សមាគមធនាគារនៅកម្ពុជាបានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន ព្រោះមានការកើនឡើងនូវសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ( SMS Phishing ) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត ( Fraudulent Link )។

សេចក្តីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា សមាគមធនាគារនៅកម្ពុជាបានណែនាំ កុំឱ្យចុចបើក​ឬបំពេញព័ត៌មានផ្ទាល់ខ្លួនដូចជា លេខទូរស័ព្ទ​ លេខគណនី លេខកូដសម្ងាត់ទិន្នន័យផ្ទាល់ខ្លួន នៅពេលដែលទទួលបានតំណភ្ជាប់ ( Link ) ដែលមានការសង្ស័យ។ បើសិនជាអ្នកបានចុចបើក ឬបំពេញព័ត៌មានលើតំណភ្ចាប់ដែលមានការសង្ស័យ សូមធ្វើការទាក់ទងជាបន្ទាន់ទៅកាន់ធនាគារដែលអ្នកប្រើប្រាស់សេវា។

ជនបន្លំបោកប្រាស់អាចចូលទៅបញ្ជាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់អ្នកបាន ប្រសិនបើអ្នកមិនបាន ការពារលេខ PIN ឬលេខកូដសម្ងាត់របស់អ្នកឱ្យបានល្អទេនោះ ទោះបីជាអ្នកមានវិធានសន្តិសុខរឹង មាំក្នុងការការពារយ៉ាងណាក៏ដោយ។នេះបើតាមសេចក្តីជូនដំណឹងខាងលើ។

សមាគមធនាគារបានលើកទឹកចិត្ត​ឱ្យប្រជាពលរដ្ឋសាកសួរព័ត៌មានជាមួយគ្រឹះស្ថាន ធនាគា ដែលពួកគេបាននឹងកំពុងប្រើប្រាស់សេវាទាក់ទងនឹងគន្លឹះខ្លីៗពីរបៀបដែលអាចរក្សាគណនី របស់ពួកគេឱ្យមានសុវត្ថិភាព និងសូមឱ្យប្រជាពលរដ្ឋចែករំលែកសេចក្តីជូនដំណឹងខាងលើទៅកាន់គ្រួសារ និងមិត្តភ័ក្តិផងដែរ៕