ្យមានការភាន់ច្រឡំដ៏ធំនូវប្រវត្តិសាស្រ្តរបស់ជាតិ ដែលនៅក្នុងប្រទេសរបស់យើងមានតែព្រះបាទ ជ័យវរ្ម័នទី៧ តែមួយគត់ដែលត្រូវយើងគោរព និងលើកតម្កើងយ៉ាងខ្ពស់។
លោកនាយករដ្ឋមន្ត្រី៖ «ពូស្នើសុំដោយទទូចចំពោះក្មួយស្រីដកចេញជាបន្ទាន់អំពីហ៊្វេសបុក ជាមួយនឹងការបង្ហោះនូវបទចម្រៀងនេះ ដែលនេះពិតជាធ្វើឱ្យមានការភាន់ច្រឡំដ៏ធំនូវប្រវត្តិសាស្រ្តរបស់ជាតិ»។

បទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ច្រៀងដោយអ្នកនាងមាស សុខសោភា ហើយបានបង្ហោះក្នុងទំព័រហ៊្វេសបុក Meas Soksophea កាលពីថ្ងៃទី០៣ ខែមិថុនា។

ទាក់ទងនឹងបញ្ហានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានបង្ហោះកាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា នៅលើទំព័រហ៊្វេសបុករបស់ខ្លួនឱ្យអ្នកនាង មាស សុខសោភា និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀងនេះចេញពីបណ្តាញសង្គមទាំងអស់ដោយបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យរវ្ម័នទី៧នៅឡើយទេ។

ក្រោយពីការស្នើរបស់លោកនាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី០៤ ខែមិថុនា ដដែលនោះ អ្នកនាង មាស សុខសោភា ដែលជាម្ចាស់បទចម្រៀងផ្ទាល់ក៏បានបង្ហោះសូមទោស លោកនាយករដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ផងដែរចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧។

ដែលមានខ្លឹមសារដើម៖ «នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៊ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើឱ្យមានកំហុសឆ្គងកើតមានឡើងដោយអចេតនា»។

គិតត្រឹមថ្ងៃទី០៥ ខែមិថុនា បទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ត្រូវបានលុបចេញេពីទំព័រហ៊្វេសបុក និងឆាណែលយូធូបរបស់អ្នកនាង មាស សុខសោភា ហើយ៕